website_news:2017270702

សង្គមស៊ីវិលសាទរវិធានការកាត់បន្ថយការចំណាយធ្វើលិខិតឆ្លងដែនថ្មីសម្រាប់ពលករខ្មែរនៅម៉ាឡេស៊ី

http://www.rfa.org/khmer/news/ ដោយ ហេង សាកល 2017-07-26

អង្គការសង្គមស៊ីវិលសាទរ ក្រសួងការបរទេសចំពោះវិធានការកាត់បន្ថយការចំណាយធ្វើលិខិតឆ្លងដែនថ្មីសម្រាប់ពលករខ្មែរនៅម៉ាឡេស៊ី ប៉ុន្តែស្នើក្រសួងឱ្យបង្កើតគណៈកម្មការចម្រុះមួយ ដោយមានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិលដើម្បីការពារសិទ្ធិសេរីភាពពលករនៅបរទេស ហើយរដ្ឋាភិបាលគួរបង្ការការរំលោភបំពានជាជាងដោះស្រាយក្រោយការរំលោភបំពានបានកើតឡើងហើយ។

មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា វាជាវិធានការល្អមួយ ប្រសិនបើក្រសួងអាចធ្វើទៅបាន៖ «យើងក៏មានការព្រួយបារម្ភផងដែរ ប្រសិនបើការអនុវត្តវិធានការនេះអត់មានប្រសិទ្ធភាព ព្រោះកន្លងមកយើងឃើញហូរហែអ៊ីចឹងដែរ តែវាដូចជាមិនសូវមានប្រសិទ្ធភាព»។

ក្រសួងការបរទេស កាលពីដើមខែកក្កដា ឱ្យដឹងថា ក្រសួងកំពុងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធផ្សេងៗ សំដៅស្វែងរកវិធីសមស្របជួយកាត់បន្ថយការចំណាយរបស់ពលករសម្រាប់ការធ្វើលិខិតឆ្លងដែនថ្មី ក្រោយពីមានព័ត៌មានថា ពលករខ្មែរមួយចំនួនដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវធ្វើលិខិតឆ្លងដែនថ្មីដោយចំណាយថវិកាយ៉ាងច្រើន នៅពេលលិខិតឆ្លងដែនចាស់អស់សុពលភាព ហើយមិនអាចពន្យារតទៅទៀតបាន។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី កាលពីពាក់កណ្ដាល ខែកក្កដា មានប្រសាសន៍ថា ក្រសួងកំពុងពិភាក្សាគ្នាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗជុំវិញករណីនេះ៖ «កំពុងតែធ្វើការពិភាក្សាគ្នាដើម្បីស្វែងរកវិធីធ្វើយ៉ាងម៉េចកាត់បន្ថយទៅលើអ្នករត់ការកណ្ដាល»។

ទន្ទឹមនឹងការគាំទ្រនេះ សង្គមស៊ីវិលស្នើឱ្យក្រសួងត្រូវផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលាយជាលក្ខណៈប្រព័ន្ធទៅតាមបណ្ដាញសង្គម ទូរទស្សន៍ វិទ្យុ ក្រសួងការងារ និងតាមគេហទំព័រក្រសួងការបរទេសជាដើម ព្រោះពលករខ្លះនៅប្រទេសម៉ាឡេស៊ី ធ្វើការនៅខេត្តឆ្ងាយដែលពិបាកនឹងទទួលបានព័ត៌មាននេះ។ លោក ឌី ថេហូយ៉ា ស្នើថា ក្រសួងត្រូវតាមដានការអនុវត្តនេះឱ្យច្បាស់លាស់ ជៀសវាងមានការអនុវត្តណាមួយផ្ទុយពីគោលការណ៍របស់ក្រសួង។ លោកបន្តថា ដើម្បីបង្កភាពងាយស្រួលដល់ពលករ ក្រសួងត្រូវរៀបចំឃ្លិបវីដេអូខ្លីៗ រៀបរាប់អំពីនីតិវិធី នៃការធ្វើលិខិតឆ្លងដែន ដូចជា កំណត់រយៈពេលសេវាកម្ម កំណត់សោហ៊ុយចំណាយឱ្យច្បាស់លាស់ ដើម្បីឱ្យពលករនៅម៉ាឡេស៊ី ឬពលករដែលមានបំណងត្រៀមទៅធ្វើការនៅប្រទេសនោះបានដឹង៖ «ដូចជារូប Carton អ៊ីចឹងទៅ ដូចថៃ គេធ្វើអ៊ីចឹង គេមាន Proceed គេ step ទី១ គេត្រូវត្រៀមស្អី ជំហានទី២ គេត្រូវត្រៀមស្អី អានីតិវិធីនឹងគេធ្វើងាយៗ អ្នកណាក៏មើលយល់ដែរ អត់ចេះអក្សរក៏អាចមើលដឹងងាយយល់អ៊ីចឹងដែរ»។

លោក ឌី ថេហូយ៉ា លើកឡើងថា ដើម្បីបង្កភាពងាយស្រួលដល់ពលករ ក្រសួងត្រូវបង្កើតប្រព័ន្ធទូរស័ព្ទបន្ទាន់ (Hotline) ដែលអាចឱ្យពលករទាក់ទងរាយការណ៍ពីបញ្ហាប្រឈមនានាៗ រួមមានការំលោភបំពានផ្សេងៗពីសំណាក់ថៅកែ ឬជនបរទេស ការទាមទារសំណង ឬប្រាក់បៀវត្សផ្សេងៗ ឬមានគ្រោះថ្នាក់ផ្សេងៗជាដើម។

តបនឹងការលើកឡើងនេះ លោក ជុំ សុន្ទរី មានប្រសាសន៍ថា ក្រសួងមិនទទួលធ្វើលិខិតឆ្លងដែនធម្មតារបស់ពលករ-ពលការិនីនោះទេ៖ «បាទ! ដូច្នេះបញ្ហានេះវាមិនពាក់ព័ន្ធជាមួយក្រសួងការបរទេសទេ ក្រសួងការបរទេស គឺទទួលខុសត្រូវចេញលិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ»។ ចំណែកប្រព័ន្ធទូរស័ព្ទបន្ទាន់វិញ ក្រសួងបានបង្កើតឡើងជាយូរមកហើយ៖ «ក្រសួងការបរទេសខាងខ្ញុំក៏បានធ្វើប្រកាសផ្សាយដែរពីរឿងបញ្ហាទូរស័ព្ទលេខ Hotline ក្នុងករណីមានការអី មានបញ្ហាអី ឱ្យទាក់ទងតាមទូរស័ព្ទ Hotline ហ្នឹង ហើយកន្លងមកមានករណីជាច្រើនដែលស្ថានទូតបានដោះស្រាយដោយសារទទួលព័ត៌មានតាម Hotline នេះបាទ នៅក្នុង Website របស់ស្ថានទូត គឺអាចឃើញហើយមានគេបានប្រាប់ហើយលេខ Hotline»។

លោក ឌី ថេហូយ៉ា ស្នើឱ្យក្រសួងបង្កើតគណៈកម្មការចម្រុះមួយ ដោយមានការចូលរួមពីក្រុមសង្គមស៊ីវិល សហការជាមួយក្រសួងការបរទេស ក្រសួងការងារ និងក្រសួងមហាផ្ទៃ ដើម្បីជួយគាំទ្រពលករខ្មែរនៅបរទេស។ គណៈកម្មការនេះដើរតួនាទីការពារសិទ្ធិសេរីភាពពលករ តាមដានការអនុវត្តលក្ខខណ្ឌការងាររវាងពលករ និងថៅកែ ដោយសារកន្លងមកថៅកែបានប្រើហិង្សាទៅលើពលករ ហើយពលករខ្លះទៀត ត្រូវបានថៅកែកេងចំណេញម៉ោងការងារធ្វើការលើសពី ៨ម៉ោង ក្នុង១ថ្ងៃ និងថៅកែមិនបើកប្រាក់ប្រចាំខែឱ្យ។ ពលករខ្លះទៀត ត្រូវបានថៅកែបិទសិទ្ធិសេរីភាពដកហូតលិខិតឆ្លងដែនទុក និងមិនឱ្យប្រើប្រាស់ទូរស័ព្ទទាក់ទងជាមួយក្រុមគ្រួសារ ឬទាក់ទងទៅអាជ្ញាធរកម្ពុជា ក្នុងករណីចាំបាច់ជាដើម។ បន្ថែមពីនេះ គណៈកម្មការត្រូវត្រួតពិនិត្យក្រុមហ៊ុនដែលទទួលសិទ្ធិពីរដ្ឋាភិបាលថា តើក្រុមហ៊ុនទាំងនោះអនុវត្តតាមគោលការណ៍របស់ក្រសួង ឬរដ្ឋាភិបាលដែរ ឬទេ?

លោក ឌី ថេហូយ៉ា មានប្រសាសន៍បន្តថា គណៈកម្មការត្រូវរៀបចំប្រព័ន្ធទិន្នន័យមួយ ដោយបញ្ចូលឈ្មោះ និងចំនួនពលករ អាយុ កាលបរិច្ឆេទចេញដំណើរទៅធ្វើការទីតាំងពលករធ្វើការស្នាក់នៅកុងត្រាការងារ រួមទាំងរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីៗបង្រៀនពលករទាំងនោះឱ្យយល់ដឹងពីភាសា វប្បធម៌ និងជំនាញខ្លះដើម្បីអាចប្រើប្រាស់បានមុននឹងបញ្ជូនចេញទៅក្រៅប្រទេស៖ «ព្រោះបើកាលណាយើងអត់ឆ្លងកាត់អាហ្នឹងទេ បញ្ហាកន្លងមកស្ត្រីដែលត្រូវបានគេធ្វើបាបខ្លាំងបំផុតហ្នឹង គឺមូលហេតុតែមួយគត់គាត់អត់ចេះភាសាទេ ទី២ គឺថាគាត់អត់យល់ពីរបៀបរបបការរស់នៅរបស់គេ ទី៣ អាជំនាញការងារដែលគាត់ត្រូវទៅបម្រើគេ គាត់មិនចេះ គេគ្រាន់ប្រើឱ្យទៅលើកទឹក គាត់ទៅលើកអ៊ីផ្សេងអ៊ីចឹងទៅ»។

ក្រសួងការបរទេសឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទូតបានអន្តរាគមន៍ដោះស្រាយបញ្ហាជូនពលរដ្ឋ និងពលករ-ពលការិនីខ្មែរចំនួន ១០ ប្រទេស។ ក្នុងចំណោមប្រទេសទាំង ១០ នោះ ប្រទេសថៃ បានអន្តរាគមន៍រៀបចំមាតុភូមិនិវត្តន៍ពលករចាញ់បោកមេខ្យល់នាំទៅធ្វើការខុសច្បាប់ចំនួន ១៧៨នាក់ ពលករឆ្លងដែនខុសច្បាប់ចំនួន ៤៤៥នាក់ និងពលករធ្វើការខុសច្បាប់ដោយខ្លួនឯងចំនួន ១.០០០ ទៅ ១.២០០នាក់ មួយសប្ដាហ៍។

ការជួយសង្គ្រោះសំខាន់ៗរួមមាន ប្រទេសវៀតណាម បានអន្តរាគមន៍រៀបចំមាតុភូមិនិវត្តន៍ពលករចំនួន ៦៨នាក់ ក្នុងនោះ ៥៩នាក់រស់នៅ និងធ្វើការខុសច្បាប់ ៦នាក់ ជានារីរងគ្រោះដោយការជួញដូរមនុស្ស និងប្រទេសចិន បានអន្តរាគមន៍រៀបចំមាតុភូមិនិវត្តន៍ពលករខ្មែរ ២២នាក់ ក្នុងនោះ ១៥នាក់ជាស្ត្រីដែលត្រូវមេខ្យល់បោកបញ្ឆោតនាំរៀបការខុសច្បាប់ជាមួយបុរសចិន ៤នាក់ រស់នៅមិនចុះសម្រុងជាមួយប្តីជនជាតិខ្មែរ ២នាក់ ឆ្លងដែនខុសច្បាប់ និងម្នាក់មានទិដ្ឋាការហួសសុពលភាព។

បើទោះបីជាមានការជួយសង្គ្រោះ អន្តរាគមន៍រៀបចំមាតុភូមិនិវត្តន៍យ៉ាងណាក្តី ប៉ុន្តែសង្គមស៊ីវិលថា នៅតែជាបញ្ហាប្រឈមនៅឡើយ។ សង្គមស៊ីវិលចង់ឱ្យក្រសួងយកចិត្តទុកដាក់ជួយបង្ការធ្វើយ៉ាងណាកុំឱ្យមានការចំណាកស្រុកទៅធ្វើការខុសច្បាប់តទៅទៀត។ ប្រធានមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ប្រសិនបើយើងក្រឡេកមើលតួលេខរបស់ក្រសួងការបរទេសបង្ហាញនេះ វាជាភស្តុតាងមួយបញ្ជាក់យ៉ាងច្បាស់ថា បញ្ហារបស់ពលករខ្មែរយើងនៅក្រៅប្រទេសកំពុងតែមានបញ្ហានៅឡើយ។ លោកបន្តថា វិធានការរបស់ក្រសួងអត់មានប្រសិទ្ធភាពក្នុងការកាត់បន្ថយនៅបញ្ហាទេ។ លោក មឿន តុលា បន្តថា រដ្ឋាភិបាលគួរការពារបង្ការជាជាងព្យាបាល៕

website_news/2017270702.txt · Last modified: 2017/07/27 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki