website_news:2017270706

សំណុំរឿងក្រុមហ៊ុនឆបោកពលករនេសាទ ត្រូវបង្វិលមកឧទ្ធរណ៍

http://www.phnompenh-post-news.html Thu, 27 July 2017 គឹម សារុំ

ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានចេញដីកាបង្គាប់ឲ្យសាលាឧទ្ធរណ៍ជម្រះឡើងវិញនូវសំណុំរឿងក្រុមហ៊ុន Giant Ocean International Fishery ដែលបោកពលករនេសាទខ្មែរមិនឲ្យប្រាក់រយៈ ២៣ ខែ បន្ទាប់ពីបើកសវនាការកាលពីថ្ងៃទី ១៩ កក្កដា។ ការបង្វិលវិញនេះផ្ដោតនៅត្រង់សំណងរដ្ឋប្បវេណី និងការទទួលខុសត្រូវរបស់ជនជាប់ចោទខណៈមានអ្នកប្ដឹងជាង ២០០ នាក់ក្នុងចំណោមពលករនេសាទត្រីផ្សេងទៀតនៅអាហ្វ្រិកខាងត្បូង ។

លោកស្រីចៅក្រម គឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានសាលដីកាថាសំណុំរឿងដែលមានស្ត្រីជាប់ចោទឈ្មោះ LINLICHEN ហៅ LINYUHSIN អាយុ ៥២ ឆ្នាំជាចិនតៃវ៉ាន់។ បើតាមលោកស្រីចៅក្រមក្រោយពីបានពិភាក្សាដេញដោលតុលាការកំពូលយល់ឃើញថាការដែលសាលាឧទ្ធរណ៍តម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោមគឺមិនត្រឹមត្រូវទេ។ ថ្វីដ្បិតតែក្រុមហ៊ុនខាងលើបើកដំណើរការយូរឆ្នាំពិតមែនតែជនជាប់ចោទប្រព្រឹត្តខុសគោលដៅ។ លោកស្រីចៅក្រមបានបន្តថា៖ «រឿងនេះជនជាប់ចោទមិនអាចថាមិនដឹងបានទេ បើទោះជាឈ្មោះជនជាប់ចោទគ្មានក្នុងក្រុមហ៊ុនក្តី តែមិនត្រូវតាមបញ្ញត្តិមាត្រា ៤២ នៃក្រមព្រហ្មទណ្ឌទេ។ ដូច្នេះត្រូវបង្វិលសំណុំរឿងនេះទៅឧទ្ធរណ៍ជម្រះឡើងវិញព្រោះការសម្រេចមិនត្រឹមត្រូវតាមច្បាប់។ ម្យ៉ាងការដោះស្រាយសំណងរដ្ឋប្បវេណីនៅមិនទាន់ដាច់ស្រេចនៅឡើយ»។

អ្នកស្រីមេធាវី គា សុផល ដែលការពារសិទ្ធិឲ្យពលករក្នុងបណ្តឹង ២១៥ នាក់ និងមានអ្នកស្រី យឹមថាវី ជាមេធាវីម្នាក់ដែរនោះបានប្រាប់ថាពាក្យបណ្តឹងមាន ២១៥ នាក់មែន តែនៅមានច្រើនជាងនេះព្រោះអ្នកចាញ់បោកក្រុមហ៊ុនមិនមែនមានតែខេត្តកំពង់ឆ្នាំងទេ។ អ្នកស្រីបញ្ជាក់ថា៖ «កាលពីនៅតុលាការថ្នាក់ក្រោមបង្គាប់ឲ្យសងសំណងមិនស្មើគ្នាដោយជនរងគ្រោះខ្លះត្រូវទទួលបាន ២ ពាន់ដុល្លារ ខ្លះបាន ៣ ពាន់ដុល្លារ និងមានដល់ ៥ ពាន់ដុល្លារ (ប្រាក់ខែ)។ ឯសំណងជំងឺចិត្តមានពី ៣ លានទៅ ៤ លានរៀល។ បើឧទ្ធរណ៍ជម្រះឡើងវិញក៏ត្រូវនិយាយពីប្រាក់ដែលក្រុមហ៊ុនតម្កល់នៅក្រសួងការងារ ១០ ម៉ឺនដុល្លារដែរ ព្រោះសំខាន់ »។

កាលពីជំនុំជម្រះលោក ថេរបូរ៉ា ភេទប្រុសអាយុ ៣៤ ឆ្នាំជាជនរងគ្រោះម្នាក់ក្នុងចំណោម ២៣ ដែលចូលរួមក្នុងសវនាការនៅតុលាការកំពូលថ្លែងថាពួកគាត់ខ្លះត្រូវបានជួយរំដោះពីស្ថានទូតនៅប្រទេសហ្វីជីក្នុងអំឡុងខែមិថុនា ឆ្នាំ ២០១០ ដែលមានថៅកែស្រីឈ្មោះ LINLICHEN ហៅ LINYUHSIN ដោយក្រុមហ៊ុនឲ្យពួកគាត់ចុះកិច្ចសន្យាបើកប្រាក់ក្នុង ១ ខែ ១៥០ លុះធ្វើការបាន ២ ឆ្នាំត្រូវបានប្រាក់ខែ ៣៥០ ដុល្លារ។ លោកបន្តថាខាងក្រុមហ៊ុនបានធ្វើសៀវភៅកុងធនាគារអេស៊ីលីដាឲ្យដោយប្រាប់ថាទុកឲ្យក្រុមគ្រួសារនៅកម្ពុជាជាអ្នកបើកលុយ។ ចំណែកពួកគាត់ត្រូវខាងក្រុមហ៊ុនធ្វើលិខិតឆ្លងដែនឲ្យហើយបានបង្រៀនពីរបៀបនេសាទត្រី ១ ខែទើបបញ្ជូនទៅប្រទេសកូរ៉េខាងត្បូង។ បូរ៉ា បន្តទៀតថាពួកគាត់ត្រូវគេឲ្យរស់នៅក្នុងកប៉ាល់នេសាទត្រីបាន ១ ខែ ក៏សុំថៅកែបើកប្រាក់ខែ តែថៅកែថាគេមិនដឹងទេ ព្រោះគេឲ្យលុយទៅថៅកែស្រីនោះអស់ហើយដោយគិតរយៈពេល ៣ ឆ្នាំឯណោះ។

ចំពោះកប៉ាល់នេសាទនោះ ១ ឆ្នាំកន្លះទៅ ២ ឆ្នាំ ទើបឡើងគោកម្តង ដូច្នេះលុះពេលឡើងគោកក៏មានជនជាតិឥណ្ឌូនេស៊ី និងជនជាតិហ្វីលីពីនដែលធ្វើការជាមួយគ្នាបានរាយការណ៍ប្រាប់ស្ថាតទូតនៅប្រទេសហ្វីជីទើបទូតទៅរំដោះបាន និងទាមទារឲ្យថៅកែចិននៅលើកប៉ាល់នោះផ្តល់លិខិតឆ្លងដែនឲ្យវិញហើយក្រោយស្ថានទូតរត់ការបានកន្លះខែទើបបញ្ជូនពួកគាត់មកកម្ពុជានៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១២ ហើយក៏ដាក់ពាក្យប្ដឹង។

រឿងនេះសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសស្ត្រីឈ្មោះ LINLICHEN រួមគូកន ៥ នាក់ទៀតកាលពីចុងខែមេសាឆ្នាំ ២០១៤ ដាក់គុកម្នាក់ៗ ១០ ឆ្នាំ និងបង្គាប់ឲ្យចាប់ខ្លួនមនុស្ស ៥ នាក់នេះ។ ប៉ុន្តែស្ត្រីនោះត្រូវបានបញ្ជូនទៅឃុំនៅខេត្តសៀមរាបហើយបានប្តឹងឧទ្ធរណ៍ តែត្រូវឧទ្ធរណ៍តម្កល់ទោសដដែលកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៥៕

website_news/2017270706.txt · Last modified: 2017/07/27 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki