website_news:2017270903

បុរសពីរនាក់ត្រូវបានកាត់ទោស ក្រោយបោកសិស្សទៅរៀនច្នៃម៉ូតនៅ ចិន

http://www.phnompenh-post-news.html Wed, 27 September 2017 Erin Handley and យន់ ស៊ីនាត

ភ្នំពេញៈ បុរសពីរនាក់ដែលបានបោកសិស្សឲ្យធ្លាក់ចូលក្នុងគម្រោងជួញដូរមនុស្សក្នុងប្រទេសចិន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៧ ឆ្នាំ ខណៈក្រុមប្រឆាំងការជួញដូរមនុស្សកាលពីម្សិលមិញបានថ្លែងថា នេះជាករណី «គួរប្រុងប្រយ័ត្ន»។

លោក អ៊ិន ស៊ីម៉ាណាន់ នាយកវិទ្យាស្ថានបណ្តុះបណ្តាលគណនេយ្យវិជ្ជាជីវៈ(IPAT) និង លោក Liu Wing Hing ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកម្រិតអប្បបរមាក្រោមមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្សនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទពាក់ព័ន្ធនឹងការបោកនិងកេងប្រវ័ញ្ចសិស្សចំនួន ១៧ នាក់ ហើយត្រូវបានបង្គាប់ឲ្យសងសំណងចំនួន ៩២,២០០ ដុល្លារ ដល់ជនរងគ្រោះ។

ខណៈក្រុមប្រឆាំងការជួញដូរមនុស្ស អង្គការចាប់ដៃ បានថ្លែងថា ជនល្មើសមានទំនោរតម្រង់ទិសដៅទៅរកប្រជាជនក្រីក្រ ដែលងាយរងគ្រោះ លោក អ៊ិន ស៊ីម៉ាណាន់ និងលោក Wing Hing តម្រង់ទិសដៅទៅរកនិស្សិតដែលរៀនបានខ្ពស់ ដោយលួងលោមពួកគេឲ្យទៅប្រទេសចិនក្រោមរូបភាពផ្តល់ឱកាសរៀនថ្នាក់បរិញ្ញាបត្រ និងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈច្នៃម៉ូតសម្លៀកបំពាក់។

លោក Joseph Arnhold អ្នកនាំពាក្យអង្គការសម្ព័ន្ធចាប់ដៃ បានថ្លែងថា៖ «មូលហេតុមួយក្នុងចំណោមមូលហេតុដែលវាជាករណី និងនៅតែត្រូវតែប្រុងប្រយ័ត្នខ្ពស់គឺដោយសារវាភ្លាមៗ និងមានហានិភ័យដល់យើងទាំងអស់គ្នាដែលជាក្រុមទិសដៅ»។ «បទល្មើសនៃការជួញដូរមនុស្សវិវត្តនិងមានលក្ខណៈកាន់តែធំទៅៗ ខណៈយើងឃើញប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងត្រូវបានជួញដូរទៅប្រទេសថ្មីៗ»។

បើតាមលោក Peter Williams នាយកអង្គការបេសកម្មយុត្តិធម៌អន្តរជាតិប្រចាំកម្ពុជា បានឲ្យដឹងថា សិស្សទាំងនោះបានបង់ប្រាក់ចំនួន ២ ៥០០ ដុល្លារសម្រាប់ឱកាសរៀនច្នៃម៉ូតនោះ ប៉ុន្តែនៅពេលទៅដល់ប្រទេសចិនពួកគេត្រូវបានបង្ខំឲ្យធ្វើការ ៧ ថ្ងៃក្នុងមួយសប្តាហ៍នៅក្នុងរោងចក្រកាត់ដេរមួយ ហើយទទួលបានប្រាក់ឈ្នួលមិនដល់ពាក់កណ្តាល នៃប្រាក់ឈ្នួលដែលបានសន្យា។

ពួកគេត្រូវបានផ្តល់ប្រាក់ឈ្នួលចន្លោះពី ១៦០ ទៅ ២២០ ដុល្លារក្នុងមួយខែ គឺតិចជាងពាក់កណ្តាលនៃប្រាក់ឈ្នួលចំនួន ៥៥០ ដុល្លារដែលត្រូវបានសន្យា។ លោកបានថ្លែងថា៖ «ការផ្តន្ទាទោសនេះជាការបង្ហាញអំពីសមត្ថភាពរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការមើលឃើញលើសពីទម្រង់ធម្មតាដែលពួកជួញដូរមនុស្សបង្កើត និងទទួលស្គាល់ថាវាជាបណ្តាញនៃការជួញដូរ»៕PS

website_news/2017270903.txt · Last modified: 2017/09/27 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki