website_news:2017271201

នាយករដ្ឋមន្រ្តី ដាក់ចេញសារសំខាន់ៗ ៨ចំណុចឲ្យក្រសួង ពាក់ព័ន្ធអនុវត្ត ទៅលើកម្មករ មានប្រសិទ្ធភាព

https://www.dap-news.com/kh/ ថ្ងៃពុធ, ២៧ ធ្នូ ២០១៧ 11:25 ដោយ: ដើមអម្ពិល ID:012

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវសារសំខាន់ៗ ៨ចំណុចដើម្បីឲ្យក្រសួងពាក់ពន្ធ័អនុវត្តន៍ មានប្រសិទ្ធភាព ចំពោះកម្មករ-កម្មការិនី ដែល កំពុងបំរើការងារនៅក្នុងរោងចក្រ នៅទូទាំងប្រទេស ខណៈជិតដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។ លក្ខខណ្ឌទាំង៨ចំណុចដែលសម្តេចដាក់ចេញក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជាង ១ម៉ឺននាក់ នៅរោងចក្រតំបន់តាមបណ្តោយផ្លូវជាតិលេខ៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ រួមមាន៖

១- ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២-ត្រូវអនុវត្តន៍ការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ-កម្មការិនីរោងចក្រ រួមទាំងកីឡាករ- កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តន៍ ដូចគ្នាជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើឲ្យ បានម៉តចត់។

៣-ត្រូវអនុវត្តន៍ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូននឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់។

៤-ត្រូវអនុវត្តន៍ ចំពោះកម្មការិនីសម្រាលបានកូន១ ទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យ ផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ២ ទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន៣ ទទួលបានថវិកា១លាន២សែន រៀល ហើយបូកប្រាក់ ឧបត្ថម្ភចំនួន ៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

៥-ត្រូវអនុវត្តន៍ ចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ កម្មករ-កម្មការិនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦-អនុវត្តន៍តាមដានមើលបញ្ហា ទឹក ភ្លើង ត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករ ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួល កុំឲ្យមានការ ឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកមានកំណត់រួចរាល់ហើយ។

៧-អនុវត្តន៍ប្រាក់សោធននិវត្តន៍ចាប់ពីឆ្នាំ ២០១៩ កម្មករ នឹងទទួលបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូច្នេះក្នុងរយៈពេល១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំឲ្យហើយ ដើម្បីដំណើរ ការបានល្អនៅឆ្នាំ២០១៩។

៨-អនុវត្តន៍ចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗ ដែលពលករទៅក្រៅ ប្រទេស ជួយសម្រួលបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា ដើម្បីទទួលបានលក្ខខណ្ឌការងារ ល្អប្រសើរ៕

website_news/2017271201.txt · Last modified: 2017/12/27 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki