website_news:2017271203

ពលការិនីកម្ពុជា ១៤នាក់ ត្រូវបានបញ្ជូន ទៅធ្វើការ តាមផ្ទះ នៅហុងកុង ជាលើកដំបូង

https://www.dap-news.com/kh/ ថ្ងៃពុធ, ២៧ ធ្នូ ២០១៧ 14:20 ដោយ: ហង្ស ទេព ID:012

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជូនពលការិនីចំនូន១៤នាក់ ដែលបានទទួល ការបណ្តុះបណ្តាល ជំនាញជំនួយ ការ ផ្ទះទៅបំរើការងារ នៅហុងកុងរយៈពេល២ឆ្នាំ តាមកិច្ចព្រមព្រៀង រវាងភាគីហុងកុង និង កម្ពុជា។

បើតាមលោក ងុយ រិទ្ធ នាយខុទ្ទកាល័យ និងជាអគ្គនាយករង អគ្គនាយកដ្ឋាន ការងារ បាន ប្រាប់ឲ្យដឹង នៅមុនពេលចេញដំណើរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា នេះជា ជំហានដំបូង បន្ទាប់ពីបានចុះMOU រវាងកម្ពុជានិងហុងកុង ក្នុងការទទួលពលការិនីកម្ពុជា ទៅបំរើការ។ នៅថ្ងៃនេះមានក្រុមហ៊ុន២ ជាអ្នកទទួលបញ្ជូនទៅគឺក្រុមហ៊ុន អ៊ុង រិទ្ធី គ្រុប និង Elite manpower agency។ លោកបន្តថា ការបញ្ជូនទៅនេះ ស្ថិតនៅក្រោមការតាមដាន ពិនិត្យជាប្រចាំទាំងការធ្វើដំណើរ ការរស់នៅ រហូតដល់ពេលត្រឡប់មកវិញតាមកុងត្រា របស់ក្រសួងការងារ ដើម្បីកុំអោយមានហានិភ័យកើតឡើងសម្រាប់ប្អូនយើង។ លោកបញ្ជាក់ថា ពលការិនីទាំងអស់ត្រូវបានបណ្តុះបណ្តាលត្រឹមត្រូវ មានជំនាញច្បាស់លាស់ផ្នែកជំនួយការមេផ្ទះដែលពួកគាត់នឹងទទួលបានប្រាក់ខែចំនួន៥៧០ដុល្លារអាមេរិកក្នុងមួយខែរួម នឹងប្រាក់អត្ថប្រយោជន៍ផ្សេងជាច្រើនទៀត ពិសេសមានយន្តការ គ្រប់គ្រងពេលវេលា និងមានទំនាក់ទំនងផ្ទាល់ជាមួយក្រុមគ្រួសារជាប្រចាំថែមទៀតផង។

លោកស្រី ហុង លី អាយុ ៣៩ឆ្នាំ រស់នៅខេត្តកណ្តាល បានបង្ហាញអារម្មណ៍ សប្បាយរីករាយ ពេលបានទៅបំរើការនៅប្រទេសរីកចំរើន។ អ្នកស្រីរំពឹងថា ក្រៅពីទទួលបានប្រាក់ខែខ្ពស់ និងទទួលបានចំណេះដឹងជាច្រើនទៀត ក្រោយពេលត្រឡប់មកស្រុកវិញ។ អ្នកស្រីមានជំនឿ លើក្រសួងនិងក្រុមហ៊ុន ដោយគ្មានព្រួយបារម្ភអ្វីនោះទេ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាត ឲ្យទីភ្នាក់ងារជ្រើសរើសពលករចំនួន៦ ដើម្បីបញ្ជូនពលការិនី ជំនួយការមេផ្ទះ ទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង ក្នុងនោះ មានទីភ្នាក់ងារខ្លះមានបទពិសោធន៍ក្នុងការជ្រើសរើសបណ្តុះបណ្តាលបញ្ជូន និងគ្រប់គ្រង ពលការិនី ជំនួយការមេផ្ទះ នៅប្រទេសសិង្ហបុរី នាពេលកន្លងមកនិងមាន មួយចំនួន ទៀតជាទីភ្នាក់ងារមានការគ្រប់គ្រងបានល្អ និងពុំសូវមានវិវាទជាមួយពលករ៕

website_news/2017271203.txt · Last modified: 2017/12/28 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki