website_news:2017271204

ឧទ្ធរណ៍ជម្រះជនប៉ាគីស្ថាន២នាក់និងស្ត្រីខ្មែរម្នាក់រឿងនាំមនុស្សទៅធ្វើការនៅអារ៉ាប៊ី សាអ៊ូឌីត

http://www.postkhmer.com/ Tue, 26 December 2017 គឹម សារុំ

ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទជាតិប៉ាគីស្ថាន ២ នាក់ឪពុកកូន និងស្រ្តីខ្មែរម្នាក់ ពាក់ព័ន្ធនាំមនុស្ស៤នាក់ ទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីតកាលពីឆ្នាំ ២០១៦។ តាមកំណត់ហេតុនគរបាល បានបង្ហាញថា សំណុំរឿងនេះ មានជនជាប់ចោទឈ្មោះ NIAZ AHMED អាយុ៥៥ ឆ្នាំនិងកូនប្រុសរបស់គាត់ឈ្មោះ YAZEO AHMED អាយុ ២៤ ឆ្នាំ ឯស្រ្តីខ្មែរឈ្មោះ ប៊ិន ញ៉ អាយុ ៦៥ឆ្នាំ បាននាំនារីខ្មែរ ៣ នាក់ និងបុរសម្នាក់ មកជួបជនជាប់ចោទ NIAZ AHMED កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៦ នៅផ្សាររាត្រី (ផ្សារចាស់) ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ខ្លួន ពេលកំពុងធ្វើដំណើរតាមម៉ូតូកង់បី។

សំណុំរឿងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ខែមេសាឆ្នាំ ២០១៧ បានសម្រេចផ្តន្ទាទោសជនទាំង ៣ នាក់ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ៧ ឆ្នាំ ចោទពីបទ«ការនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន» តាមបញ្ញតមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរ និងធ្វើអាជីវកម្មផ្លូវភេទ។

បុរសជាប់ចោទ NIAZ AHMED បានឆ្លើយក្នុងសវនាការថា គាត់បានជិះម៉ូតូកង់បីមានគ្នា ៦ នាក់បំណងជូនកូនគាត់ជិះរថយន្តក្រុងទៅប្រទេសថៃ ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនពេលកំពុងធ្វើដំណើរ ឯកូនរបស់គាត់ត្រូវសមត្ថកិច្ចបំបែកពីគាត់។ ឯមនុសុ្ស ៤ នាក់ ដែលធ្វើដំណើរជាមួយគាត់នោះ គាត់មិនដែលស្គាល់ពីមុនមកទេ ហើយពួកគេចង់ដើរលេង ពួកគេក៏ទៅជាមួយគាត់ទៅ។

ទោះយ៉ាងណា លោកចៅក្រម ចាយ ច័ន្ទរាតាវណ្ណ បង្ហាញកំណត់ហេតុឆ្លើយសារភាព ទៅជនជាប់ចោទ ប៉ុន្តែNIAZ AHMED បាននិយាយថា៖«រាល់ចម្លើយសារភាពក្នុងកំណត់ហេតុប៉ូលិស ខ្ញុំបដិសេធព្រោះកាលណោះ គេឲ្យក្រដាសសខ្ញុំ ហើយឲ្យខ្ញុំផ្តិតមេដៃ។ ខ្ញុំសូមតុលាការដោះលែងខ្ញុំវិញ»។ ស្រ្តីឈ្មោះ ប៊ិន ញ៉ បានឆ្លើយក្នុងសវនាការដែរថា គាត់មានកូន ៣ នាក់ ទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដូច្នេះអ្នកក្នុងភូមិបានផ្ញើសាច់ញាតិគេ ឲ្យគាត់ជូនមកភ្នំពេញ ហើយគាត់បានជួបនឹងឈ្មោះ NIAZ AHMEDនិងប្រគល់មនុស្សនោះទៅឲ្យគាត់។ «ខ្ញុំមិនបានជួញដូរអីទេ ខ្ញុំជូនគេមកទេ សូមតុលាការដោះលែងខ្ញុំឲ្យមានសេរីភាពវិញផង ហើយឈ្មោះ NIAZ AHMED ឲ្យខ្ញុំ ៤០ ដុល្លារ»។

លោកព្រះរាជអាជ្ញា លី លន់ តំណាងមហាអយ្យការ សន្និដ្ឋានថា ជនទាំង ២ នាក់ បានសារភាពហើយស៊ី សង្វាក់នឹងចម្លើយស្រ្តីជាប់ចោទដែរ។ ដូច្នេះលោកសូមតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ។

លោកមេធាវី យុង ផានិត បានសន្និដ្ឋានថា សាលាដំបូងរាជធានីភ្នំពេញ បានចោទកូនក្តីលោក តាមតែកំណត់ហេតុរបស់នគរបាលមិនបានពិចារណាឲ្យបានច្បាស់លាស់ទេ។ គ្មានភ័ស្តុតាងដាក់បន្ទុកនិងគ្មានធាតុផ្សំនៃបទល្មើស។ លោកថ្លែងថា៖ បើពិនិត្យមាត្រា១១ គឺមិនអាចដាក់ទោសកូនក្តីខ្ញុំបានទេ។ កូនក្តីខ្ញុំជួយគេក្នុងលក្ខណៈមនុស្សធម៌ប៉ុណ្ណោះ ហើយការជួយរបៀបនេះ មានច្រើនណាស់។ ការចាប់គ្រាន់តែធ្វើទៅតាមការស្រមើស្រមៃប៉ុណ្ណោះ។ សូមតុលាការពិនិត្យភ័ស្តុតាងឡើងវិញ និងឲ្យកូនក្តីខ្ញុំរួចបទចោទ»។ ក្រោយជំនុំជម្រះលោកចៅក្រម ស៊ិន វិសាល ថ្លែងថា សាលដីកានេះ នឹងត្រូវប្រកាសនៅថ្ងៃទី ១១ ខែមករា៕

website_news/2017271204.txt · Last modified: 2017/12/27 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki