website_news:2017271205

បងប្អូនពលរដ្ឋខ្មែរនៅកូរ៉េ បង្ហាញបញ្ហាកង្វល់ និងសំណូមពរ ដើម្បីរួមគ្នាដោះស្រាយ ទល់មុខឯកអគ្គរាជទូត

https://www.dap-news.com/kh/ ថ្ងៃអង្គារ, ២៦ ធ្នូ ២០១៧ 14:24 ដោយ: ស៊ាន កុសល ID:014

ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញ ថ្នាក់ដឹកនាំ សមាគម សហគមន៍ មូលនិធិ ក្រុមសិល្បៈ នានា និងបណ្ដាញស្រ្តីខ្មែរ នៅសាធារណរដ្ឋកូរ៉េសរុបជាង ៣០ ដើម្បីជួបពិភាក្សាដកពិសោធន៍ សិក្សាពីចំនុចខ្លាំង និងចំនុចខ្សោយជម្រះមន្ទិលសង្ស័យ និងកែលម្អនូវចំនុចខ្វះខាតក្នុងការបំពេញយុទ្ធនាការរួមគ្នាជួយដោះស្រាយបញ្ហារបស់ប្រជាជនខ្មែរនៅកូរ៉េ និងការចូលរួមលើកស្ទួយ អភិរក្សមរតកវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ក្នុង រយៈពេលពេញមួយឆ្នាំកន្លងទៅ។ កិច្ចប្រជុំលើកទី៤ បានប្រព្រឹត្តិទៅនៅល្ងាចថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧ នាទីក្រុងស៊ូវ៉ុន ក្រោមវត្តមាន ដឹកនាំដោយ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា និងសហការី ជាមួយនឹងថ្នាក់ដឹកនាំ សមាគម សហគមន៍ មូលនិធិ ក្រុមសិល្បៈ នានា និងបណ្ដាញស្រ្តីខ្មែរ នៅសាធារណរដ្ឋកូរ៉េប្រមាណ ៥០នាក់។

ជាការឆ្លើយតបនឹងសំណូមពរ របស់ថ្នាក់ដឹកនាំសមាគម លោកឯកអគ្គរាជទូតកម្ពុជា បានសម្រេច បន្ដយុទ្ធនាការចុះផ្ដល់សេវាបន្ដលិខិតឆ្លងដែន ប្រឹក្សាយោបល់ និងបើកវេទិកាសាធារណៈនៅមូលដ្ឋានឲ្យបានច្រើននិងទៅឲ្យដល់សហគមន៍មូលដ្ឋានដែលនៅឆ្ងាយ។បន្ដយុទ្ធនាការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តចុះផ្ដល់សេវាពិនិត្យព្យាបាល សុខភាពទូទៅ ពិនិត្យបេះដូង ចាក់វ៉ាក់សាំង ការពារផ្ដាសាយ និងថតX-Ray ជូនដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ឲ្យបានច្រើនឡើងបន្ថែមទៀត។ រៀបចំកម្មវិធីអប់រំសីលធម៌ អប់រំផ្លូវចិត្ត តាមបែបព្រះពុទ្ធសាសនា ដើម្បីបំពេញតម្រូវការ របស់សហគមន៍ខ្មែរនៅកូរ៉េ ឲ្យបាន២ដងក្នុងមួយឆ្នាំ ដោយនិមន្ដព្រះសង្ឈ ដែលប៉ិនប្រសព្វមកពីខ្មែរ។ បន្ដយុទ្ធនាការ ជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ឲ្យបានកាន់តែទូលំទូលាយ និងប្រសើរឡើងបន្ថែមទៀត។ល។

ទន្ទឹមនេះតំណាងស្ថានទូត លោក ឡុង ឌីម៉ង់ ក៏បានស្នើត្រឡប់ ទៅថ្នាក់ដឹកនាំសមាគម សហគមន៍ មូលនិធិ ឲ្យរៀបចំបង្កើតកម្មវិធីជួបជុំធំ-តូច តាមលទ្ធភាព ដើម្បីអប់រំផ្សព្វផ្សាយ ពីច្បាប់ការងារ ការថែទាំសុខភាព ការវិនិយោគខុសច្បាប់ ឬការស្វែងរកសេវារត់ការខុសច្បាប់ផ្សេងៗ និងការជំរុញលើកទឹកចិត្តដល់ពលករខ្មែរឲ្យត្រឡប់ទៅកម្ពុជាវិញដោយស្របច្បាប់ពេលចប់អាណត្តិការងារ ដើម្បីចូលរួមរក្សាកូតា ជ្រើសរើសពលករកម្ពុជាថ្មីបន្ថែមទៀត ហើយក្រុមការងារស្ថានទូត សន្យានឹងចូលរួមតាមគ្រប់រូបភាព។

អង្គប្រជុំទាំងអស់ ក៏បានចូលរួមយ៉ាងសស្រាក់សស្រាំពិភាក្សាលើការងាររៀបចំមហាសង្រ្កាន្ដខ្មែរ នៅកូរ៉េលើកទីពីរ ដែលជា ព្រឹត្តិការណ៍វប្បធម៌ ប្រពៃណីធំជាងគេប្រចាំឆ្នាំ ដើម្បីអបអរសាទរ ពិធិបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕

website_news/2017271205.txt · Last modified: 2017/12/27 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki