website_news:2017271209

ប្រាក់ចំណូលពលករនៅក្រៅប្រទេស ២ពាន់លានដុល្លារ ចាក់ចូលសេដ្ឋកិច្ចជាតិ

https://www.dap-news.com/kh/ ថ្ងៃពុធ, ២៧ ធ្នូ ២០១៧ 12:03 ដោយ: អេង ប៊ូឆេង ID:013

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ពលករខ្មែរ ដែលកំពុងធ្វើការងារនៅក្រៅប្រទេស បានបញ្ជូនប្រាក់ចាក់ចូលសេដ្ឋកិច្ចកម្ពុជា ប្រមាណជាង ២ពាន់លានដុល្លារ ក្នុង១ឆ្នាំៗ ។

សម្តេចតេជោបានថ្លែង ក្នុងឱកាស អញ្ជើញជួបសួរសុខទុក្ខ កម្មករ-កម្មការិនី ចំនួន១៤,០៩៩នាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ថា កម្មករ-កម្មការិនី កម្ពុជា ដែលទៅធ្វើការងារនៅប្រទេសកូរ៉េ បានបញ្ជូនប្រាក់មកឲ្យឪពុក-ម្ដាយ ពី៥០០ដុល្លារ ទៅ១០០០ដុល្លារ ក្នុង១ខែៗ ។

សម្ដេចតេជោបន្តថា “ការពង្រីងទីផ្សារការងាររបស់យើង ក្នុងមួយឆ្នាំៗកម្មករ-កម្មការិនី ដែលនៅក្រៅប្រទេស បានបញ្ជូនប្រាក់ចូលមកប្រមាណ ជាង២ពាន់លាន។ ២ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ច ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចកម្ពុជា”។ សម្ដេចអះអាងថា កម្មករ-កម្មការិនី ដែលធ្វើការងារនៅប្រទេសថៃ និងប្រទេសមួយចំនួនទៀត ក៏បានផ្ញើប្រាក់មកឲ្យឪពុក-ម្ដាយ នៅកម្ពុជាផងដែរ ។

ក្នុងឱកាសជួបកម្មករ-កម្មការិនី នេះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា គេមិនត្រូវចោទសម្ដេចថា “ដឹកនាំប្រទេសឲ្យប្រជាពលរដ្ឋ ទៅធ្វើខ្ញុំគេនោះទេ” ។ សម្តេចថា អ្នកដែលចោទប្រកាន់សម្តេចត្រូវយល់ដឹង អំពីបញ្ហានេះ ដែលពលករបានទៅធ្វើការនៅក្រៅប្រទេស ហើយទទួលបានចំណូលខ្ពស់។ សូមបញ្ជាក់ថា ពលករខ្មែរដែលទៅបំរើការងារ នៅក្រៅប្រទេស គិតមកទល់បច្ចុប្បន្ន មានចំនួន១លាន២សែននាក់៕

website_news/2017271209.txt · Last modified: 2017/12/27 15:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki