website_news:2017280202

ស្ថានទូតកម្ពុជានៅប្រទេសជប៉ុន ជួយសង្រ្គោះ និងទាមទារប្រាក់សំណង ជូនកម្មសិក្សាការីខ្មែរ ចំនួន៥នាក់

http://dap-news.com/kh/ ថ្ងៃច័ន្ទ, ២៧ កុម្ភៈ ២០១៧ 18:42 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការស្នើសុំ អន្តរាគមន៍ ពីកម្មសិក្សាការីខ្មែរចំនួន៥នាក់ តាមរយៈទំព័រ Facebook របស់ស្ថានទូត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានសហការជាមួយនគរបាលខេត្ត Tochigi ដែលមានចំងាយប្រមាណ១១០គីឡូម៉ែត្រ ពីទីក្រុងតូក្យូ ដើម្បីចុះដល់កន្លែង ដែលមេខ្យល់រៀបចំ ឲ្យកម្មសិក្សា ការីទាំង៥នាក់ស្នាក់នៅ ។ ក្រោយពីបាន ផ្តល់ព័ត៌មានលំអិត ដល់ក្រុមនគរបាលរួច ស្ថានទូតបាននាំពួកគេ មកស្នាក់នៅ បណ្តោះអាសន្នក្នុងស្ថានទូត និងបានសាកសួរព័ត៌មាន លំអិតអំពីកន្លែងការងារ និងលក្ខខណ្ឌការងារដែល ពួកគេបានធ្វើការកន្លងមក និងមូលហេតុ ដែលចាញ់បោកមេខ្យល់ ។ ក្នុងគោលបំណងការពារ ផលប្រយោជន៍ ពលរដ្ឋខ្មែរ ស្ថានទូតបានទាក់ទង ទៅថៅកែក្រុមហ៊ុន (ជាលក្ខណៈគ្រួសារ) នៅខេត្តTochigi ដើម្បីដោះស្រាយបញ្ហា ប្រាក់បៀវត្ស ដែលថៅកែ បានកិបកេងប្រាក់ម៉ោង និងចំនួនធ្វើការលើសម៉ោង កន្លងមក ជូនកម្មសិក្សាការី ។ ហើយទទួលលទ្ធផលដូចខាងក្រោម៖

១- កញ្ញា តូច សុធា អាយុ៣១ឆ្នាំ មកពីខេត្តស្វាយរៀង ទទួលបានសំណងសរុបចំនួន ៤.៦៤០.៩៦៥ យ៉េន (ប្រមាណជា៤០.៣៥៦ ដុល្លារអាមេរិក) ២- កញ្ញា អឿន តុលា អាយុ៣០ឆ្នាំ មកពីខេត្តពោធិ៍សាត់ ទទួលបានសំណងសរុបចំនួន ៣.០៧១.៧៧៦ យ៉េន (ប្រមាណជា២៦.៧១១ ដុល្លារអាមេរិក) ៣- កញ្ញា ម៉ាប់ រ័ត្ន អាយុ៣០ឆ្នាំ មកពីខេត្តពោធិ៍សាត់ ទទួលបានសំណងសរុបចំនួន ២.៧៣៧.៥៦២ យ៉េន (ប្រមាណជា២៣.៨០៤ ដុល្លារអាមេរិក) ៤- កញ្ញា ហ៊ុន់ ផាណា អាយុ២៤ឆ្នាំ មកពីខេត្តពោធិ៍សាត់ ទទួលបានសំណងសរុបចំនួន ៦៦៧.៣០១ យ៉េន (ប្រមាណជា៥៨០០ ដុល្លារអាមេរិក) ៥- កញ្ញា គឹម អ៊ិញ អាយុ២៧ឆ្នាំ មកពីខេត្តតាកែវ ទទួលបានសំណងសរុបចំនួន ៦៦៧.៣០១ យ៉េន (ប្រមាណជា៥៨០០ ដុល្លារអាមេរិក)។

សូមជម្រាបថា ដោយសារប្រាក់សំណង មានចំនួនច្រើន ថៅកែក្រុមហ៊ុនបានស្នើសុំបង់សង ជាដំណាក់កាល និងសន្យាបង់ឲ្យអស់ ក្នុងអំឡុងឆ្នាំ២០១៧ ។ ចំពោះការសងបន្តនេះ ក្រុមហ៊ុននឹងផ្ញើប្រាក់ចូលគណនីរបស់កម្មសិក្សាការីផ្ទាល់តែម្តង ហើយក្រុមហ៊ុន នឹងរាយការណ៍ជូនស្ថានទូត ដើម្បីស្ថានទូតអាចតាមដាន និងក្រើនរំលឹកដល់ក្រុមហ៊ុន រហូតដល់សងគ្រប់ចំនួន ។

ដោយឡែក នគរបាលខេត្តTochigi បានសាកសួរព័ត៌មាន បន្ថែមពីកម្មសិក្សាការីនៅស្ថានទូត ដើម្បីមានវិធានការ ចំពោះមេខ្យល់ចំនួន៣នាក់ ក្នុងនោះក៏មានអតីតកម្មសិក្សា ការីខ្មែរម្នាក់ (នារី) ដែលបានរត់ចោលក្រុមហ៊ុន និងក្លាយជាអ្នកអូសទាញ កម្មសិក្សាការីដទៃទៀត អោយបោះបង់ចោលកន្លែងការងារចាស់ ទៅធ្វើការនៅ កន្លែងថ្មីដែលមានប្រាក់ចំណូលច្រើនជាង ។

សូមបញ្ជាក់ថា កម្មសិក្សាការី ទាំង៥នាក់នេះ បានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៩:៣៥នាទី តាមជើងយន្តហោះ Thai Airways លេខ ៥៨៤ ៕

website_news/2017280202.txt · Last modified: 2017/02/28 15:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki