website_news:2017280204

បច្ចុប្បន្នមានពលរដ្ឋខ្មែរជាង ៦ម៉ឺននាក់ កំពុងស្នាក់នៅ និងធ្វើការ នៅកូរ៉េខាងត្បូង

: http://dap-news.com/kh/ អង្គារ, ២៨ កុម្ភៈ ២០១៧ 14:01 ដោយ: ខា ដា ID:013

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានលើកឡើងថា សព្វថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរ បាននឹងកំពុងស្នាក់នៅ ធ្វើការងារ និងសិក្សា នៅប្រទេសកូរ៉េខាងត្បូង មានជាង ៦ម៉ឺននាក់ ក្នុងនោះពលករ មានជាង៥ម៉ឺននាក់ ។

ក្នុងឱកាសចូលរួមបើកសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ របស់ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ជូនដែរថា ប្រជាពលរដ្ឋខ្មែរយើង ដែលស្នាក់នៅ រស់នៅ ធ្វើការ និងរៀនសូត្រ នៅប្រទេសកូរ៉េហ្នឹង មានចំនួនជាង ៦ម៉ឺននាក់ ឯណោះ” ។ លោកបន្តថា ក្នុងចំណោមប្រជាពលរដ្ឋជាង ៦ម៉ឺននាក់នោះ មានប្រមាណជា ៥ម៉ឺន៣ពាន់នាក់ ជាពលករបម្រើការងារ ស្រ្តីរៀបការជាមួយជនជាតិកូរ៉េ មានប្រមាណជា ១ម៉ឺននាក់ និងសិស្សនិស្សិត ដែលទៅសិក្សានៅប្រទេសកូរ៉េ មានជាង ៤០០នាក់ ។

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បន្ថែមថា ស្ថានទូតកម្ពុជា នឹងរៀបចំប្រារព្ធពិធី បុណ្យចូលឆ្នាំខ្មែរ ឬមហាសង្ក្រាន្តខ្មែរ លើទឹកដីកូរ៉េ មួយថ្ងៃ គឺថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧ នៅក្នុងទីក្រុងស៊ូវុន ដែលនៅមិនឆ្ងាយពី ទីក្រុងសេអ៊ូលប៉ុន្មានទេ និងងាយស្រួលឲ្យប្រជាពលរដ្ឋ បានចូលរួមពីគ្រប់តំបន់ ។ លោកបញ្ជាក់ថា ការរៀបពិធីចំនេះ ធ្វើឡើងដូចជា លក្ខណៈភូមិខ្មែរមួយ ដែលសម្បូរទៅដោយរបាំខ្មែរបុរាណ ល្បែងប្រជាប្រិយ ការតាំងពិព័ណ៌ម្ហូបខ្មែរ មានការប្រកួតក្បាច់គុណបុរាណខ្មែរ និងប្រគុំតន្រ្តី ដែលមានសិល្បករ សិល្បការិនីខ្មែរ ចូលរួមផងដែរ ហើយជាពិសេសនោះ មានកម្មវិធីសាសនា ដូចជា ការពូនភ្នំខ្សាច់ ។ លោកថា ជាពិសេសនោះការអញ្ជើញ ចូលរួមស្បាយពីប្រជាពលរដ្ឋ គឺពុំមានការបង់ថ្លៃអ្វីនោះទេ ៕

website_news/2017280204.txt · Last modified: 2017/02/28 16:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki