website_news:2017280205

ឧក្រិដ្ឋកម្មលើជនចំណាកស្រុកនៅអាល្លឺម៉ង់មានជាង3ពាន់ករណីកាលពីឆ្នាំ2016

https://kohsantepheapdaily.com.kh ៖ ម៉ុក សេង ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៤:៣៩

តាមទីភ្នាក់ងារព័ត៌មានបរទេសពីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ថា ក្រសួងមហាផ្ទៃរបស់អាល្លឺម៉ង់ បានចេញរបាយការណ៍នៅថ្ងៃទី២៦ ខែកុម្ភៈ កន្លងមកថា តួលេខនៃការកើត «ឧក្រិដ្ឋកម្មពីការស្អប់ខ្ពើម» លើជនចំណាកស្រុក និងជនភៀសខ្លួននៅក្នុងប្រទេសនេះ ក្នុងរយៈពេលមួយឆ្នាំ២០១៦ កន្លងមក មានចំនួន៣.៥៣៣លើក ឬជាមធ្យមជិត១០លើកក្នុងមួយថ្ងៃ ធ្វើឱ្យមានអ្នករងរបួសសរុប៥៦០នាក់ ក្នុងនោះមានកុមារ៤៣នាក់ ។ ប្រហែល៣ភាគ៤នៃហេតុការណ៍ដែលកើតឡើងទាំងអស់ ឬចំនួន២.៥៤៥លើក គឺជាការវាយប្រហាលើជនចំណាកស្រុក ឬជនភៀសខ្លួនជាលក្ខណៈបុគ្គល និងហេតុការណ៍កើតឡើងនៅខាងក្រៅកន្លែងស្នាក់នៅមានចំនួន៩៨៨លើក ។

ទោះបីជារបាយការណ៍របស់រដ្ឋាភិបាលអាល្លឺម៉ង់ មិនបានប្រៀបធៀបទៅនឹងតួលេខនៅឆ្នាំ២០១៥ក៏ដោយ ប៉ុន្ដែបានព្យាករណ៍ថា តួលេខនៃឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើមជាតិសាសន៍បានកើនឡើង ចាប់តាំងពីលោកស្រីអធិការបតី Angela Markel បានសម្រេចបើកព្រំដែនកាលពីឆ្នាំ២០១៥ ទទួលយកជនចំណាកស្រុកភាគច្រើនពីមជ្ឈិមប្រទេស និងអាហ្វ្រិកខាងជើងរហូតដល់១លាននាក់ ។

ទោះជាយ៉ាងណា តួលេខនេះ បានថយចុះយ៉ាងខ្លាំងកាលពីឆ្នាំ២០១៦ គឺនៅសល់ជនភៀសខ្លួនត្រឹមតែ២៨០.០០០នាក់ តាមរយៈការជ្រើសរើសយ៉ាងតឹងរ៉ឹងរបស់អាល្លឺម៉ង់ ៕

website_news/2017280205.txt · Last modified: 2017/02/28 16:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki