website_news:2017280206

EU៖ ការជួយសង្គ្រោះរបស់ NGO ជិតលីប៊ីបានលើកទឹកចិត្តអ្នកជួញដូរ

http://ppt-news.net ចេញផ្សាយ ថ្ងៃទី 28/02/2017

លីប៊ី ៖ ប្រធានទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប Frontex បានឲ្យដឹងថា អង្គការក្រៅរដ្ឋាភិបាលនានាដែលបានជួយសង្គ្រោះមនុស្សនៅក្នុងសមុទ្រជិតប្រទេសលីប៊ីគឺកំពុងលើកទឹកចិត្តដល់អ្នកជួញដូរដែលរកប្រាក់ចំណេញពីការឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដ៏គ្រោះថ្នាក់ ។

ថ្លែងទៅកាន់កាសែត DieWelt របស់អាល្លឺម៉ង់ លោក Fabrice Leggeri បានអំពាវនាវឲ្យវាយតម្លៃឡើងវិញសម្រាប់ប្រតិបត្ដិការជួយសង្គ្រោះនិងបានចោទប្រកាន់អង្គការមិនមែនរដ្ឋាភិបាលថាកំពុងសហការមិនមានប្រសិទ្ធភាពជាមួយទីភ្នាក់ងារសន្តិសុខប្រឆាំងនឹងការជួញដូរមនុស្ស។ ការអត្ថាធិប្បាយនេះបានបង្កឲ្យមានជម្លោះជាមួយអង្គការនានានិងក្រុមឆ្វេងនិយមដែលបាននិយាយថា គ្មានភស្តុតាងនៃការខ្វះនូវកិច្ចសហប្រតិបត្តិការទេហើយថា ជម្រើសផ្សេងចំពោះប្រតិបត្ដិការជួយសង្គ្រោះនេះគឺត្រូវទុកឲ្យមនុស្សស្លាប់។ លោក Leggeri បានឲ្យដឹងថា ៤០ភាគរយនៃប្រតិបត្ដិការជួយសង្គ្រោះនាពេលថ្មីៗនេះនៅក្នុងសមុទ្រជិតប្រទេសអាហ្វ្រិកខាងជើងមួយនេះគឺត្រូវបានធ្វើឡើងដោយអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើឲ្យវាមិនអាចទៅរួចនោះទេក្នុងការពិនិត្យមើលប្រភពដើមនៃជនចំណាកស្រុកឬផ្លូវរត់ពន្ធរបស់ពួកគេប្រសិនបើអង្គការក្រៅរដ្ឋាភិបាលមិនបានសហការ។

ជាមួយគ្នានោះ លោកស្រី Luise Amtsberg អ្នកនាំពាក្យផ្នែកជនភៀសខ្លួនសម្រាប់គណបក្ស Greens ក្នុងសភាអាល្លឺម៉ង់បានរិះគន់យោបល់របស់លោក Leggeri ។ លោកស្រីបាននិយាយថា “ចំនួនអ្នកស្លាប់អាចនឹងមានខ្ពស់ជាងនេះបើគ្មានការប្តេជ្ញាចិត្តមិនចេះនឿយហត់របស់អង្គការមិនមែនរដ្ឋាភិបាលដូច្នេះយើងកំពុងជំពាក់អង្គការទាំងនេះ”។

អង្គការគ្រូពេទ្យគ្មានព្រំដែនបានចាត់ទុកការចោទប្រកាន់របស់លោក Leggeri ថា “ជារឿងធ្ងន់ធ្ងរនិងបំផ្លាញយ៉ាងខ្លាំង” ហើយបាននិយាយថា សកម្មភាពមនុស្សធម៌របស់ខ្លួនគឺមិនមែនជាមូលហេតុបង្កឲ្យមានវិបត្តិឡើយប៉ុន្តែជាការឆ្លើយតបចំពោះវិបត្តិទៅវិញទេ។

លោកស្រី Aurélie Ponthieu ទីប្រឹក្សាផ្នែកមនុស្សធម៌នៅអង្គការគ្រូពេទ្យគ្មានព្រំដែនបាននិយាយថា គោលបំណងតែមួយគត់របស់ខ្លួនគឺដើម្បីសង្គ្រោះជីវិត។

គួរបញ្ជាក់ថា មនុស្សជាង២,៧០០នាក់ត្រូវបានជួយសង្គ្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយរួមទាំងទារកទើបកើតម្នាក់ផងដែរដែលធ្វើឲ្យចំនួននៃការមកដល់សរុបសម្រាប់ខែមករានិងខែកុម្ភៈឡើងលើស១២,០០០នាក់៕

website_news/2017280206.txt · Last modified: 2017/02/28 16:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki