website_news:2017280306

អភិបាលខេត្តព្រះវិហារ ប្រាប់អភិបាលខេត្តស៊ីសាកេតថា បើចាប់បានពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់សូមកុំធ្វើបាប សូមបញ្ជូនមកឲ្យកម្ពុជាវិញ

http://www.freshnewsasia.com/index. 2017-03-27

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បានថ្លែងប្រាប់លោក ថះ វ៉ាត់សូរះ អភិបាលខេត្តស៊ីសាកេតប្រទេសថៃថា បើចាប់បានប្រជាពលរដ្ឋខ្មែរឆ្លងដែន ដោយខុសច្បាប់ សូមកុំធ្វើទារុណកម្ម ត្រូវបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញ។ ការថ្លែងបែបនេះ របស់លោក អ៊ុន ចាន់ដា ក្នុងឱកាសដែលលោកជួបស្វាគមន៍ គណៈប្រតិភូខេត្តស៊ីសាកេតដែល ដឹកនាំដោយ លោក ថះ វ៉ាត់សូរះ អភិបាលខេត្តស៊ីសាកេតប្រទេសថៃដែលបានអញ្ជើញមកទស្សនកិច្ច ស្វែងយល់ពីខេត្តព្រះវិហារ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២។

លោក អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូច្នោះថា «កន្លងមកប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ត្រូវបានចាញ់បោកមេខ្យល់នាំឆ្លងដែន ខុសច្បាប់ចូលប្រទេសថៃ ដោយខ្លះទៅកាប់ឈើគ្រញូង និងខ្លះទៀត ទៅធ្វើជាកម្មករនៅកន្លែងផ្សេង ត្រូវបានទាហ៊ានថៃចាប់បាន ដោយធ្វើទារុណកម្មតាមរូបភាពផ្សេងៗ ដែលករណីនេះ លោកបានសំណូមទៅអភិបាលខេត្តស៊ីសាកេតប្រទេសថៃ ថាបើចាប់បានពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ សូមធ្វើការប្រគល់មកឲ្យកម្ពុជាវិញ»។ លោកបានបន្តថា ទោះបីកិច្ចសហប្រតិបត្តិការកន្លងមករវាងខេត្តទាំង២ បានដំណើរការល្អយ៉ាងណាក៏ដោយ ក៏យើងនៅតែបន្តទាមទាកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពីខេត្តស៊ីសាកេតពិសេសលោកអភិបាលខេត្តថ្មី ដែលត្រូវជួយជុំរុញនិងបន្តកិច្ចការ ផ្លាស់ប្តូរទស្សនៈ គ្នាទៅវិញទៅមករវាងខេត្តព្រះវិហារ និងខេត្តស៊ីសាកេត ជុំរុញដល់ការរៀបចំកញ្ចប់ ទេសចរណ៍រវាងខេត្តទាំង២ បន្តពង្រឹងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែល្អប្រសើរ និងទប់ស្កាក់បទល្មើសឆ្លងដែន និងបទល្មើសផ្សេងៗទៀតនៅតាមព្រំដែន។ លោក អ៊ុន ចាន់ បានថ្លែងអរគុណដល់ ខេត្តស៊ីសាកេត ដែលបានផ្តល់អាហាររូបករណ៍ ដល់សិស្សានុសិស្សកម្ពុជាខេត្តព្រះវិហារ ក៏ដូចមន្ត្រីរាជការបានបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ័ និងជំនាញផ្សេងៗ។

ជាការឆ្លើយតប លោក ថះ វ៉ាត់សូរះ អភិបាលខេត្តស៊ីសាកេត ក៏បានថ្លែងអរគុណ ដល់លោកអភិបាលខេត្តព្រះវិហារ ដែលតែងតែសហការល្អ ជាមួយខេត្តស៊ីសាកេត ហើយលោកនិងយល់ព្រមបញ្ជូនពលរដ្ឋខ្មែរ ដែលឆ្លងដែនខុសច្បាប់មកឲ្យកម្ពុជាវិញ ហើយលោកសំណូមពរ ដល់អភិបាលខេត្តព្រះវិហារ ក៏ត្រូវបញ្ជូនពលរដ្ឋថៃ ដែលឆ្លងដែនខុសច្បាប់មកឲ្យថៃវិញផងដែរ។ ហើយលោកបានប្តេជ្ញារឹតចំណងសាមគ្គីភាព បន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តព្រះវិហារឲ្យកាន់តែខ្លាំងថែមទៀត៕

website_news/2017280306.txt · Last modified: 2017/08/24 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki