website_news:2017280405

ពលករខ្មែរអត់ច្បាប់ជិត៧០០នាក់ត្រូវថៃឃាត់ខ្លួនដើម្បីបញ្ជូនត្រឡប់មកកម្ពុជាវិញ

http://police.gov.kh/blog 5:01 pm 27 មេសា 2017 125

ប្រទេសថៃ ៖ ពលករខ្មែររាប់រយនាក់ ដែលភាគច្រើន គឺជា អ្នកចាញ់បោកមេខ្យល់ក្នុងការនាំផ្លូវដើម្បីចូលទៅរកការងារធ្វើនៅឯប្រទេសថៃ ត្រូវបានក្រុមតម្រួតថៃ រួមជាមួយនិង ទាហានឈុតខ្មៅ ចេញប្រតិបត្តិការបោសសំអាត ខណៈ ដែលពលករទាំងអស់នេះនៅសំងំលាក់ខ្លួន តាមចំការដំឡូង ចំការពោត និងចំការមៀន ក្នុងទឹកដីនៃប្រទេសថៃ ។

យោងតាមរបាយការណ៍ជាផ្លូវការដែលទូរទស្សន៍ប៉ុស្តិ៍លេខ៨ របស់ថៃបានចាក់ផ្សាយ គឺបានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០១៧វេលាម៉ោង៤ល្ងាច លោកមេបញ្ជាការតម្រួត ខេត្តស្រះកែវ យីងយ៉ុត ថេបចាំណង បានចុះទៅកាន់ ចំណុចទីលាន សាលាស្រុកវ៉ាំងណាំរ៉ន ក្នុងខេត្តស្រះកែវ បន្ទាប់ពីកំលាំងបានប្រមូលពលករខ្មែររាប់រយនាក់យកមក គ្រប់គ្រងនៅទីតាំងខាងលើនេះ ។ របាយការណ៍បានបន្តថា កិច្ចប្រតិបត្តិការនេះគឺធ្វើឡើងដោយ ក្រុមតម្រួតព្រំដែន ( ឈុតខ្មៅ ) រួមជាមួយនឹងទាហានព្រំដែន បានចុះទៅកាន់បរិវេណចំការមៀនមួយកន្លែងដែលជាកម្មសិទ្ធិរបស់លោក ផាណាត់ និងអ្នកស្រី ណយ ប៉ាថង ស្ថិតក្នុងភូមិ២ ឃុំវ៉ាំងណាំយិន ស្រុកវ៉ាំងណាំយិន ខេត្តស្រះកែវ ដែលនៅទីនោះមានពលករខ្មែរមកសំងំលាក់ ខ្លួន ដើម្បីរង់ចាំរថយន្តមកទទួលយកទៅធ្វើការ នៅឯទីក្រុង បាងកក តាមការសន្យារបស់មេខ្យល់ដែលបានប្រមូលលុយ ពីពួកគេក្នុងម្នាក់ៗ ២ ៥០០ បាតមុនរួចជាស្រេច ។

ប្អូនប្រុសម្នាក់ឈ្មោះ វល្លិ៍ អាយុ២៥ឆ្នាំ រស់នៅខេត្តបាត់ដំបង បានលើកឡើងថា ខ្លួនធ្លាប់ចូលទៅធ្វើការម្តងរួចមកហើយ នៅក្នុងខេត្តឆាក់ឈើងសៅ ដោយមានការងារខាងកាន់ ម៉ាស៊ីនបុកគ្រឹះ ហើយទទួលបានប្រាក់កម្រៃក្នុងមួយថ្ងៃ ៣០០ បាត ដោយបានឡើងទៅលេងស្រុកកាលពីអំឡុងថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ។ ប្អូនប្រុសបានបន្តថា លុះពេលត្រឡប់ចូលទៅវិញគឺមេខ្យល់ បានផ្តាំថា ធ្វើយ៉ាងណានៅពេលយប់ ត្រូវដើរឆ្លងអូរខ្សែ បន្ទាត់ព្រំដែនអោយផុត ចូលដល់ចំការដំឡូង ចំការពោត ឬក៏ចំការមៀន ដោយរង់ចាំនៅទីនោះ ដើម្បីអោយរថយន្ត មកទទួលយកទៅកាន់ទីក្រុងបាងកក ឬក៏ខេត្តដទៃទៀតដែល ជាគោលដៅទៅធ្វើការ ដោយក្នុងម្នាក់ៗត្រូវប្រគល់ប្រាក់ ទៅអោយគេចំនួន២ ៥០០បាត ប៉ុន្តែ៣ថ្ងៃហើយ មិនឃើញ រថយន្តណាមួយមកទទួលយកនោះទេ រហូតដល់តម្រួតចាប់ តែម្តង ដែលសរុបមានចំនួន ៤៧៧ នាក់ ដោយនៅពេលនេះ អ្នកខ្លះគ្មាន១បាត នៅក្នុងខ្លួនផង ។

គួរបញ្ជាក់ថា ស្របពេលជាមួយគ្នានោះដែរ នៅក្នុងស្រុក ខ្លងហាត ខេត្តស្រះកែវ ក៏មានការឃាត់ខ្លួនពលករខ្មែរ ចំនួន៧២នាក់ដែរ ដែលពួកគេកំពុងសំងំលាក់ខ្លួននៅក្នុង ព្រៃដូចគ្នា ចំណែកនៅក្នុងផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញ ប្រាក់ថេត ក៏មានការលកា់ពលករខ្មែរខុសច្បាប់នៅក្នុងផ្ទះ ថ្មមួយកន្លែងមានកំពស់ពីរជាន់ពីសំណាក់មេខ្យល់ ព្រមទាំង បានយកលុយក្នុងម្នាក់ៗពី ២០០០ ដល់ ២៥០០ បាត ហើយអោយរង់ចាំរថយន្តមកយក គឺពួកគេបានរង់ចាំ៣ថ្ងៃ ហើយ រហូតក្រុមតម្រួតលបចូលតាមទ្វារក្រោយឃាត់ខ្លួនតែ ម្តង ដោយសរុបមានចំនួន ៦៥ នាក់ ដោយពលករខ្មែរទាំង អស់នេះ អាជ្ញាធរថៃនឹងរៀបចំដឹកបញ្ជូនអោយវិលត្រឡប់មក កម្ពុជាវិញ ដោយតម្រូវអោយបំពេញបែបបទតាមច្បាប់អោយ បានត្រឹមត្រូវមុនចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ៕

website_news/2017280405.txt · Last modified: 2017/05/02 10:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki