website_news:20172806008

រដ្ឋាភិបាលកម្ពុជាមិនទាន់គោរពបានពេញលេញតាមបទដ្ឋានដើម្បីលុបបំបាត់ការជួញដូរមនុស្ស"

http://www.rfa.org/khmer/ ដោយ មាន ឫទ្ធិ 2017-06-28

របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០១៧ របស់ក្រសួងការបរទេសអាមេរិក ផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា រកឃើញថា រដ្ឋាភិបាលកម្ពុជា នៅមិនទាន់គោរពបានពេញលេញតាមបទដ្ឋានអប្បបរមាដើម្បីលុបបំបាត់អំពើជួញដូរមនុស្សនៅឡើយទេ។ របាយការណ៍នេះបន្តរក្សាដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងលេខ២ ដដែល ពោលគឺដូចគ្នាកាលពីឆ្នាំ២០១៦ កន្លងទៅ។

បញ្ហាចម្បងៗមួយចំនួនដែលរដ្ឋាភិបាលកម្ពុជា នៅមិនទាន់បានបំពេញតាមបទដ្ឋានអប្បបរមារួមមាន ការណ៍ដែលរដ្ឋាភិបាលខកខានមិនបានស៊ើបអង្កេត ផ្តន្ទាទោស ឬកាត់ទោសមន្ត្រីសមគំនិតរបស់ខ្លួនដែលបានប្រព្រឹត្តអំពើពុករលួយ និងរួមចំណែកឲ្យមានអំពើជួញដូរមនុស្សក្នុងវិស័យជាច្រើន ជាពិសេសក្នុងចំណោមក្រុមប្រជាសាស្ត្រងាយរងគ្រោះ។ បន្ថែមលើនេះទៀត តុលាការកម្ពុជា នៅតែបន្តបិទបញ្ចប់សំណុំរឿងនានា ពាក់ព័ន្ធនឹងអំពើជួញដូរផ្លូវភេទ ក្រោយពីមានការដោះស្រាយជាលុយកាក់ ជំនួសឲ្យការកាត់ទោសដាក់ពន្ធនាគារ។ របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលនៅមិនទាន់បានចេញគោលការណ៍ណែនាំអនុញ្ញាតឲ្យប្រើប្រាស់បច្ចេកទេសស៊ើបអង្កេតសម្ងាត់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅឡើយទេ។

ក្រសួងការបរទេសអាមេរិក បានស្នើឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ផ្ដន្ទាទោសអំពើជួញដូរមនុស្ស និងកាត់ទោសឧក្រិដ្ឋជនជួញដូរផ្លូវភេទ និងកម្លាំងពលកម្ម ឲ្យបានតឹងរ៉ឹងជាទីបំផុត ដោយត្រូវរាប់បញ្ចូលទាំងមន្ត្រីសមគំនិតនានារបស់ខ្លួនផងដែរ៕

website_news/20172806008.txt · Last modified: 2017/06/28 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki