website_news:20172806009

ឧទ្ធរណ៍បន្ថយទោស ស្ត្រីនាំក្មេងឲ្យភ្ញៀវរួមភេទនៅសៀមរាប

http://www.phnompenh-post-news.html Wed, 28 June 2017 គឹម សារុំ

ភ្នំពេញៈ សាលាឧទ្ធរណ៍ពីម្សិលមិញបានប្រកាសសាលដីកាកំបាំងមុខដោយបន្ថយទោសស្ត្រីជាប់ចោទម្នាក់ពីជាប់ពន្ធនាគារ ៧ ឆ្នាំមក ៥ ឆ្នាំវិញ បន្ទាប់ពីឧទ្ធរណ៍ផ្អាកជំនុំជម្រះជាង ១ ឆ្នាំ។ ការផ្អាកនោះគឺដើម្បីស្រាវជ្រាវផ្ទៀងផ្ទាត់ពីអាយុក្មេងស្រីរងគ្រោះដែលថាស្ត្រីជាប់ចោទនាំទៅឲ្យភ្ញៀវក្នុងវ័យ ១៦ ឆ្នាំកាលពីឆ្នាំមុនដែលខុសពីការបញ្ជាក់ពីអាជ្ញាធរ។ លោកចៅក្រម ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានសាលដីកាថា៖ «សំណុំរឿងស្ត្រីជាប់ចោទឈ្មោះ ជីន ម៉ី ដែលត្រូវបានជំនុំជម្រះកាលពីថ្ងៃទី ៦ ខែមិថុនានោះសាលាឧទ្ធរណ៍សម្រេចបន្ថយទោសពីជាប់ពន្ធនាគារ ៧ ឆ្នាំមក ៥ ឆ្នាំវិញ»។

តាមអង្គហេតុថាស្ត្រីជាប់ចោទវ័យ ៣២ ឆ្នាំរូបនេះរស់នៅភូមិកសិកម្មសង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាបកាលពីខែកញ្ញាឆ្នាំមុនបាននាំក្មេងស្រីឈ្មោះ ស៊ឹម ដារ័ត្ន អាយុ ១៧ ឆ្នាំទៅឲ្យភ្ញៀវម្នាក់រួមភេទនៅសណ្ឋាគារ ១ ក្នុងតម្លៃ ៣០០ ដុល្លារហើយក្មេងរងគ្រោះឲ្យសេវា ២០ ដុល្លារ។ ក្រោយមកត្រូវក្មេងស្រីនោះប្តឹងឲ្យនគរបាលចាប់ខ្លួន។

សំណុំរឿងនេះត្រូវសាលាដំបូងខេត្តសៀមរាបផ្ដន្ទាទោសស្ត្រីជាប់ចោទកាលពីឆ្នាំមុនឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្ត ៨ លានរៀល។ គួររំឭកថារឿងនេះមានភាពមន្ទិលហើយត្រូវបានសាលាឧទ្ធរណ៍បើកស្រាវជ្រាវម្តងទៀត បន្ទាប់ពីជំនុំជម្រះលើកទី ១ ដើម្បីផ្ទៀងផ្ទាត់អាយុពិតរបស់ក្មេងរងគ្រោះហើយត្រូវចៅសង្កាត់ស្វាយដង្គំបញ្ជាក់ថានៅក្នុងសំបុត្រកំណើតក្មេងរងគ្រោះកើតនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៩៩៕

website_news/20172806009.txt · Last modified: 2017/06/28 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki