website_news:2017280701

គ្រួសារពលករជាប់គុកនៅថៃស្នើអាដហុកខេត្តបន្ទាយមានជ័យជួយសាច់ញាតិចេញពីគុក

http://www.rfa.org/khmer/news/ ដោយ ហ៊ុំ ចំរើន 2017-07-27

សាច់ញាតិពលករដែលចាញ់បោកមេខ្យល់ធ្វើលិខិតឆ្លងដែននាំទៅប្រទេសថៃ ចំនួន ៥នាក់នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ កក្កដា រកកិច្ចអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តនេះ ដើម្បីឲ្យជួយផ្លូវច្បាប់ដាក់ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យសាច់ញាតិរបស់ខ្លួនឆាប់បានចេញពីពន្ធនាគារនៅប្រទេសថៃ ត្រឡប់មកកម្ពុជា វិញ។ តុលាការថៃ បានផ្ដន្ទាទោសឲ្យសាច់ញាតិរបស់ពួកគេជាប់គុកម្នាក់ចំនួន ៦ឆ្នាំ ពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចូលប្រទេសថៃ។ សាច់ញាតិពលករនៅស្រុកមង្គលបូរី លើកឡើងថា សាច់ញាតិរបស់ពួកគេមិនគួរជាប់គុក ៦ឆ្នាំទេ ព្រោះពេលឆ្លងដែនទៅប្រទេសថៃ តាមរយៈមេខ្យល់នោះ ពួកគេពុំបានដឹងថាកាន់លិខិតឆ្លងដែនក្លែងក្លាយនោះទេ។

ពលរដ្ឋឈ្មោះ សឿន កាន់ ថ្លែងថា ពលករខ្មែរចំនួន ១០នាក់ នៅខេត្តបាត់ដំបង ៥នាក់ និងខេត្តបន្ទាយមានជ័យ ៥នាក់ ក្នុងនោះក៏មានសាច់ញាតិរបស់លោកចំនួន ៤នាក់ផងដែរ គឺប្រុសម្នាក់ និងស្រី ៣នាក់ ត្រូវបានតុលាការខេត្តសុរិន្ទ របស់ថៃ ផ្ដន្ទាទោសដាក់គុកម្នាក់ចំនួន ៦ឆ្នាំ ក្រោមបទចោទប្រើប្រាស់លិខិតឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។ លោកអះអាងថា កាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០១៧ សាច់ញាតិរបស់លោកទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ឈ្មោះ ដា ភេទស្រី រស់នៅស្រុកបាណន់ ខេត្តបាត់ដំបង ដោយឲ្យមេខ្យល់ម្នាក់ប្រមាណ ៣០ម៉ឺនរៀល ដើម្បីឲ្យជួយនាំឆ្លងដែន។

លោកបន្ថែមថា នៅពេលចេញដំណើរ មេខ្យល់បានឲ្យលិខិតឆ្លងដែនពលករកាន់ចូលទៅប្រទេសថៃ ដោយពុំដឹងថាជាលិខិតឆ្លងដែនក្លែងក្លាយនោះទេ ប៉ុន្តែនៅពេលធ្វើដំណើរតាមផ្លូវ ស្រាប់តែប៉ូលិសថៃ បានត្រួតពិនិត្យ និងចាប់ខ្លួននៅក្នុងទឹកដីខេត្តសុរិន្ទ តែម្ដង៖ «គាត់បានប្រាប់ប៉ូលិសថៃ ដែរថា មេខ្យល់នាំមក ហើយខាងថៃ តាមចាប់រយៈពេល ៣ខែហើយ តែចាប់មិនបាន គេក៏សម្រេចកាត់ក្ដីពលករទាំង ១០នាក់តែម្ដង។ មុនដំបូងគេកាត់ក្ដីជាប់ ១២ឆ្នាំ តែដោយសារពួកគាត់សារភាព តុលាការក៏បានសម្រាលទោសមកនៅ ៦ឆ្នាំវិញ។ បើទោះជាជាប់ ៦ឆ្នាំ ខ្ញុំគិតថាយូរណាស់ គ្មានអ្នកណារកស៊ីចិញ្ចឹមកូនចៅរបស់ពួកគាត់ទេ»។

អាស៊ីសេរី ពុំអាចរកប្រភពទាក់ទងមេខ្យល់ឈ្មោះ ដា ដើម្បីឆ្លើយតបជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៧ កក្កដា។សាច់ញាតិពលករដាក់ពាក្យស្នើអន្តរាគមន៍ឲ្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ជួយតាមផ្លូវច្បាប់ ដើម្បីឲ្យពលករខ្មែរបានត្រឡប់មកកម្ពុជា វិញ។ មន្ត្រីសម្របសម្រួលការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ក្នុងករណីនេះ ពលករទាំង ១០នាក់ពុំមានចេតនាប្រើលិខិតឆ្លងដែនក្លែងក្លាយនោះទេ តែជាកំហុសរបស់មេខ្យល់ដែលប្រគល់លិខិតឆ្លងដែនក្លែងក្លាយឲ្យពលករចូលប្រទេសថៃ ដោយខុសច្បាប់៖ «យើងឃើញថាមិនគួរចាប់គាត់ដាក់គុកទេ គួរតែស៊ើបសួរ ហើយដោះលែងគាត់។ នៅពេលខាងមុខ ក្រោយពេលយើងសាកសួរពួកគាត់រួច យើងបញ្ជូនឯកសារទៅស្នាក់ការកណ្ដាលអាដហុកនៅភ្នំពេញ ដើម្បីឲ្យជួយអន្តរាគមន៍ទៅក្រសួងការបរទេសខ្មែរទាក់ទងជាមួយស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ផ្ដល់មេធាវីជួយការពារក្ដីឲ្យពួកគាត់ ដើម្បីឲ្យរួចទោស ព្រោះតាមពិតពួកគាត់ចាញ់បោកមេខ្យល់ទេ»។ បច្ចុប្បន្ន ពលករខ្មែរទាំង ១០នាក់ ត្រូវបានតុលាការថៃ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តសុរិន្ទ។

អាស៊ីសេរី ពុំអាចទាក់ទងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៧ កក្កដា ដោយទូរស័ព្ទពុំមានអ្នកទទួល។

លោក ស៊ុំ ច័ន្ទគា លើកឡើងថា ករណីនេះសមត្ថកិច្ចពាក់ព័ន្ធអាចជួយអន្តរាគមន៍ទៅខាងភាគីថៃ ឲ្យពលកររួចទោសត្រឡប់មកកម្ពុជា វិញបាន ព្រោះតុលាការមិនទាន់ចេញសាលក្រមស្ថាពរនៅឡើយ៕

website_news/2017280701.txt · Last modified: 2017/08/24 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki