website_news:2017280702

តំណាងអយ្យការចោទប្រកាន់គ្រូបង្រៀនបរទេស ពីបទប្រទូស្តកេរ្តិ៍ខ្មាស

http://www.kaoh-santiphap-news. ៖ ឃឹម ប៊ុនណាក់ ថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ២២:២១

រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ កក្កដា ២០១៧ បានសម្រេចធ្វើការចោទប្រកាន់លើជនបរទេសជាគ្រូបង្រៀនម្នាក់ ពីបទប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤៦ និងមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានបញ្ជាក់ឲ្យដឹងថា សំណុំរឿងគ្រូបង្រៀនជនជាតិបរទេស ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជាផ្លូវការហើយ ហើយបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជាសិទ្ធិសម្រេចរបស់លោកចៅក្រម។

ក្រោយពីតំណាងអយ្យការចោទប្រកាន់នៅល្ងាចថ្ងៃដដែលនោះ ជនត្រូវចោទត្រូវបានតុលាការប្រគល់ឲ្យទៅសមត្ថកិច្ចគ្រប់គ្រងបណ្តោះអាសន្ន និងតម្រូវឲ្យព្រឹកថ្ងៃទី២៨ កក្កដា នាំមកជូនចៅក្រមស៊ើបសួរវិញ។ គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ Mark Andrew Smith ជាគ្រូបង្រៀនភាសារបរទេសនៅសាលាឯកជនមួយ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី២១ កក្កដា ២០១៧ ស្ថិតនៅខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុទើប៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ។

បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទប្រទូស្តកេរ្តិ៍ខ្មាស មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤៦ និងមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ។ ដែលបទល្មើសនេះ តម្រូវឲ្យផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។ សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីបែកធ្លាយព័ត៌មាន ក្នុងការបង្ហោះចែកចាយនៅលើ បណ្ដាញសង្គមហ្វេសប៊ុករបស់ស្ដ្រីវ័យចំណាស់ម្នាក់ មានគណនីឈ្មោះ Vriya MC ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ។

បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចទេ គ្រាន់តែបានទៅជួបជាមួយនាយកសាលា ដែលជាជនជាតិខ្មែរ ដើម្បីឲ្យជួយដោះស្រាយរឿងរ៉ាវដែលបានកើតឡើងនោះ។ ក៏ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនគ្រូបង្រៀនជនជាតិបរទេសរូបនោះតែម្តងទៅ៕

website_news/2017280702.txt · Last modified: 2017/09/07 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki