website_news:2017280706

ទូរទស្សន៍ CNN និង ABC News ផ្សាយព័ត៌មានបំភ្លៃ និងមួលបង្កាច់សេចក្តីថ្លៃថ្នូររបស់ម្តាយ

https://kohsantepheapdaily.com.kh/ ៖ អ៊ាង ប៊ុនរិទ្ធ ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ០៩:៤៧

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (សសសក) បានផ្ញើលិខិតពីរដាច់ដោយឡែកពីគ្នាជូនអ្នកនិពន្ធរបស់ទូរទស្សន៍ធំៗពីរ គឺ CNN News Network (CNN) និង Turner Broadcasting System, INC. សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានជាភាពយន្តឯកសារខ្លីមួយកាលពីពេលថ្មីៗនេះ ដែលមានលក្ខណៈបំភ្លៃ និងមួលបង្កាច់សេចក្តីថ្លៃថ្នូររបស់អ្នកម្តាយ និងស្ត្រីកម្ពុជា។ ភាពយន្តឯកសារខ្លីមួយក្រោមចំណងជើងថា៖ «ក្មេងស្រីកម្ពុជាត្រូវបានម្តាយលក់ឲ្យបម្រើផ្លូវភេទ» ជាភាពយន្តឯកសារត្រូវបាន CNN ផ្សព្វផ្សាយជាច្រើនលើកច្រើនសារ ហើយដុរចំណងជើងខុសៗគ្នា។

យោងលិខិតមួយចុះថ្ងៃទី២៧ កក្កដា និងចុះហត្ថលេខាដោយលោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក ជូនទៅទូរទស្សន៍ទាំងពីរខាងលើបានបញ្ជាក់ថា៖ «ភាពយន្តខាងលើនេះ មានកំហុសឆ្គងដោយសារការបកស្រាយមិនត្រឹមត្រូវ ដែលអាចនាំឲ្យាមានផលប៉ះពាល់ដល់កិត្តិនាមប្រទេសកម្ពុជានៅលើសកលលោក។ គេមិនគួរណាផ្សាយបំភ្លៃធ្វើឲ្យប៉ះពាល់ដល់ប្រជាជនកម្ពុជា ជាប្រជាជាតិមួយគោរពលើកតម្កើងតម្លៃស្ត្រី ជាប្រជាជាតិមួយដែលមានស្នាមញញឹមស្រស់ស្រាយរាក់ទាក់ និងជាប្រទេសមួយដែលជាគោលដៅទេសចរណ៍វប្បធម៌នោះឡើយ»។

កំហុសឆ្គងមួយនោះ គឺភាពយន្តឯកសារខ្លីបង្ហាញទីតាំងតំបន់ស្វាយប៉ាក ដែលត្រូវបានរាជរដ្ឋាភិបាលបង្ក្រាប និងបិទទីតាំងនោះជាង១៥ ឆ្នាំមុនមកហើយ។ តំបន់ស្វាយប៉ាកជាកន្លែងផ្ទះបនតាំងពីទសវត្សរ៍១៩៩០ ហើយពេលនោះមានស្ត្រីរកស៊ីផ្លូវភេទគ្រប់ជាតិសាសន៍។ លិខិតបានបន្ថែម៖ «ដូច្នេះការយករូបភាពស្វាយប៉ាក ជាចំនុចគោលនៃរបាយការណ៍ព័ត៌មានរបស់ CNN នៅពេលនេះ គឺបង្ហាញអំពីកំហុសខាងសីលធម៌ និងជាការផលិតព័ត៌មានដោយប្រឌិត និងបំភ្លៃផ្ទុយពីការពិតទាំងស្រុង និងក៏ជាចេតនាធ្វើឲ្យអ្នកទស្សនាទូទាំងពិភពលោក មានការយល់ច្រឡំចំពោះបញ្ហានេះនៅកម្ពុជាផងដែរ»។

អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ គឺថា៖ «ក្មេងស្រីដែលសម្ភាសន៍សម្រាប់ព័ត៌មានឯកសារខ្លីនេះ គឺជាជនជាតិវៀតណាម។ ក្នុងករណីនេះ ព័ត៌មាននៅក្នុងឯកសារនេះ គួរតែបញ្ញាក់ឲ្យច្បាស់ថា ក្មេងស្រីវៀតណាមរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានម្តាយវៀតណាមលក់ឲ្យផ្ទះបន ជាជាងបំភ្លៃថា «ក្មេងស្រីកម្ពុជាត្រូវម្តាយលក់ឲ្យបម្រើផ្លូវភេទ»៕

website_news/2017280706.txt · Last modified: 2017/09/07 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki