website_news:2017280707

CNN ដូរចំណងជើងព័ត៌មានដែលរងការិះគន់ថា បានបង្ខូចកិត្តិយសម្តាយ និងស្ត្រីខ្មែរ

https://thmeythmey.com/ 28, Jul 2017 , 11:44 am ដោយ: រំដួល ចិត្រា (Romdoul Chetra)

ភ្នំពេញ៖ សារព័ត៌មាន CNN របស់អាមេរិក បានកែសម្រួលអត្ថបទព័ត៌មាន ដែលចុះផ្សាយពីករណី«ក្មេងស្រីកម្ពុជាត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ» វិញ បន្ទាប់ពីមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ មន្ត្រីរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ គិតត្រឹមថ្ងៃទី២៨ កក្កដានេះ អត្ថបទរបស់សារព័ត៌មានCNN បានចុះផ្សាយ ចំនួន៣ថ្ងៃហើយ។ តាមរយៈចំណងជើងអក្សរធំ ដែលគេសង្កេតឃើញនៅថ្ងៃនេះ សារព័ត៌មានCNNបានចុះផ្សាយជាភាសាអង់គ្លេសថា «The girls sold for sex by their mothers» ដោយមានន័យជាភាសាខ្មែរ «ក្មេងស្រីត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ»។

ត្រង់ចំណងជើងនេះ CNN ហាក់មិនបានបញ្ជាក់អត្ថន័យសំដៅលើក្មេងស្រីរងគ្រោះនៃការជួញផ្លូវភេទនោះ ថាជាជនជាតិកម្ពុជា ឬជនជាតិអ្វីនោះឡើយ។ ប៉ុន្តែអ្វីដែលគេអាចកត់សម្គាល់បាននោះ គឺត្រង់ថា ចំណងជើង និងអត្ថន័យរបស់CNN ទំនងជាបានកែសម្រួលច្រើន ក្រោយពីមានការប្រតិកម្ម និងរិះគន់ពីសំណាក់មន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋ ចំពោះអត្ថបទរបស់CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី២៥ កក្កដា ជាភាសារអង់គ្លេសថា«The Cambodian girls sold for sex by their mothers» ដោយមានន័យជាភាសាខ្មែរ « ក្មេងស្រីកម្ពុជាត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ»។

ដោយសារតែចំណងជើងនេះហើយ ទើបមន្ត្រីរដ្ឋាភិបាល និងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក ) ប្រតិកម្មនឹងអត្ថបទរបស់សារព័ត៌មានCNNនេះ។ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាត់ទុកព័ត៌មានចុះផ្សាយនេះថា ជាការបំភ្លៃការពិត ដែលនាំឲ្យមនុស្សនៅជុំវិញពិភព មានការយល់ច្រឡំចំពោះប្រទេសកម្ពុជា។ ក្នុងលិខិតផ្ញើទៅនិពន្ធនាយក CNN សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានវាយតម្លៃថា ឯកសារវីដេអូរបស់ CNN មានកំហុសឆ្គងបកស្រាយមិនត្រឹមត្រូវ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយល់កម្ពុជា នៅលើសកលលោក។

អ្វីដែល ស.ស.ស.ក កត់សម្គាល់ឃើញកំហុសឆ្គងនៃការចុះផ្សាយនោះ មានចំនួនពីរចំណុច ទី១ត្រង់ទីតាំងតំបន់ស្វាយប៉ាក និងទី២ ក្មេងស្រីដែលត្រូវម្ដាយលក់ឲ្យបម្រើផ្លូវភេទនេះ ជាជនជាតិវៀតណាម ពោលគឺមិនមែនជនជាតិកម្ពុជាទេ។ ត្រង់ចំណុចនេះ ស.ស.ស.ក បានបញ្ជាក់ប្រាប់ CNN វិញថា តំបន់ស្វាយប៉ាក ត្រូវបានរដ្ឋាភិបាលបិទផ្ទះបនស្រីផ្លូវភេទ អស់រយៈពេល១៥ឆ្នាំមកហើយ ដូច្នេះការយករូបភាពតំបន់ស្វាយប៉ាក ជាចំណុចគោលដៅរបាយការណ៍ព័ត៌មានរបស់ CNN នៅពេលនេះ គឺជាកំហុសឆ្គងនៃការផលិតព័ត៌មានដោយប្រឌិត និងបំភ្លៃផ្ទុយពីការពិតទាំងស្រុង។

លិខិតដដែលរបស់លោក ហ៊ុយ វណ្ណៈ បានបន្តថា៖« ក្មេងស្រីដែលបានសម្ភាសសម្រាប់ធ្វើព័ត៌មានឯកសារខ្លីនេះ គឺជាជនជាតិវៀតណាម។ ក្នុងករណីព័ត៌មាននៅក្នុងឯកសារនេះ គួរតែបញ្ជាក់ឲ្យច្បាស់ថា ក្មេងស្រីវៀតណាមរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានម្ដាយវៀតណាមលក់ឲ្យផ្ទះបន ជាជាងបំភ្លៃថា «ក្មេងស្រីកម្ពុជាត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ»។ ការបំភ្លៃ និងការទម្លាក់កំហុសករណីរបស់អ្នកដទៃ មកលើម្ដាយនិងស្ត្រីកម្ពុជា គឺជាការប្រមាថ បំភ្លៃការពិត និងចោទប្រកាន់ចំពោះទង្វើអាក្រក់បែបនេះ ក្នុងគោលបំណងទុច្ចរិតមកលើម្ដាយ និងស្រ្តីកម្ពុជា ដោយអយុត្តិធម៌បំផុត»៕

website_news/2017280707.txt · Last modified: 2017/09/07 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki