website_news:2017280801

ពេលថ្ងៃស្កាត់ពលករ យប់ស្កាត់មាន់នាំចូលពីថៃខុសច្បាប់

https://kohsantepheapdaily.com.kh/ ៖ ម៉ុត សារុន ថ្ងៃសៅរ៏ ទី២៦ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៥:៤៩

ខេត្តបន្ទាយមានជ័យ ៖ នគរបាលក្រសួងមហាផ្ទៃ នៃគណៈកម្មាធិការពិនិត្យការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការសាងសង់សំណង់ និងប៉ុស្តិ៍អាណាធិបតេយ្យនានា នៅតាមបន្ទាត់ព្រំដែន សហការណ៍ជាមួយនគរបាលការពារព្រំដែនគោកលេខ៩១១ និងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសវិស័យសុខភាព សត្វ និងផលិទ្ធកម្មសត្វ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះទប់ស្កាត់ពលករប្រុងឆ្លងដែនខុសច្បាប់ និងមាន់រស់នាំចូលពីថៃ កាលពីថ្ងៃទី២៥ និងវេលាទាបភ្លឺព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ និងស្រុកស្វាយចេក ។

ករណីទប់ស្កាត់ពលករប្រុងឆ្លងដែនខុសច្បាប់ ធ្វើឡើងកាលពីរសៀល ថ្ងៃទី២៥ ខែសីហា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយសមត្ថកិច្ចរបស់គណៈកម្មាធិការខាងលើ សហការណ៍ជាមួយនគរបាលការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍ជោគជ័យ ។ សមត្ថកិច្ចទប់ស្កាត់បានពលករចំនួន១៤នាក់ ស្រី៧នាក់ ខណៈជាច្រើននាក់ទៀតរត់ចូលដីថៃ ។ ពលករទាំងនេះមកពីខេត្តសៀមរាប កំពត និងបន្ទាយមានជ័យ ពួកគេប្រាប់សមត្ថកិច្ចថា ប្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅខេត្តចាន់បូរី ប្រទេសថៃ ។ ពលករទាំង១៤នាក់ ក្រោយអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ឆ្លងដែនខុសច្បាប់ សមត្ថកិច្ចបានឲ្យពួកគេវិលត្រលប់ទៅលំនៅដ្ឋានវិញ ។

ដោយឡែកករណីទប់ស្កាត់មាន់រស់១រថយន្ត ធ្វើឡើងនៅវេលាម៉ោងជាង០១ទាបភ្លឺ ឈានចូលព្រឹកថ្ងៃទី២៦ ខែសីហា នៅភូមិចំកាគរ ឃុំស្វាយចេក ស្រុកស្វាយចេក គឺសមត្ថកិច្ចរបស់គណៈកម្មាធិការខាងលើស ហការណ៍ជាមួយនគរបាលការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍ចំកាគរ និងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសវិស័យសុខភាពសត្វ និងផលិទ្ធកម្មសត្វ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្ត ប្រាប់កោះសន្តិភាពថា ៖ មាន់ដែលលួចនាំចូលពីថៃ ក្នុងស្រុកស្វាយចេកនេះ គ្មានច្បាប់អនុញ្ញាតទេ និងមានចំនួន១,២៦០ក្បាល ។

តាមអនុក្រិត្យលេខ១៦ និងអនុលោមតាមច្បាប់គ្រប់គ្រងចំណីអាហារ មាត្រាលេខ៦២ឈ្មួញមាន់ ត្រូវបាន លោក ហ៊ុយ ទូច ប្រាប់ថា បានធ្វើការផាកពិន័យចូលជាថវិការដ្ឋចំនួន៥លានរៀលផងដែរ ៕

website_news/2017280801.txt · Last modified: 2017/08/29 16:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki