website_news:2017280802

ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនគរបាលជាតិ ស្ដីពីនីតិវិធី នៃការស៊ើបអង្កេតបទល្មើសជួញដូរមនុស្ស

http://police.gov.kh/blog/ 5:34 pm 25 សីហា 2017

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនគរបាលជាតិ ស្ដីពីនីតិវិធី នៃការស៊ើបអង្កេតបទល្មើសជួញដូរមនុស្ស ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន ។

នៅក្នុងពិធីនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានមានប្រសាសន៍ដែរថា ដើម្បីពង្រឹងដល់សមត្ថភាពដល់មន្រ្តីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឲ្យកាន់តែប្រសើរឡើងទើបមានការបើកវគ្គបណ្ដុះបណ្ដាលនេះឡើង ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ទោះបីជាមន្រ្តីមួយចំនួនបានធ្លាប់សិក្សា និងចុះស្រាវជ្រាវ ស៊ើបអង្កេត បទល្មើស ហើយក៏ដោយ ក៏ត្រូវមានការបណ្ដុះបណ្ដាលបន្ថែម ដើម្បីការកសាងនីតិវិធី ភស្តុតាង និងស៊ើបអង្កេត ក្នុងការដាក់បន្ទុកទៅលើជនល្មើសឲ្យកាន់ច្បាស់ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុល ភិធេយ្យ ក៏បានលើកឡើងដែរថា ការបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនេះដែរ គឺដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលតាមបណ្ដាលស្នងការដ្ឋានរាជធានី-ខេត្ត ជាពិសេសដើម្បីឲ្យគ្រូបង្គោលយកចំណេះដឹង និងបទពិសោធន៍ ទៅចែកចាយបន្តដល់មន្រ្តីថ្នាក់មូលដ្ឋានបន្តទៀតផងដែរ ។ ឯកឧត្តមបានលើកឡើងបន្តទៀតថា ការសិក្សាបើមិនមានការអនុវត្តជាក់ស្ដែង អាចធ្វើឲ្យភ្លេចនូវមេរៀន ការសិក្សានាពេលនេះ ដូចនេះ ឯកឧត្តមបានសំណូមពរដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងទាំងនេះទៅអនុវត្តជាក់ស្ដែង ក្នុងប្រតិបត្តិការជួញដូរមនុស្ស និងការពារអនីតិជន ជាពិសេសចែករំលែក ផ្សព្វផ្សាយបន្ត ដល់មន្រ្តីក្រោមឱវាទផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានថ្លែងអំណរគុណដល់អង្គការ USAID និងអង្គការជាដៃគូទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារៈ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលកម្ពុជា ហើយឯកឧត្តមក៏បានបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលនេះ នឹងមានបន្តទៀតសម្រាប់មន្រ្តីនគរបាលកម្ពុជា ផងដែរ ។

គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ២សប្ដាហ៍ គឺចាប់ថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា និង ថ្ងៃទី២១ ដល់ ២៥ ខែសីហា ឆ្នាំ២០១៧ ដែលមានសិក្ខាកាមចូលរួម ២២នាក់ (ស្រី ២នាក់) មកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ៧នាក់, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២នាក់, ស្នងការដ្ឋាននគរបាលសៀមរាប ២នាក់, ស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ ២នាក់, ស្នងការដ្ឋាននគរបាលកំពង់ធំ ២នាក់, ស្នងការដ្ឋាននគរបាលកំពង់ចាម ២នាក់, ស្នងការដ្ឋាននគរបាលកណ្ដាល ១នាក់, ស្នងការដ្ឋាននគរបាលព្រៃវែង ១នាក់, ស្នងការដ្ឋាននគរបាលស្វាយរៀង ១នាក់, ស្នងការដ្ឋាននគរបាលកោះកុង ១នាក់ និងស្នងការដ្ឋាននគរបាលឧត្តរមានជ័យ ១នាក់ ៕

website_news/2017280802.txt · Last modified: 2017/08/29 16:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki