website_news:2017280803

ឃុបឃិតគ្នាជាប្រព័ន្ឋប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ក្នុងការធ្វើប័ណ្ណឆ្លងដែន

http://www.arey-news.com/archives/ (ថ្ងៃទី 28 August 2017 ម៉ោង 8:01 am)

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទៅបានធ្វើការរិះគន់ចំៗទៅលើលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងលោក សេម មករា កំពុងតែឃុបឃិតគ្នាជាប្រព័ន្ឋប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកក្នុងការធ្វើប័ណ្ណឆ្លងដែនដែលផ្គើនទៅហ្នឹងអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពពីមន្ត្រីប៉ូលិសអន្តោប្រវេសន៍ម្នាក់សុំមិនអោយបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា លោកនឹងមិនពេញចិត្តទៅហ្នឹងទង្វើរបស់លោក ស៊ឹម សំអាត នោះទេពាក់ពន្ធ័ទៅនឹងការធ្វើលិខិតឆ្លងដែន( BorderPass)ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់កំណត់សម្រាប់ប្រជាពលរដ្ឋខ្មែរគឺតម្លៃត្រឹមតែ២៥០០០រៀលតែប៉ុណ្ណោះ(ពីរម៉ឺនប្រាំពាន់រៀល) តែលោក ស៊ឹម សំអាត បានឃុបឃិតគ្នាជាមួយនិងលោក សេម មករា រួមនឹងមន្ត្រីក្រោមឳវ៉ាតព្រមទាំងមេខ្យល់មួយចំនួនដោយបង្គាប់ឲ្យយកលុយក្នុងម្នាក់បើធ្វើថ្ងៃនេះយកស្អែកតម្លៃ៨០០-១០០០បាតតែបើរង់ចាំពី១-២ម៉ោងតម្លៃពី១៣០០-១៥០០បាតពី៦០០-៨០០-១២០០រហូតដល់ទៅ១៥០០ លុយបាតឯណ្ណោះ។សូមជំរាបដែរថា ពាក់ពន្ឋ័ទៅនឹងការធ្វើលិខិតឆ្លងដែន( BorderPass)នេះដែរនាពេលកន្លងមក គឺគេនិយាយតំលៃបើកចំហរ តែនាពេលបច្ចុប្បន្ននេះ ដោយមានការបែកធ្លាយរឿងច្រើនពេកគេបានប្តូកម្មវិធីដោយឲ្យលេខទូរសព្ទ័ដើម្បីធ្វើការចរចាតំលៃស្ងាត។

ដោយឡែក សម្រាប់ពលរដ្ឋខ្មែរធ្វើកាតចូលផ្សាររោងក្លឿប្រទេសថៃវិញត្រូវបានលោក ស៊ឹម សំអាត កំណត់អោយយកតម្លៃ២៥០បាត(លុយបាត)ហើយមិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែរូបថតមួយសន្លឹងដ៏តូចប្រហែល៣គុណនឹង៤សោះបែជាពួកគេយកតម្លៃរហូតទៅដល់៦០០០រៀលហើយប្រសិនជាប្រជាពលរដ្ឋបានយករូបថតដែលខ្លួនមានស្រាប់បែជាគេយកលេះថារូបថតនោះមិនមានបញ្ជាក់ពីថ្ងៃខែហើយម្យ៉ាងវិញទៀតអ្នកដែលធ្វើការនៅទីនោះពិសេសអ្នកថតរូបតែម្តងនិយាយស្តីហាក់បីដូចជាគ្មានសីលធម៌បន្តិចទាល់តែសោះ។

សូមបញ្ជាក់ដែរថា ក្រៅពីកំណត់តម្លៃធ្វើបណ្ណ័ឆ្លងដែន(Boeder Pass)ថ្លៃកប់ពពកនោះលោក ស៊ឹម សំអាត់ ក៏នៅមានជំនួញមួយទៀតដោយបញ្ជាអោយកូនចៅរបស់ខ្លួនគឺលោកអនុសេនីយ៍ឯក ម៉ៅ ម៉យ ដាក់កុងត្រូលជជុះនៅពីមុខកាស៊ីណូហូលីដេ ចំណុចក្រោមប្រាសាទកំពូលបីចាំជម្រិតទារលុយ ពីកម្មករអូសរទេះដែលស៊ីឈ្នួលដឹកទំនិញពីផ្សាររោងគ្លឿប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងដាក់ខែអោយអ្នករត់ម៉ូតូឌុបបង់លុយក្នុង១ខែម្នាក់៣០០បាតតែបើទៅទាក់ម៉ូយហួសដែនបំណត់គឺគេយកតំលៃចាប់ពី ៦០០ទៅ ១០០០បាតទើបអាចចូលទៅដឹកម៉ូយនៅចំណុចក្បាលស្ពានមិត្តភាពកម្ពុជា-ថៃបាន ។ ចំណែកនៅចំណុចជញ្ជើមផ្លូវទល់មុខកាស៊ីណូហូលីដេ ឯណ្ណោះវិញ បានយកលុយខែពីអ្នកម៉ូតូកង់បីចាប់ពី៣០០ទៅ៦០០បាតក្នុងមួយខែនិងបើគិតជាថ្ងៃគឺមួយថ្ងៃ២០បាតផងដែរ។

មិនត្រឹមតែប៉ុនហ្នឹងទេ នៅចំណុចប៉ុស្តិ៍កណ្តាលជាប់រង្វង់មូលលោក ស៊ឹម សំអាត កំណត់អោយយកលុយពីកម្មករដឹកទំនិញចូលទៅទឹកដីថៃនិងដាក់ខែពីអ្នករត់ម៉ូតូឌុបនៅកន្លែងវាយបរិផាតចំនួន ៣០០ បាទក្នុងមួយខែបន្ថែមទៀតបានបង្កឲ្យមានការកកស្ទះជាខ្លាំងរកតែកន្លែងឲ្យភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរសឹងនឹងបានផង។មិនត្រឹមតែប៉ុណ្ណោះទេបានយកលុយខែពីបងប្អូនប្រជាពលរដ្ឋដែលលក់ចំណីអាហារនៅតាមចិញ្ជើមផ្លូវសាធារណៈដូចជា៖រទេះរុញ;លក់បារី;ស្រា ;សំលៀកបំពាក់ ។ល។

នៅអមសងខាងផ្លូវដោយចាប់ពីប៉ុស្តិ៍ត្រួតពិនិត្យរង្វង់មូលរហូតដល់ក្បាលស្ពានតម្រូវអោយបង់លុយក្នុង១ខែចាប់ពី១៥០0- ២០០០-៥០០០បាតរហូតដល់ជាង១ម៉ឺនបាតក្នុងម្នាក់ៗ អាស្រ័យលើទំនិញតិចឬច្រើន។មិនតែប៉ុណ្ណោះទេលោក ស៊ឹម សំអាត បានបង្កើតជំនួញមួយទៀតតាមរយៈយកស្ពានមិត្តភាពកម្ពុជា-ថៃធ្វើជាកន្លែងផ្លាសប្តូទំនិញពីកម្ពុជា ទៅថៃពីថៃ មកកម្ពុជាធ្វើឲ្យមានការកកស្ទះជាខ្លាំង ពិសេសទឹកត្រីដែលហូរចេញពីត្រីក្នុងរទេះ ខណះដែលឈ្មួញកំពុងតែផ្ទេរនោះធ្វើឲ្យជះខ្លិនឆ្អាបធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងតែចេញមកប្រទេសកម្ពុជានោះពិសេសជាងនេះទៅទៀតនិងអាចប៉ះពាល់ដល់អ្នកជំងឺដែលអញ្ជើញទៅពិនិត្យនិងព្យាបាលនៅឯប្រទេសថៃ ។ ហើយរាល់ចំណូលដែលលោក ស៊ឹម សំអាត បានមកពីអំពើពុករលួយដូចដែលបានរៀបរាប់ខាងលើយោងតាមប្រភពច្បាស់ការបានឲ្យដឹងថា គឺមិនបានបង់ចូលរដ្ឋនោះទេ។ ប្រជាពលរដ្ឋបានដាក់ជាសំណួរថា តើលុយមហាសាលខាងលើយកទៅណា? ៕

website_news/2017280803.txt · Last modified: 2017/08/29 17:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki