website_news:2017280903

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកបញ្ហាពលករកម្ពុជា និងការចូលកាប់ឈើខុសច្បាប់ ក្នុងជំនួបជាមួយទូតថៃ

http://kleykley.sabay.com.kh/article/ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ ម៉ោង 20:22

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក នុតតាថាវុធ ប៉ូទីថារ៉ូ ( Nut tavudh Photisaro) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបជម្រាបលា កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងជំនួបពិភាក្សានោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវបញ្ហាធំៗចំនួនពីរសំខាន់ៗ។ ទី១ ពាក់ព័ន្ធនឹងពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ អាជ្ញាធរពាក់ព័ន្ធកម្ពុជាកំពុងតែខិតខំធ្វើយ៉ាងណាសហការជាមួយអាជ្ញាធរថៃក្នុងការធ្វើយ៉ាងណាផ្តល់នៅភាពស្របច្បាប់ដល់ពលករកម្ពុជា។

ទី២ ពាក់ព័ន្ធនឹងការចូលកាប់ឈើខុសច្បាប់នៅក្នុងប្រទេសថៃ សម្ដេច ស ខេង បានសាទរចំពោះភាគីទាំងពីរខិតខំ ដែលបានរួមគ្នាទប់ស្កាត់សម្រេចបាននៅលទ្ធផលល្អប្រសើរ ដោយនៅក្នុងឆ្នាំនេះ មានករណីឆ្លងដែនខុសច្បាប់ទៅកាប់ឈើពីសំណាក់ប្រជាពលរដ្ឋកម្ពុជា តែមួយករណីប៉ុណ្ណោះ។

ជាក់ស្តែង កម្ពុជាក៏បានផ្តល់ការអប់រំដល់ប្រជាពលរដ្ឋប្រកបប្រសិទ្ធភាព រីឯខាងភាគីថៃក៏បានសហការទប់ស្កាត់បានល្អប្រសើរផងដែរ។ ពាក់ព័ន្ធនឹងការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកអគ្គរាជទូតថៃក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់សម្តេច ស ខេង ដែលបានធ្វើឲ្យទំនាក់ទំនងរវាងខេត្តជាប់ព្រំដែនកម្ពុជា ថៃ បានបន្តកិច្ចសហការជាមួយគ្នាយ៉ាងល្អប្រសើរ។ លោកក៏បានអរគុណចំពោះកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ ជាពិសេសខាងផ្នែកនគរបាល និងអន្តោប្រវេសន៍ ព្រមទាំងអរគុណអាជ្ញាធរកម្ពុជាដែលបានយកចិត្តទុកដាក់អ្នកជាប់ទោសថៃ នៅកម្ពុជា។

ជាមួយគ្នានេះ ឯកអគ្គរាជទូតថៃ ក៏បានសម្តែងនូវការអបអរសាទរចំពោះការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងថៃដូចជាកើនឡើងនូវចំនួនអ្នកទេសចរណ៍ថៃមកកាន់កម្ពុជានិងចំនួនទេសចរកម្ពុជាទៅកាន់ប្រទេសថៃដែលនេះស្តែងឲ្យឃើញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងថៃ៕ សោភា

website_news/2017280903.txt · Last modified: 2017/09/28 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki