website_news:2017281205

រាជរដ្ឋាភិបាលនឹងជំរុញដាក់រោងចក្រទៅតាមបណ្តាខេត្តដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក

http://www.rasmeinews.com/ December 28, 2017

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ឲ្យដឹងថា រាជ រដ្ឋាភិបាលនឹងជំរុញដាក់រោងចក្រនៅតាមបណ្ដាខេត្ត ដើម្បីកាត់បន្ថយនូវការធ្វើចំណាកស្រុករបស់យុវជន យុវនារី ដែលតែងស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ ។ តាមរយៈផែនការនេះប្រមុខរដ្ឋាភិបាលក៏បានអំពាវនាវឲ្យកម្មកររោងចក្រទាំងអស់ចូលរួមការពារឲ្យបាននូវសន្តិភាព ចូលរួមរក្សាស្ថិរភាពនយោ បាយដើម្បីធានាការអភិវឌ្ឍ ធានាការងារធ្វើសម្រាប់ក្មួយៗ និង ពង្រឹងសុវត្ថិភាពនៅក្នុងរោងចក្រ ។

ប្រមុខរាជរដ្ឋភិបាលបានថ្លែងបែបនេះទៅកាន់ក្រុមកម្មករ កម្មការិនីប្រមាណជាង១,៤ ម៉ឺននាក់នៅតំបន់ផ្លូវជាតិលេខ ៣ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖«ក្មួយៗត្រូវចាំបើចង់រក្សាការងារធ្វើ ចង់រក្សានូវប្រាក់ចំណូលដែលក្មួយមាន ត្រូវខិតខំរួមចំណែកការពារនូវសន្តិភាពឲ្យខានតែបាន មិនត្រូវផ្តល់ឳកាសឲ្យអ្នកណាមួយទាំងជនជាតិខ្មែរ និង ជនជាតិបរទេស បំផ្លិចបំផ្លាញសន្តិភាពដូចពីអតីតកាលនោះទេ កុំផ្តល់ឳកាសឲ្យពួកគេ ដោយតម្លៃណាក៏ដោយយើងត្រូវហានងើបឈរឡើងដើម្បីការពារនូវ ឯករាជ្យ អធិបតេយ្យជាតិ ការពារនូវសន្តិភាព ដើម្បីបន្តការអភិវឌ្ឍសម្រាប់យើងទាំងអស់គ្នា ។ ព្រោះនេះវាជាជីវិតរបស់យើង វាជាឆ្នាំងបាយរបស់យើង អតីតកាលបានបង្រៀនយើងគ្រប់សព្ធហើយ…» ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា៖ក្រឡេកមើលមកក្រោយបន្ដិច ដើម្បីមានឱកាសថ្ងៃនេះ យើងបានធ្វើកិច្ចការច្រើនណាស់។ គណបក្សប្រជាជនបានលះបង់ធំធេងណាស់៖ទី ១ ផ្ដួលរំលំរបប ប៉ុល ពត ដើម្បីសង្គ្រោះជីវិតជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗអោយរស់រានមានជីវិត ។ទី ២ ការទប់ស្ដាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទី៣. ការស្វែងរកសន្ដិភាព ដើម្បីដំណើរការបង្រួបបង្រួមជាតិ តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយបន្ទាប់ទៅយើងដាក់ចេញនូវការអនុវត្តនយោបាយឈ្នះឈ្នះដែលនាំមកនូវការឯកភាពទឹកដីជាលើកដំបូង ជាប្រវត្តិសាស្ត្រជាតិរបស់យើង ដែលមុននេះទឹកដីនៃប្រទេសកម្ពុជា ជាប្រទេសមួយមានតំបន់ត្រួតត្រាច្រើន កម្លាំងប្រដាប់អាវុធច្រើន ប្រខាំគ្នាមិនចេះចប់ ។ ប៉ុន្តែយើងបានខិតខំដើម្បីស្វែងរកធ្វើឲ្យមានឯកភាពជាតិជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ បើមិនរាប់រយឆ្នាំទេ ក៏វារាប់សិបឆ្នាំហើយដែរ ។ ឱកាសមាស ឱកាសពេជ្រ បានមកដល់សម្រាប់កម្ពុជារបស់យើង យើងបានខិតខំដើម្បីប្រើប្រាស់ឱកាសដែលអនុគ្រោះចេញមកពីសន្តិភាព និងការបង្រួបបង្រួមជាតិនេះ ដើម្បីអភិវឌ្ឍប្រទេសជាតិឡើងវិញ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖ជោគជ័យនៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺបានមកពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋ ។ ប្រសិនគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ ក៏គ្មានជោគជ័យដែរ ។ ដូចនេះមិនមែនជាបញ្ហាដាច់ដោយឡែករបស់គណបក្សប្រជាជន មិនមែនជាបញ្ហាដាច់ដោយឡែករបស់មេដឹកនាំរបស់គណបក្សប្រជាជននោះទេ។ ក៏ប៉ុន្តែជាមោទនភាពដែលក្មួយទាំងឡាយគប្បីត្រូវមានចំពោះជីដូនជីតាឪពុកម្តាយរបស់ក្មួយៗដែលបានខិត ខំធ្វើនូវកិច្ចការងារនេះ ។ គ្មានជោគជ័យណាមួយដែលយើងដណ្តើមបានដោយខ្វះការចូលរួមនោះទេ ។ ឯអ្នកចូលរួមជំនាន់មុនគឺជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗនោះហើយ ដែលជាអ្នកបានចូលរួមគាំទ្រគណបក្សប្រជាជនបានចូលរួមគាំទ្រមេដឹកនាំគណបក្សប្រជាជន។ ដោយហេតុនេះហើយបានជាក្មួយៗត្រូវចងចាំថា ដើម្បីមានការងារធ្វើនៅថ្ងៃនេះ យើងបានលះបង់ច្រើនណាស់យើងបានធ្វើកិច្ចការច្រើនណាស់ដើម្បីឲ្យក្មួយ ៗមានការងារធ្វើ និងមានប្រាក់ចំណូលកាន់តែច្រើនទៅៗ ។ នេះជាប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ជាទីបញ្ចប់សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើតាមរយៈក្មួយៗជាកម្មករ កម្មការិនីទៅកាន់ក្រុមគ្រួសារជាមាតាបិតា ជាជីដូនជីតា និង ក្រុមគ្រួសារ នូវការសាកសួរសុខទុក្ខហើយសង្ឃឹមថា ពួកគាត់នឹងផ្តល់នូវការគាំទ្រសម្រាប់គណបក្សប្រជាជនសម្រាប់សម្តេចបន្តការដឹកនាំប្រទេសមួយនេះ ក្នុង រយៈពេលមិនតិចជាង ១០ ឆ្នាំទៀត ។ សម្តេចបានបន្តថាសម្តេចពិតជាមានការហត់នឿយណាស់ទៅហើយ ក៏ប៉ុន្តែដើម្បីអមដំណើរជាមួយបងប្អូនកម្មករ កម្មការិនី ពង្រីកនូវការលូតលាស់ និង ធានាឲ្យបាននូវសន្តិភាពសម្តេចមានតែខិតខំបន្តទៀតតែប៉ុណ្ណោះ ដើម្បីនាំប្រទេសនេះទៅកាន់ប្រទេសមួយដែលមានប្រាក់ចំណូលកម្រិតខ្ពស់ និង អត្រានៃភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម១ ភាគរយ ឬ សូន្យភាគរយ ៕ដោយ៖តារារិទ្ធ/sn

website_news/2017281205.txt · Last modified: 2017/12/28 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki