website_news:2017281207

ពលករខ្មែរម្នាក់ត្រូវតម្រួតថៃ កាប់ស្លាប់ពេលផឹកស៊ីស្រវឹង

http://cambodiapolice.com 12:11 pm 28 ធ្នូ 2017

ប្រទេសថៃ ៖ ជនរងគ្រោះម្នាក់ ដែលជាពលករបម្រើការងារនៅឯប្រទេសថៃបានស្លាប់នៅក្នុងថ្លុកឈាម ខាងមុខអគារស្នាក់នៅរបស់ខ្លួន បន្ទាប់ពីជនរងគ្រោះរូបនេះបានផឹកស៊ីជាមួយមិត្តភ័ក្ត្រ ដែលជាពលករខ្មែរដូចគ្នា ហើយទំនងជាស្រវឹងរៀងខ្លួននិងបានទាស់សម្តីគ្នា ទើបត្រូវភាគីម្ខាងទៀតទាញប៉័ងតោកាប់យកតែម្តង ហើយគេចខ្លួនបាត់។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចថៃបានឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០ នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ត្រង់ចំណុចខាងមុខអគារស្នាក់នៅរបស់កម្មករមួយកន្លែងដែលស្ថិតក្នុងក្រុមហ៊ុនអ៊ីតាលៀនថៃ ឌីវើលុបភើមេន ច្រកចូលសណ្ឋាគារប៉ាធុមផាឡាស់ ក្នុងឃុំបានម៉ៃ ស្រុកមឿង ខេត្តប៉ាធុមថានី ប្រទេសថៃ។ នៅកន្លែងកើតហេតុគេសង្កេតឃើញមានកម្មករកសាងជាច្រើននាក់ បានឈរចោមរោមមើលសពពលករខ្មែរម្នាក់ដែលបានដេកស្លាប់ស្តូកស្តឹងក្នុងថ្លុកឈាម ដែលក្រោយពីសមត្ថកិច្ចថៃបានចុះទៅពិនិត្យសពគឺសង្កេតឃើញថា មានស្នាមកាប់នឹងវត្ថុមុតស្រួចចំនួន២កន្លែង គឺក្បាលផ្នែកខាងក្រោយមួយកន្លែង និងដៃស្តាំមួយកន្លែង។ សពនេះមានឈ្មោះ ធុច ចង្រិត ភេទប្រុស អាយុ៣៧ឆ្នាំ ជាពលករខ្មែរ ដែលប្រភពមួយចំនួនបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះរូបនេះបានផឹកស៊ីជាមួយមិត្តភ័ក្ត្ររបស់គេម្នាក់ ដែលជាពលករមកពីប្រទេសកម្ពុជាដូចគ្នា លុះពេលស្រវឹងទំនងជាមានការទាស់សម្តីគ្នា ទើបត្រូវភាគីម្ខាងប្រើកាំបិតបុ័ងតោកាប់ស្លាប់ដោយគ្មានអ្នកណាដឹងសោះ។

ស្ត្រីឈ្មោះ សិរីផាន់ សែនផាប អាយុ៤៩ឆ្នាំ បាននិយាយថាខណៈដែលខ្លួនកំពុងឈរជជែកគ្នាលេងជាមួយនឹងអ្នកគ្រប់គ្រងអគារស្នាក់នៅរបស់កម្មករ នៅឯប៉ុស្តិ៍យាមខាងមុខគឺបានឃើញពលករខ្មែរម្នាក់(ជនសង្ស័យ) ស្លៀកខោជើងវែង ពាក់អាវដៃវែង ពណ៌ខៀវ គ្មានពាក់ស្បែកជើង បានដើរចេញទៅក្រៅដោយបានប្រាប់ថា សុំទៅទិញសាច់ក្លែមខាងក្រៅមួយភ្លែត ហើយក៏បាត់រហូត រួចទើបដឹងថា មានករណីនេះកើតឡើង។ បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកអត្តសញ្ញាណដើម្បីរៀបចំបញ្ជូនមកអោយក្រុមគ្រួសារ សាច់ញាតិ នៅឯប្រទេសកម្ពុជាវិញ ដោយឡែកជនសង្ស័យដែលគេបានស្គាល់សាវតាច្បាស់ហើយនោះ គឺតម្រួតថៃ កំពុងតាមរកក្នុងការចាប់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ដោយៈ ពាយ័ព្យ

website_news/2017281207.txt · Last modified: 2017/12/28 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki