website_news:2017281208

ឧទ្ធរណ៍ជម្រះក្ដីស្ត្រីអូស្ត្រាលី ករណីជួលស្ត្រីខ្មែរពពោះ

http://www.postkhmer.com/ Thu, 28 December 2017 គឹម សារុំ

ភ្នំពេញៈ ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Tammy Alayne Chales អាយុ ៤៩ ឆ្នាំដែលជាជនជាប់ចោទពាក់ព័ន្ធក្នុងសំណុំរឿងជួលស្ត្រីខ្មែរពពោះយកក្មេងទៅបរទេសកាលពីម្សិលមិញបានទទួលកំហុស និងសុំឲ្យបន្ថយទោសនៅចំពោះមុខសវនាការជម្រះក្ដីនៃសាលាឧទ្ធរណ៍ ដែលបានធ្វើឡើងក្រោយពីតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ១ ឆ្នាំ ៦ ខែ។

មុនសវនាការចាប់ផ្ដើម បើទោះបីជាមានការណែនាំពីលោកស្រី គឹម ដានី ប្រធានក្រុមប្រឹក្សាជំនុំជម្រះថាជនជាប់ចោទមានសិទ្ធិដឹងពីការចោទប្រកាន់ អាចសុំផ្លាស់ប្ដូរសមាសភាពចៅក្រមប្រឹក្សាមានសិទ្ធិជ្រើសរើសមេធាវី និងមានសិទ្ធិឆ្លើយ ឬមិនឆ្លើយនៅពេលចៅក្រមសួរ តែជនជាប់ចោទមិនយកចិត្តទុកដាក់លើការណែនាំនោះទេ ដោយទុកឲ្យតុលាការបន្តនីតិវិធីតាមធម្មតា។ ជនជាប់ចោទថ្លែងថា៖ «សំណូមពររបស់ខ្ញុំទៅតុលាការគឺដោយសារគ្រូពេទ្យបានផ្ញើលិខិតបញ្ជាក់អំពីបញ្ហាជំងឺមហារីកកោសិកាដល់ខ្ញុំ ដូច្នេះខ្ញុំសូមដល់តុលាការជួយកាត់បន្ថយទោសដល់ខ្ញុំផងដើម្បីឲ្យខ្ញុំឆាប់បានចេញពីមន្ទីរឃុំឃាំងទៅព្យាបាលជំងឺ»។

លោកព្រះរាជអាជ្ញា ជា ម៉េត តំណាងមហាអយ្យការបានសន្និដ្ឋានថាក្រោយពីបានស្តាប់ការសួរដេញដោលរបស់ក្រុមប្រឹក្សាជំនុំជម្រះ និងក្រោយពីពិនិត្យលើអង្គហេតុបានឲ្យដឹងថាជនជាប់ចោទបានសារភាពហើយឆ្លងតាមកំណត់ហេតុរបស់នគរបាលគឺជាបទល្មើសជាក់ស្តែង។ លោកព្រះរាជអាជ្ញាថ្លែងថា៖ «ការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញលើជនជាប់ចោទ និងបក្ខពួកគឺជាការសម្រេចត្រឹមត្រូវតាមច្បាប់ហើយ។ ដូច្នេះខ្ញុំសូមតម្កល់សាលក្រមទុកជាបានការដដែល»។

លោកស្រីចៅក្រម គឹម ដានី បានឲ្យដឹងតាមអង្គហេតុថាកាលពីអំឡុងឆ្នាំ ២០១៥-២០១៦ ស្ត្រីជាប់ចោទ Tammy- Alayne Chales បានមកប្រទេសកម្ពុជាហើយស្វែងរកស្ត្រីខ្មែរដើម្បីពពោះយកទារក និងបានទាក់ទងបុរសឈ្មោះ ពេជ្រ ឫទ្ធី និង ស្ត្រីឈ្មោះ សំរិទ្ធ ចរិយ៉ា ដើម្បីរកស្ត្រីខ្មែរឲ្យពពោះ។ អង្គហេតុបង្ហាញបន្តថាបន្ទាប់ពីជនទាំង ២ នាក់រកស្ត្រីខ្មែរបានក៏នាំទៅមន្ទីរសម្ភពដើម្បីចាក់មេជីវិតដែលស្ត្រីជាប់ចោទផ្តល់ប្រាក់ឲ្យថ្លៃសេវាចំនួន ៣០០ ដុល្លារ។ រីឯស្ត្រីជាអ្នកពពោះនោះគឺស្ត្រីជាប់ចោទផ្តល់ប្រាក់ឲ្យ ១ ម៉ឺនដុល្លារពេលទារកកើតមក។ ប៉ុន្តែត្រូវធ្វើសំបុត្រកំណើតហើយយកឯកសារពីបុរសបរទេសមកធ្វើជាឪពុក និងបញ្ជូនទារកនោះចេញទៅបរទេសតែម្តង។ ប៉ុន្តែរឿងនេះត្រូវនគរបាលប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួនបុរសឈ្មោះ ពេជ្រ ឫទ្ធី ស្នាក់នៅសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក និងស្ត្រីឈ្មោះ សំរិទ្ធ ចរិយ៉ា អាយុ ៣០ ឆ្នាំ មុខរបរឆ្មបស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ ៧ មករានៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦។

សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅថ្ងៃទី ៣ ខែសីហាឆ្នាំ ២០១៧ សម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ ១ ឆ្នាំ ៦ ខែចោទបទ «អន្ដរកាលរវាងអ្នកសុំកូន និងស្ត្រីពពោះ និងបទសុំឲ្យផ្ដល់ឯកសារទុច្ចរិត» និងពិន័យប្រាក់ ៤ លានរៀលចូលថវិការដ្ឋ។ ដោយឡែកជនជាប់ចោទខ្មែរ ២ នាក់ទៀតក៏ជាប់ដូចគ្នាជាចារីសមគំនិត។

មុនបញ្ចប់ជំនុំជម្រះលោកស្រីចៅក្រម គឹម ដានី បានថ្លែងថា សាលដីកានេះនឹងប្រកាសនៅថ្ងៃទី ៨ ខែមករាខាងមុខ។ បើតាមរបាយការណ៍នគរបាលបង្ហាញថា ករណីនេះមានស្ត្រីខ្មែរ ២៣ នាក់ហើយដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញទាក់ទងនឹងករណីគេឲ្យពពោះជំនួសក្នុងអាជីវកម្មខុសច្បាប់។ ក្នុងចំណោមស្ត្រីខ្មែរទាំង ២៣ នាក់នោះគេបង្កើតបានទារក ៥ នាក់ខណៈស្ត្រី ១៨ នាក់ទៀតកំពុងពពោះនៅឡើយ៕

website_news/2017281208.txt · Last modified: 2017/12/28 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki