website_news:2017290301

សកម្មជនការងារសុំឱ្យរដ្ឋាភិបាលប្រុងប្រយ័ត្នក្នុងការបញ្ជូនពលករទៅកាតា

http://khmer.voanews.com 29 មិនា 2017 ម៉ែន គឹមសេង

«នៅប្រទេសកាតាគឺជា ប្រទេសអ្នកមាន ហើយគេជួលពលរដ្ឋមកពីប្រទេសក្រីក្រមកធ្វើការ ហើយប្រទេសនេះ មិនមានអង្គការសង្គមស៊ីវិលអង្គការសិទ្ធិមនុស្សអ្វីទេ ហើយគេក៏អត់ខ្វល់ពីសិទ្ធិមនុស្សទេ‍»។

វ៉ាស៊ីនតោនៈ អ្នកការពារសិទ្ធិពលករស្នើឱ្យរដ្ឋាភិបាលពិចារណាដាក់ចេញនូវវិធានការជាក់លាក់មុននឹងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសកាតា ដើម្បីជៀសវាងការកេងប្រវ័ញ្ច និងការធ្វើបាប។ លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស(សង់ត្រាល់) បានស្នើឡើងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាគួរតែមានស្ថានទូតនៅប្រទេសកាតាជាមុនសិន មុននឹងបញ្ជូនពលករខ្មែរទៅធ្វើការនៅទីនោះ ហើយត្រូវបង្កើតគណៈកម្មការចុះតាមដានការអនុវត្តអនុស្សារណៈស្តីពីការយោគយល់ (MOU)ដែលបានចុះហត្ថលេខារវាងប្រទេសកាតានិងប្រទេសកម្ពុជា ទន្ទឹមនឹងនោះត្រូវជួយពលករឱ្យយល់ពីវប្បធម៌និងរបៀបរបបនៃការរស់នៅក្នុងប្រទេសនេះជាដើម។ លោក ហូយ៉ាព្រួយបារម្ភថា ពលរដ្ឋខ្មែរអាចក្លាយជាជនរងគ្រោះនៅទីនោះដោយសារប្រទេសនេះមិនមានវត្តមានអង្គការសិទ្ធិមនុស្សនិងការងារ ហើយតាមរយៈបទពិសោធន៍នៃប្រទេសដទៃទៀតគឺមានការល្មើសនឹងកិច្ចសន្យានិងធ្វើបាបពលករ។ លោកបន្ថែមថា៖ «នៅប្រទេសកាតាគឺជា ប្រទេសអ្នកមាន ហើយគេជួលពលរដ្ឋមកពីប្រទេសក្រីក្រមកធ្វើការហើយប្រទេសនេះ មិនមានអង្គការសង្គមស៊ីវិលអង្គការសិទ្ធិមនុស្សអ្វីទេ ហើយគេក៏អត់ខ្វល់ពីសិទ្ធិមនុស្សទេ‍»។

រដ្ឋសភាកម្ពុជាបានអនុម័តយល់ព្រមកាលពី ឆ្នាំ២០១២ ឱ្យកម្ពុជាបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសកាតាតាមអនុស្សារណៈនៃការយោគយល់រវាងកម្ពុជានិងប្រទេសកាតា។ ប្រទេសកាតាបានសម្តែងការចាប់អារម្មណ៍ក្នុងការទទួលពលករខ្មែរចំនួន៣៣.០០០នាក់ ហើយរហូតមកដល់ពេលនេះមានអ្នកដាក់ពាក្យចំនួន១.០០០នាក់ ហើយមាន២០០នាក់បានឆ្លងកាត់ការប្រឡងសមត្ថភាព។ នេះបើតាមការបញ្ជាក់របស់លោកឌី ថេហូយ៉ា។ សកម្មជនសិទ្ធិពលកររូបនេះក៏យល់ថា រដ្ឋាភិបាលគួរតែពិនិត្យមើលលើក្រុមហ៊ុនបញ្ជូនពលករផងដែរ៖ «ខ្ញុំគិតថា ក្រុមហ៊ុនឯកជនដែលត្រៀមនឹងបញ្ជូនទៅក៏គួរតែតាមដានឱ្យមែនទែនថាតើគាត់គោរពសិទ្ធិពលករគោរពច្បាប់ការងារដែរឬអត់ឬមួយវាមានលក្ខណៈកេងប្រវ័ញ្ចដូចជាបទពិសោធន៍ជូរចត់ទៅប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗជាដើម‍»។ មុននឹងពលករចាកចេញពីប្រទេស រដ្ឋាភិបាលគួរតែអញ្ជើញអង្គការជាដៃគូទៅចូលរួមផ្តល់ជាយោបល់ក្នុងការត្រៀមខ្លួន និងមានលេខទំនាក់ទំនងក្នុងពេលដែលមានបញ្ហា។លោកឌី ថេហូយ៉ាបន្ថែមថា៖«ប៉ុន្តែទាំងអស់ហ្នឹងមិនធានាបានថាតើនៅពេលគាត់មានបញ្ហាយើងទៅជួយគាត់បានទេ‍»។ ក្នុងពេលកន្លងមក មានពលករមកពីប្រទេសនេប៉ាល់ ឥណ្ឌា និងបង់ក្លាដែស ត្រូវរងការធ្វើបាបដោយម្ចាស់ក្រុមហ៊ុនបានហែកកិច្ចសន្យាចោលមិនបានផ្តល់ប្រាក់ឈ្នួលតាមការសន្យានិងដកយកលិខិតឆ្លងដែនពួកគេទុកមិនអាចឱ្យវិលត្រឡប់មកប្រទេសវិញបាន។

អង្គការសិទ្ធិមនុស្ស Amnesty International បានលើកឡើងពីករណីរំលោភបំពានទាំងនេះ នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា«The ugly side of the beautiful game: Exploitation on a Qatar 2022 World Cup site» (ជ្រុងដ៏អាក្រក់នៃកីឡាដ៏ល្អ៖ ការកេងប្រវ័ញ្ចនៅលើការដ្ឋានកីឡាពិភពលោកនៅប្រទេសកាតាឆ្នាំ២០២២) ចេញផ្សាយខែមីនាឆ្នាំ២០១៦។

លោកស្រី សាលីល សេទី អគ្គលេខាធិការនៃអង្គការ Amnesty International បានបញ្ជាក់ថា«សម្រាប់កីឡាករនិងអ្នកទស្សនា កីឡាដ្ឋានពានរង្វាន់ពិភពលោកនេះគឺទីនៃក្តីសុបិន្តមួយ។ សម្រាប់កម្មករខ្លះដែលបាននិយាយប្រាប់យើង វាគឺជាសុបិន្តអាក្រក់ដែលកំពុងបន្ត‍»។ ពលរដ្ឋខ្មែរមួយចំនួន ដែលអង្គការសង់ត្រាល់សាកសួរនៅតាមជនបទកម្ពុជា គឺមិនបានដឹងពីការរំលោភទាំងអស់នេះទេ ហើយអ្នកខ្លះមិនទាំងស្គាល់ថា ប្រទេសកាតានៅទីណាផង៕

website_news/2017290301.txt · Last modified: 2017/03/29 11:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki