website_news:2017290302

រដ្ឋាភិបាលហាមឃាត់ការនាំចេញទឹកដោះម្តាយ

http://khmer.voanews.com 28 មិនា 2017 ហ៊ុល រស្មី

ភ្នំពេញៈរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ទោះបីប្រទេសកម្ពុជាក្រយ៉ាងណាក្តី ក៏មិនអាចអនុញ្ញាតឲ្យមានការនាំចេញ ទឹកដោះម្តាយទៅក្រៅប្រទេសបាននោះឡើយ។ ការថ្លែងបែបនេះ ធ្វើឡើង បន្ទាប់ពីការនាំចេញទឹកដោះម្តាយនេះ ត្រូវគេដឹងថា បានធ្វើឡើងដោយសម្ងាត់ក្នុងរយៈពេលប្រមាណបីឆ្នាំមកហើយ។ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ បានចេញលិខិតច្រានចោលសំណើរបស់ក្រុមហ៊ុនក្នុងស្រុកមួយដែលចង់នាំចេញទឹកដោះម្តាយពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃទី២៨ ខែមិនានេះ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលការនាំចេញទឹកដោះម្តាយនេះ ហើយការចេញលិខិតនេះធ្វើឡើងនៅស្របពេលដែលមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងមិនដែលបានចេញលិខិតអនុញ្ញាត ឲ្យមានការនាំចេញទឹកម្តាយពីប្រទេសកម្ពុជាទៅក្រៅប្រទេសនោះទេ។ ក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះហត្ថលេខាដោយ លោករដ្ឋលេខាធិការ ង៉ោ ហុងលី បានបដិសេធសំណើរបស់ក្រុមហ៊ុន គុណមាតា ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មហៅថា Ambrosia Labs Co., ltd។ លិខិតនោះបានបញ្ជាក់ក្នុងន័យដើមថា៖«ត្រូវចាត់ការទប់ស្កាត់បន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា។ បើទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ»។

លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ VOA តាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារនេះថា ក្រសួងមិនដែលចេញលិខិតផ្លូវការឲ្យមានការប្រមូលទឹកដោះមនុស្ស ដោយសារតែការណ៍នេះ ត្រូវតែទទួលបានការអនុញ្ញាតពីគណៈកម្មាធិការក្រមសីលធម៌ជាតិ។ លោកថា ក្រសួងផ្សេងទៀត បានអនុញ្ញតឲ្យមានការប្រមូល និងនាំចេញទឹកដោះមនុស្សនេះ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។ តែលោកមិនបានបញ្ចេញឈ្មោះអំពីក្រសួងណាមួយនោះទេ។ លោកបានបន្ថែមក្នុងន័យដើមថា៖ «គោលនយោបាយរបស់ក្រសួងសុខាភិបាលគឺ លើកទឹកចិត្តឲ្យម្តាយផ្គត់ផ្គង់ទឹកដោះទៅកូនៗរបស់ពួកគេ ដើម្បីឲ្យកូនទាំងនោះមានសុខភាពល្អ ជាជាងការប្រើម្សៅទឹកដោះ ឬក៏ការលក់ដូរទឹកដោះនោះ»។

ក្រុមអ្នកធ្វើការងារលើសិទ្ធិស្រ្តីដើម្បីការអភិវឌ្ឍនៅប្រទេសកម្ពុជា បានគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាល ដែលបានសម្រេចបិទចោលសេវា នាំចេញទឹកដោះម្តាយដែលបានធ្វើឡើងដោយលាក់លៀម អស់រយៈពីរ ទៅបីឆ្នាំមកហើយ។ ពួកគេថ្លែងថា សេវាកម្មនាំចេញ ទឹកដោះម្តាយនេះ គឺជាការរំលោភសិទ្ធិរបស់កុមារយ៉ាងធ្ងន់ធ្ងរក្នុងការរស់រានមានជីវិត និងការលូតលាស់បញ្ញាស្មារតីដោយការបៅទឹកដោះម្តាយ។

អ្នកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា (GADC) មានប្រសាសន៍ថា៖«នៅក្នុងវិទ្យាសាស្ត្រគេបាននិយាយថា ទឹកដោះហ្នឹងជួយដល់ កុមារច្រើនទាំងពីការការពារជំងឺ តាំងពីការធ្វើឲ្យសារពាង្គកាយរបស់កុមារហ្នឹងរីកធំធាត់ ហើយអាចជួយឲ្យមានបញ្ញាទៀត។ អញ្ចឹងបើសិនជា ប្រជាជនយើងស្រ្តីយើងលក់ទឹកដោះ ហើយកូនរបស់ខ្លួនអត់មានអីសម្រាប់ចិញ្ចឹមជីវិតហ្នឹង ថ្ងៃអនាគត យើងអត់ដឹងថា តើប្រជាពលរដ្ឋខ្មែរយើងហ្នឹង នឹងជួបវិបត្តិអី អំពីផ្នែកការអភិវឌ្ឍធនធានមនុស្សហ្នឹង មានវិបត្តិអីធ្ងន់ធ្ងរដែរឬអត់? អាហ្នឹងគឺជាសំណួររបស់យើង។ យើងគួរពិចារណាទៅលើបញ្ហាហ្នឹង។ ហើយខ្ញុំពិតជាគាំទ្រចំពោះការច្រានចោលរបស់រដ្ឋាភិបាលក្នុងការធ្វើជំនួញបែបហ្នឹង»។ អ្នកស្រីបានបន្ថែមថា សេវាកម្មលក់ទឹកដោះនេះ ទំនងជាត្រូវបានបិទនៅក្នុងប្រទេសផ្សេងទៀត ទើបសេវានេះ បានមកដល់ប្រទេសកម្ពុជា ជាទីដែលមានស្ត្រីក្រីក្រជាច្រើនដែលរងសម្ពាធសេដ្ឋកិច្ចក្នុងគ្រួសារ។ «ខ្ញុំគិតថា នៅប្រទេសកម្ពុជាមិនមែនជា ប្រទេសទីមួយក្នុងការធ្វើអាជីវកម្មហ្នឹងទេ ប្រហែលជាបណ្តាប្រទេសផ្សេងៗហ្នឹងគេបានបិទ ទើបរឿងហ្នឹងមកដល់ស្រុកខ្មែរ។ ហើយយើងមើលស្ត្រីដែលផ្តល់នូវទឹកដោះហ្នឹងគឺជាស្រ្តីដែលគាត់ សេដ្ឋកិច្ចគាត់ក្រីក្រ ហើយស្ថានភាពនៃការអប់រំគាត់ហ្នឹងនៅមានកម្រិតដែរអញ្ចឹងហ្អា៎»។

VOA ព្យាយាមសុំការអធិប្បាយពីតំណាងរបស់ក្រុមហ៊ុន ប៉ុន្តែមិនទាន់ទទួលបាននៅឡើយ ដោយសារតាមទិន្នន័យឯកសាររបស់ក្រុមហ៊ុន ដែលចុះក្នុងគេហទំព័រក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនមិនមានលេខទូរសព្ទនោះទេ។ ឯកសារដែលបង្ហោះលើគេហទំព័រក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គោលបំណងពាណិជ្ជកម្មរបស់ក្រុមហ៊ុននេះ គឺផ្តោតលើសេវា ផ្តល់អាហារ ភេសជ្ជៈ និងថ្នាំជក់ជាដើម។

លោកស្រី Debora Comini ប្រធានមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ ហៅកាត់ថា (UNICEF) នៅប្រទេសកម្ពុជា បានបញ្ជាក់ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬ email នៅថ្ងៃអង្គារនេះ ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការហាមឃាត់មិនឲ្យមានការនាំចេញទឹកដោះម្តាយនេះ នឹងជួយស្រ្តីក្រីក្រកម្ពុជាឲ្យគេចផុតពីការកេងប្រវ័ញ្ចដោយការលក់ទឹកដោះរបស់ពួកគេ។ លោកស្រី បានសរសេរក្នុងន័យដើមថា៖ «មូលនិធិ UNICEF គាំទ្រការចាត់វិធានការរបស់រដ្ឋាភិបាលក្នុងការហាមឃាត់ការធ្វើអាជីវកម្មលើទឹកដោះរបស់ពលរដ្ឋកម្ពុជា ដើម្បីការប្រើប្រាស់នៅក្រៅប្រទេស។ ការសម្រិតយកទឹកដោះម្តាយមិនគួរណាត្រូវបានធ្វើឡើង ដោយការកេងប្រវ័ញ្ចលើស្រ្តីកម្ពុជាក្រីក្រ និងងាយរងគ្រោះ សម្រាប់គោលបំណងអាជីវកម្មនោះទេ។ ទឹកដោះម្តាយត្រូវបានចាត់ទុកថា ជាជាលិការបស់មនុស្ស គឺដូចជាឈាម ហេតុដូចនេះ ការធ្វើអាជីវកម្មលើទឹកដោះម្តាយនេះ មិនត្រូវទទួលបានការគាំទ្រនោះ»។ លោកស្រីបន្តថា ការសម្រិតយកទឹកដោះម្តាយអាចត្រូវបានធ្វើឡើងដោយការប្រុងប្រយ័ត្នក្នុងករណីជួយដល់ទារកដែលប្រឈមនឹងការរងគ្រោះខ្លាំងនៅក្នុងប្រទេស ប៉ុន្តែមិនមែនសម្រាប់ការធ្វើអាជីវកម្មនោះទេ៕

website_news/2017290302.txt · Last modified: 2017/03/29 11:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki