website_news:2017290306

ពលករសម្រុកទៅថៃមុនបុណ្យចូលឆ្នាំ

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧ ម៉ោង ០៨:៤០

ខេត្តបន្ទាយមានជ័យ ៖ ពលករស្របច្បាប់បានសម្រុកទៅថៃ ដើម្បីរកការងារធ្វើតាមរយៈក្រុមហ៊ុនផ្សេងៗតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានច្រើនកុះករនៅព្រឹកថ្ងៃទី២៨ ខែមីនា គឺខុសពីបណ្តាឆ្នាំមុនៗដែលជិតដល់បុណ្យចូលឆ្នាំថ្មីមានតែអ្នកត្រឡប់ពីថៃមកវិញ ។ ពលករជាង៤០០នាក់ មកពីគ្រប់ខេត្តតាមរយៈក្រុមហ៊ុន២គឺ ក្រុមហ៊ុនSMS និងក្រុមហ៊ុនBSO បានមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងព្រឹក ដោយធ្វើដំណើរតាមរថយន្តតូចធំដែលមើលទៅហាក់ដូចជាគគ្រឹកគគ្រេងណាស់ ។

តំណាងក្រុមហ៊ុន SMS ប្រាប់កោះសន្តិភាពថា ពលករតាមរយៈក្រុមហ៊ុនខ្លួនមានចំនួន១០៨នាក់ត្រូវទៅធ្វើការនៅខេត្តលពបូរីប្រទេសថៃរោងចក្រផលិតសាច់ក្រក ។ ដោយឡែកតំណាងក្រុមហ៊ុន BSO លោកសួន សាម៉េន ប្រាប់ថា ពលករក្រុមហ៊ុនគាត់មកពីគ្រប់២៥រាជធានី-ខេត្ត មានចំនួន៣៣៥នាក់ ត្រូវទៅធ្វើការផ្នែកសំណង់នៅខេត្តសាមុទ្រប្រាកាន និងខ្លងតឺយ ក្រុងបាងកក ។ លោក សួន សាម៉េន បន្តថា ពលករក្រុមហ៊ុនរបស់គាត់ ភាគច្រើនកន្លងមកធ្លាប់ទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ លុះពួកគេជួបផលលំបាកក៏នាំគ្នាត្រឡប់មស្រុកវិញហើយសុំធ្វើបែបបទស្របច្បាប់តាមរយៈក្រុមហ៊ុនរបស់គាត់ ចូលទៅធ្វើការលើទឹកដីថៃវិញ។

តំណាងក្រុមហ៊ុនSMS និយាយថា ពលករដែលត្រូវទៅធ្វើការលើទឹកដីថៃ ក្នុងថ្ងៃនេះមានយ៉ាងតិច៨០០នាក់ ព្រោះពលករមួយចំនួនទៀតអាចចេញតាមរយៈក្រុមហ៊ុនផ្សេងៗ ។ ពេលសាកសួរពីមូលហេតុនៃការធ្វើចំណាកស្រុក ក្រុមពលករនិយាយថា ដោយសារការងារក្នុងស្រុកបានប្រាក់កម្រៃទាបជាងប្រទេសជិតខាង ម្យ៉ាងការងារក៏ពិបាករកទៀត ។

ដោយឡែក គ្រួសារមួយមិនប្រាប់ពីអត្តសញ្ញាណ ដែលប្តីជាអ្នករត់ម៉ូតូឌុបនៅក្រុងប៉ោយប៉ែត ហើយទៅថៃទាំងប្តីទាំងប្រពន្ធនិយាយថា ការរកស៊ីក្នុងស្រុកបច្ចុប្បន្នពិបាកណាស់សម្រាប់អ្នកខ្វះដើមទុនដូចជាពួកគាត់ ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុនៗឲ្យតែជិតដល់ពិធីបុណ្យជាតិធំដូចជាពិធីបុណ្យចូលឆ្នាំថ្មីជាដើម ពលករប្រុសស្រីតែងតែនាំគ្នាសម្រុកចេញពីថៃមកកម្ពុជាវិញ ដើម្បីជួបជុំសាច់ញាតិ។ ផ្ទុយទៅវិញ ឆ្នាំនេះជិតដល់ពិធីបុណ្យចូលឆ្នាំថ្មីទៅហើយ បែរជាគេសង្កេតឃើញពលករខ្មែរនាំគ្នាធ្វើចំណាកស្រុកទៅប្រទេថៃទៅវិញ

website_news/2017290306.txt · Last modified: 2017/08/24 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki