website_news:20172906002

ពលករខ្មែរដែលធ្វើការនៅថៃឆ្លងដែនខុសច្បាប់ ត្រូវបញ្ជូនត្រលប់មកវិញ

https://kohsantepheapdaily.com.kh/ ៖ ម៉ុត សារុន ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង ១៨:៤៦

ខេត្តបន្ទាយមានជ័យ ៖ មានសេចក្ដីរាយការណ៍មកថា ចំនួនពលករដែលបញ្ជូនត្រលប់ពីប្រទេសថៃ គិតត្រឹមម៉ោងជាង៥ល្ងាច នាថ្ងៃទី២៨ មិថុនា ២០១៧នេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មាន១២រថយន្តទ្រុង ជិត៦០០នាក់ នេះបើតាមការឲ្យដឹងពីមន្ត្រីបម្រើការងារនៅទីតាំងទទួលពលករបញ្ជូនពីថៃនៅក្បែរច្រកទ្វារអន្តរជាតិប៉ោយ៉ែត។ បើតាមពលករដែលថៃបញ្ជូនត្រលប់មកវិញ បានបង្ហើបប្រាប់កោះសន្តិភាពថា ប៉ុន្មានថ្ងៃចុងក្រោយនេះភាគីថៃបានប្រាប់ថៅកែថៃ តាមកន្លែងធ្វើការថា បើនរណាទទួលពលករខុសច្បាប់យកធ្វើការ ចាប់បានម្នាក់នឹងឲ្យជនជាតិថៃ(ថៅកែ)នោះ បង់ប្រាក់ពិន័យ៤សែនបាត។

ពលករម្នាក់ក្នុងចំណោម៣០០នាក់ ធ្វើការនៅក្រុមហ៊ុន(យូនីត)ខាងធ្វើស្ពាន និងផ្លូវនៅក្នុងខេត្តសារ៉ាក់បូរី និងមានទីលំនៅខេត្តបាត់ដំបងប្រាប់ថា បន្ទាប់ពីអាជ្ញាធរថៃប្រាប់ក្រុមហ៊ុនដែលខ្លួនធ្វើការ ពីការរឹតបណ្តឹងផ្លូវច្បាប់នេះ ថៅកែក្រុមហ៊ុនដោយសារខ្លាចមានទោសធ្ងន់ធ្ងរក៏បានរករថយន្តក្រុង៤៥កៅអី ដឹកជញ្ជូនពួកគេមកព្រំដែនដើម្បីឲ្យមកធ្វើបែបបទស្របច្បាប់(លិខិតឆ្លងដែនការងារ)នៅកម្ពុជាទើបគេទទួលឲ្យធ្វើការជាថ្មី តែខណៈមកដល់ស្រុកអារញ្ញ ខេត្តស្រះកែវ ជាស្រុកជាប់ព្រំដែនត្រូវសមត្ថកិច្ចថៃចាប់ឲ្យជិះរថយន្តទ្រុងដឹកបញ្ជូនត្រលប់វិញ។ ពលករទូកនេសាទម្នាក់ឈ្មោះ បូរិទ្ធ ធ្វើការនៅខេត្តរ៉ាក់យ៉ងប្រាប់ថា កន្លងមកខ្លួនធ្លាប់ធ្វើការលើទូកនេសាទតែពេលនេះ ត្រូវថៅកែតម្រូវឲ្យចុះមកធ្វើលិខិតឆ្លងដែនការងារឲ្យបានស្របច្បាប់ទើបគេទទួលយកធ្វើការដូចដើម។

ពលករដែលថៃបញ្ជូនត្រលប់មកវិញបានបន្តថា ចាប់ពីថ្ងៃនេះទៅភាគីថៃរឹតបណ្តឹងផ្លូវច្បាប់ ពោលពលករទាំងឡាយណាធ្វើការលើទឹកដីគេមិនស្របច្បាប់ គេនឹងចាប់បញ្ជូនត្រលប់ ឬចាប់អ្នកទទួលឲ្យធ្វើការផាកពិន័យ និងដាក់ទោសឲ្យជាប់គុកជាដើម។ ពួកគេថា សូម្បីតែអ្នកកាន់លិខិតឆ្លងដែនទេសចរណ៍ទៅធ្វើការងារក៏ត្រូវចាប់ទាំងអស់ និងផាកពិន័យ ឬដាក់ទោសអ្នកទទួលធ្វើការដូចគ្នា។ មន្ត្រីនៅទីតាំងទទួលពលករប្រាប់ថា ធាតុពិតពលករទាំងនេះគឺថៅកែពួកគេតម្រូវឲ្យចុះមកខ្មែរធ្វើលិខិតឆ្លងដែនការងារ៕

website_news/20172906002.txt · Last modified: 2017/08/24 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki