website_news:20172906008

ថៃអនុវត្តតាមព្រះរាជក្រឹត្យដែលរឹតបន្តឹងលើពលករខុសច្បាប់

https://thmeythmey.com/ 29, Jun 2017 , 8:39 am ដោយ: មឿន ឌីណា

ព្រះមហាក្សត្រថៃនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ បានចេញព្រះរាជក្រឹត្យថ្មីមួយសំដៅលើ ការពង្រឹងនិងរឹតបន្តឹងទៅលើពលករ និងជនអន្តោប្រវេសន៍ណាដែលឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត ហើយនិងនិយោជកណាដែលទទួលយកធ្វើការនឹងត្រូវទទួលទោសទណ្ឌ ព្រមទាំងត្រូវពិន័យជាប្រាក់ផងដែរ។ កំលាំងជំនាញពិសេសរបស់ក្រុមតម្រួតថៃ បានចេញប្រតិបត្តិការគ្រប់ទីកន្លែង ត្រួតពិនិត្យយានយន្ដតាមដងផ្លូវ ហើយនិងបានលបឆ្មក់ចូលទៅតាមទីតាំងផ្ទះជួល ដើម្បីពិនិត្យមើលទៅលើពលករគ្រប់រូបដូចជាជនជាតិខ្មែរ ជនជាតិភូមា និងឡាវ ពិនិត្យរកឯកសារពាក់ព័ន្ធដែលធ្វើការស្នាក់នៅក្នុងប្រទេសថៃដើម្បីបម្រើការងារផ្សេងៗ។

យោងតាមការផ្សាយរបស់គេហទំព័ររបស់ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ២៨ ខែមិនថុនា ឆ្នាំ២០១៧ ឲ្យដឹងថា ព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ អោយសមត្ថកិច្ចអនុវត្តន៍ ទៅលើនិយោជកថៃណាទទួលយកពលករដែលគ្មានលិខិតស្នាម និងគ្មានច្បាប់អនុញ្ញាតអោយបានត្រឹមត្រូវ មកធ្វើការជាមួយខ្លួន ទោះជាលក្ខណៈក្រុមហ៊ុន ឬនៅតាមផ្ទះក៏ដោយ ត្រូវពិន័យជាប្រាក់ចាប់ពី ៤សែនបាត ទៅ៨សែនបាតលើពលករម្នាក់។ ហើយនិងនិយោជកណាដែលប្រើពលករអោយធ្វើការងារខុសពីទិសដៅ ដែលច្បាប់បានអនុញ្ញាត ត្រូវពិន័យជាប្រាក់ មិនលើសពី៤សែនបាត លើពលករម្នាក់ មានន័យថា ច្បាប់កំណត់អោយធ្វើការការងារកសាង(សំណង់) ប៉ុន្តែនិយោជកប្រើអោយទៅធ្វើការងារក្នុងកសិដ្ឋាន ឬនៅក្នុងលំនៅដ្ឋានវិញ។

ចំពោះពលករណាដែលទៅធ្វើការងារខុសពីច្បាប់ដែលបានអនុញ្ញាត ត្រូវពិន័យជាប្រាក់មិនលើសពី ១សែន បាតមានន័យថា ច្បាប់អនុញ្ញាតអោយធ្វើការងារសំណង់ តែខ្លួនបែជាទៅសុំគេធ្វើការងាររោងចក្រវិញ។ ម្យ៉ាងវិញទៀតបើ និយោជក ឬថៅកែណាដែលធ្វើការដកហូតយកឯកសារពាក់ព័ន្ធ ឬច្បាប់អនុញ្ញាតត្រឹមត្រូវរបស់ពលករយកទៅទុកការពារក្រែងពលកររត់ត្រូវដាក់ពន្ធនាគារ៦ខែនិងពិន័យជាប្រាក់១សែនបាត។ ហើយនិងជនណាដែលបោកបញ្ឆោត ដើម្បីនាំពលករយកទៅអោយបុគ្គលផ្សេងទៀតក្នុងគោលបំនងជួញដូរកំលាំងពលកម្ម ត្រូវដាក់ពន្ធនាគរចាប់ពី ៣ឆ្នាំ ដល់៤ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ៦សែនបាតទៅ ១លានបាត លើពលករម្នាក់។

website_news/20172906008.txt · Last modified: 2017/06/29 11:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki