website_news:2017290901

កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៤ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍-លំហូរទេសន្តប្រវេសន៍

http://www.rasmei-kampuchea-news.html September 29, 2017

(ភ្នំពេញ)៖ កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៤ ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ និងការគ្រប់គ្រងលំហូរទេសន្តប្រវេសន៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបើកដំណើរការ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប។ កិច្ចប្រជុំអាស៊ី អ៊ឺរ៉ុប( ASEM )លើកទី១៤ ក្រោមប្រធានបទស្តីពីយុទ្ធសាស្ត្រនៃការគ្រប់គ្រងអន្តោប្រវេសន៍ហើយក៏ដើម្បីសហការគ្នាដោះស្រាយវិបត្តិ បញ្ហាប្រឈមចំពោះមុខដែលបានកំពុងកើតមាននាពេលបច្ចុប្បន្ន នៅក្នុងតំបន់ និងលើពិភពលោក។

លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍អំពីប្រវត្តិ និងចក្ខុវិស័យ ព្រមទាំងបានគូសបញ្ជាក់ថាវេទិកាប្រជុំអន្តរអន្តោប្រវេសន៍ និងតំបន់ដ៏មានសារសំខាន់មួយ ដែលបានផ្តល់ឱកាសដល់សមាជិក និងដៃគូរពាក់ព័ន្ធ បានជួបធ្វើការពិភាក្សាគ្នាលើបញ្ហាជាច្រើនដោយ ផ្តោតលើវិស័យសន្តិសុខ បរិស្ថាន សិទ្ធិមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាទេសន្តប្រវេសន៍ និងកិច្ចការអន្តោប្រវេសន៍ជាដើម។

សម្តេចក្រឡាហោម ស ខេង បានធ្វើការវាយតម្លៃខ្ពស់ចំពោះតួនាទី ជាគន្លឹះប្រកបដោយសារៈសំខាន់ នៃវេទិកាអន្តររដ្ឋាភិបាល និងតំបន់មួយនេះ នឹងនាំមកការផ្សារភ្ជាប់ទំនាក់ទំនងជាមិត្តភាព កិច្ចសហប្រតិបត្តិការថ្មីមួយបន្ថែមទៀត ដល់អាជ្ញាធរមានសមត្ថកិច្ចរបស់យើង ក្នុងក្របខ័ណ្ឌនៃការងារគ្រប់គ្រងលំហូរទេសន្តប្រវេសន៍ កិច្ចការពារព្រំដែន និងការងារពាក់ព័ន្ធជាច្រើន ឲ្យបានកាន់តែទូលំទូលាយប្រកដោយភាពស្និទ្ធស្នាល និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាបាននូវការគ្រប់គ្រងព្រំដែនមួយ ប្រកបដោយសុវត្ថិភាពសម្រាប់តំបន់ទាំងពីររបស់យើង។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនៃការគ្រប់គ្រងអន្តោប្រវេសន៍របស់ប្រទេសមួយ សម្រាប់តំបន់មួយ តែងមានយន្តការអនុវត្តន៍សម្រាប់នៅថ្នាក់ជាតិ និងថ្នាក់តំបន់ប្លែកៗគ្នាទៅតាមលក្ខខណ្ឌសមស្របរបស់ខ្លួន។ តាមរយៈវេទិកា នៃកិច្ចប្រជុំនេះ គឺបានផ្តល់នូវឱកាសដល់ប្រទេសជាសមាជិក ក្នុងការលើកយកនូវបញ្ហាពាក់ព័ន្ធនានាស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ ការផ្លាស់ប្តូរព័ត៌មានអន្តោប្រវេសន៍ ជំនួយសង្គ្រោះដល់ជនរងគ្រោះពីអំពើរត់ពន្ធ និងជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសជាច្រើនសណ្ឋានទៀត ក្នុងការទប់ស្កាត់ការលួចជ្រៀតចូលខុសច្បាប់ សកម្មភាពភេវរកម្ម ការជួញដូរគ្រឿងញៀន តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់ជាដើម។

សម្តេចក្រឡាហោមបានបន្តថា ផ្អែកតាមចរន្តថ្មី នៃការបម្លាស់ទីឆ្លងកាត់ព្រំដែននាពេលបច្ចុប្បន្ន គឺមានការស្មុគស្មាញ និងមានការវិវឌ្ឍន៍ទៅតាមភាពរីកចម្រើន នៃវិទ្យាសាស្ត្រទំនើប និងមានការប្តូរទិសដៅទៅកាន់តំបន់ផ្សេងៗ នៅលើពិភពលោក។ ការប្រែប្រួលថ្មីនេះ ជាបញ្ហាប្រឈមថ្មី សម្រាប់ការគ្រប់គ្រងលំហូរទេសន្តប្រវេសន៍ដ៏ច្រើនសន្ធឹកសន្ធាប់ ការងារគ្រប់គ្រងអន្តោប្រវេសន៍ អំពើរត់ពន្ធនិងជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។ ដើម្បីប្រែក្លាយវេទិកាអន្តររដ្ឋាភិបាល និងតំបន់មួយនេះ ឲ្យក្លាយជាវេទិកាសម្រាប់ផ្សាភ្ជាប់តំបន់អាស៊ី និងអ៊ឺរ៉ុប ដើម្បីឲ្យកិច្ចប្រជុំពិភាក្សាទទួលបានជោគជ័យ ដូចការរំពឹងទុក គឺ សូមឲ្យសមាជិកចូលរួម និងដៃគូរពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់នូវគំនិតយោបល់ ក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹងសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការកសាងយុទ្ធសាស្ត្រ នីតិវិធីអនុវត្តការងារគ្រប់គ្រងអន្តោប្រវេសន៍។

ម្យ៉ាងទៀតសូមឲ្យកិច្ចប្រជុំទាំងមូល លើកកម្ពស់លើការទំនាក់ ទំនងគ្នា ឲ្យកាន់តែមានភាពស្អិតរមួត និងផ្តល់ការជួយឧបត្ថម្ភ គាំពាគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកវិទ្យាដល់ប្រទេសជាសមាជិក ដែលមានចំណេះដឹងជំនាញធនធានបច្ចេកវិទ្យានៅមានកម្រិតក្នុងការផ្តល់ឱកាសឲ្យមានលទ្ធភាពរួមចំណែក ក្នុងកិច្ចការពារសន្តិសុខរបស់ប្រទេសខ្លួនសម្រាប់តំបន់ ហើយសុខសន្តិភាពរបស់ប្រទេសជាសមាជិកណាមួយ គឺជាសុខសន្តិភាពរួមសម្រាប់តំបន់ និងយើងទាំងអស់គ្នាផងដែរ៕ដោយៈ មុនីរ័ត្ន/sn

website_news/2017290901.txt · Last modified: 2017/10/02 11:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki