website_news:2017290903

ដោយសារតែភាពក្រីក្រគ្មានការងារធ្វើ ទើបបែបនេះ

http://www.kaoh-santiphap ដោយ ៖ ឱម សារឿន (28-09-2017 22:07)

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវមួយបានកើតឡើងជាដដែលៗជាយូរយាណាស់មកហើយ ដែលគ្មានទីបញ្ចប់បាននោះគឺប្រជាពលរដ្ឋក្រីក្រពុំមានការងារធ្វើបាននាំគ្នាសម្រេចចិត្តឡើងភ្នំដងរែកលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃរុករកកាប់ឈើគ្រញួង អ្នកខ្លះត្រូវទាហានថៃបាញ់ស្លាប់ដូចសត្វធាតុ អ្នកខ្លះរងរបួស ខ្លះទៀតត្រូវក្រុមទាហានថៃចាប់ខ្លួនដាក់គុក ព្រាត់ប្រាសប្រពន្ធកូនជាទីស្រលាញ់ ត្រូវបានក្រុមអាជ្ញាធរថៃបញ្ជូនអ្នកទោសខ្មែរពីបទឆ្លងដែនកាប់ឈើគ្រញួងជាបន្តបន្ទាប់ប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជា។

ក្រុមអ្នកទោសខ្មែរ៥នាក់ ដែលអាជ្ញាធរថៃបានធ្វើការដោះលែងរួចផុតពីទោសឆ្លងដែនកាប់ឈើគ្រញួងបញ្ជូនខ្លួនមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ កញ្ញា ២០១៧។ ទី១.ឈ្មោះ ប៉ាង ស៊ីយុគ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ថៃចាប់ខ្លួនថ្ងៃទី១១ ឧសភា ២០១៧ ពីបទឆ្លងដែនកាប់ឈើកគ្រញូង ក្នុងទឹកដីថៃចូលតាមច្រកអូរស្វាយ ជាប់គុកនៅខេត្តអូរប៊ុន ទី២.ឈ្មោះ សែន សី ភេទប្រុស អាយុ៣៩ឆ្នាំ ទី៣.ឈ្មោះ ស៊ុន ចេម ភេទប្រុស អាយុ២៥ឆ្នាំ ទី៤.ឈ្មោះ ព្រហ្ម ប៊ុន ភេទប្រុស អាយុ៥០ឆ្នាំ និងទី៥.ឈ្មោះ ឈិន រេង ភេទប្រុស អាយុ៣២ឆ្នាំ ទាំង៤នាក់នេះ ក្រុមទាហានថៃចាប់ខ្លួននៅថ្ងៃទី១១ វិច្ឆិកា ២០១៥ រស់នៅភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជាប់គុកនៅខេត្តស៊ីសាកេត ពីបទឆ្លងដែនកាប់ឈើកគ្រញូងក្នុងទឹកដីថៃ ចូលតាមច្រក ភូមិសាស្ត្រព្រលានដូនពោធិ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

យោងតាមសម្តីអ្នកទោសខ្មែរទាំង៥នាក់និយាយថា ដោយសារតែជីវភាពក្រុមគ្រួសារក្រីក្រពេក ខ្លួនរកការងារធ្វើនៅក្នុងស្រុកមិនបានទើបសម្រេចចិត្តប្រថុយជីវិត ឆ្លងដែនលួចចូលទៅក្នុងទឹកដីថៃកាប់ឈើគ្រញូងយកមកលក់ឱ្យក្រុមឈ្មួញខ្មែរបានលុយដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ។ មន្ត្រីដែលបម្រើការងារនៅក្នុងស្រុកអន្លង់វែងម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ដោយសារតែប្រជាពលរដ្ឋគ្មានការងារធ្វើនៅក្នុងស្រុកហើយមានជីវភាពក្រីក្រផង រួមផ្សំកងកម្លាំងដែលការពារព្រំដែនមានការឃុបឃិតបើកភ្លើងខៀវដោយសារតែមានទទួលនូវលាភសក្ការៈពីពលរដ្ឋទើបក្នុងការទប់ស្កាត់ និងការបង្ក្រាបម្តងៗគ្មានប្រសិទ្ធិភាព ទើបរឿងនេះកើតមានរកទីបញ្ចប់គ្មានត្រូវក្រុមអាជ្ញាធរថៃបញ្ជូនអ្នកទោសខ្មែរពីបទឆ្លងដែនកាប់ឈើគ្រញូងជាបន្តបន្ទាប់នាំមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជា។ ក្រុមមន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំ បានឱ្យដឹងថា ក្រោយពីបានទទួលអ្នកទោសខ្មែរ៥នាក់នោះ ក្រុមការងារបានធ្វើការអប់រំ និងធ្វើកិច្ចសន្យារួចឱ្យវិលត្រលប់ទៅជួបជុំក្រុមគ្រួសារវិញនៅក្នុងថ្ងៃដដែល៕

website_news/2017290903.txt · Last modified: 2017/10/02 12:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki