website_news:2017291101

សូមអរសាទរ! យុវតីកម្ពុជាជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងវីដេអូ ស្តីពីការប្រឆាំងការជួញដូរមនុស្ស ក្នុងក្របខ័ណ្ឌអាស៊ាន

http://www.freshnewsasia.com/ 2017-11-29

(ភ្នំពេញ)៖ វីដេអូភាគខ្លីរបស់យុវតីវ័យក្មេងកម្ពុជាម្នាក់ បានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង ក្របខ័ណ្ឌ១០ប្រទេស ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ក្រោមប្រធានបទ «អាស៊ានប្រឆាំងការជួញដូរមនុស្ស មិនមែនសម្រាប់លក់»។ ការទទួលបានជ័យលាភីលេខ១នេះ ត្រូវបានប្រកាស នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងបូហូល ប្រទេសហ្វីលីពីន។

ពិធីអបអរស្នាដៃវីដេអូខ្លីរបស់យុវតីកម្ពុជា ដែលទទួលបានជ័យលាភីនេះនៅកម្ពុជា ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីសំណាក់ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសិស្សនិស្សិតចូលរួម យ៉ាងច្រើនកុះករផងដែរ។ កម្មវិធីមាននេះមានគោលបំណងលើកស្ទួយស្នាដៃរបស់យុវជនខ្មែរជំនាន់ក្រោយ ដែលមានទទួលជ័យលាភីថ្នាក់លេខ១ក្នុងតំបន់អាស៊ានក្នុងការប្រកួតវីដេអូខ្លី។ ជាពិសេសមានគោលបំណងលើកកម្ពស់ស្នាដៃយុវជន អំពីកិច្ចខិតខំប្រឹងប្រែរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំការជួញដូរមនុស្ស ដែលអនុលោមតាមសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងអនុសញ្ញាអាស៊ានប្រឆាំងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ។

វីដេអូរបស់កម្ពុជា ដែលមានចំណងជើងថា «សុបិនអាក្រក់» បានទទួលជ័យលាភីលេខ១ នេះជាស្នាដៃរបស់កញ្ញា ឈន សុខលីន និងក្រុមការងារ។ សុបិនអាក្រក់ គូសបញ្ជាក់ពីការបញ្ជ្រាបការយល់ដឹងពីការជួញដខូរមនុស្ស កិច្ចខិតខំនិងការប្តេជ្ញារបស់កម្ពុជា ក៏ដូចជាអាស៊ានក្នុងការប្រឆាំងនឹងការជួញដូរមនុស្ស និងការលើកទឹកចិត្តដល់ជនរងគ្រោះមានការតស៊ូ និងជីវិតឡើងវិញ៕

website_news/2017291101.txt · Last modified: 2017/11/29 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki