website_news:2017291102

២ឆ្នាំកន្លងទៅ បទល្មើសឆ្លងដែន ខុសច្បាប់គ្រប់ប្រភេទ តាមព្រំដែនកម្ពុជា និងវៀតណាម បង្ក្រាបបាន៣៧ករណី

http://www.cen.com.kh/archives/ November 29, 2017

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម បានឯកភាពខ្ពស់លើបណ្តាវិធានការដែលបានលើកឡើងនានា និងឯកភាព បន្តចុះហត្ថលេខា លើកំណត់ហេតុធ្វើការងារ ដើម្បីអនុវត្តនាឆ្នាំ២០១៨ ខាងមុខ ពិសេសលើករណីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងអំពើភេរវកម្ម ខណៈក្នុងអំឡុង ២ឆ្នាំកន្លងទៅនេះ បទល្មើសកើតឡើងតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម មានចំនួន ៣៩ករណី បង្ក្រាបបានចំនួន ៣៧ករណី ចាប់ខ្លួនជនសង្ស័យសរុបចំនួន ៤៩នាក់។

នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ទោ ហ័ង សួនចៀន មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម ។ លោកឧត្តមសេនីយ៍ទោ ហ័ង សួនចៀន មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម បានមានប្រសាសន៍ថា កន្លងមកអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានសហការគ្នាល្អលើកិច្ចការពារសន្តិសុខតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ជាពិសេសបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសង្ខាងក្នុងការផ្លាស់ប្តូរទំនិញពាណិជ្ជកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធាប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ លោក ឧត្តមសេនីយ៍ទោ ហ័ង សួនចៀន ក៏បានសំណូមពរដល់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បន្តកិច្ចសហប្រតិបត្តិការការពារសន្តិសុខតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរឲ្យបានល្អថែមទៀត ពិសេសទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងអំពើភេរវកម្ម ។

ក្នុងឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅតែបន្តបង្កើនកិច្ចសហប្រតិបត្តិការការពារសន្តិសុខតាមបន្ទាត់ព្រំដែនជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ឲ្យកាន់តែល្អថែមទៀត ដើម្បីឲ្យព្រំដែននៃប្រទេសទាំងពីររក្សាបាននូវសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។ លោកបញ្ជាក់ប្រាប់ភាគីវៀតណាមបន្តថា “អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នឹងរួមសហការគ្នាក្នុងការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន ដូចជាការជួញដូរ និងចរាចរណ៍គ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ បទល្មើសព្រហ្មទណ្ឌ បទល្មើសសេដ្ឋកិច្ច ការលួចជ្រៀតចូលឆ្លងដែនខុសច្បាប់ ដែលសកម្មភាពទាំងអស់នេះ នៅតែបន្តកើតឡើងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមក៏ដូចជានៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផងដែរ” ។

ក្នុងឱកាសនេះដែរ លោក នាយឧត្តមសេនីយ៍ ដាំ វុទ្ធី ក៏បានស្នើសុំភាគីវៀតណាមយោគយល់ចំពោះការខកខានប្រជុំកាលពីឆ្នាំ២០១៦ ហើយត្រូវពន្យារពេលរហូតមកដល់ពេលនេះ គឺអាស្រ័យដោយសារពេលនោះកម្ពុជាមានការមមាញឹកក្នុងការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលកិច្ចការទាំងនោះតម្រូវឲ្យកងកម្លាំងរបស់យើងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅធានាឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងសុវត្ថិភាព ។ ជាការពិតណាស់រយៈពេល២ឆ្នាំកន្លងទៅ សន្តិភាពនៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរបាននិងកំពុងបន្តនិរន្តរភាព ក្រោមបរិយាកាសដ៏ល្អប្រសើរ ដោយធានាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ដែលសមិទ្ធិផលដ៏ថ្លៃថ្លា គឺជាសក្ខីភាពឆ្លុះបញ្ចាំងអំពីភាពរីកចម្រើនឥតឈប់ឈរ និងកាន់តែរឹងមាំជាលំដាប់នៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែន នៃប្រទេសទាំងពីរ ។

សូមជម្រាបថា ក្នុងអំឡុង ២ឆ្នាំកន្លងទៅនេះ បទល្មើសកើតឡើងតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម មានចំនួន ៣៩ករណី បង្ក្រាបបានចំនួន ៣៧ករណី ចាប់ខ្លួនជនសង្ស័យសរុបចំនួន ៤៩នាក់ (ជនជាតិខ្មែរ ៩នាក់ និងជនជាតិវៀតណាម ៤០នាក់) និងនៅសល់ ២ករណីទៀតកំពុងស្រាវជ្រាវ គឺករណីចោរកម្ម លួចម៉ូតូរបស់ពលរដ្ឋខ្មែរ និងលួចទូកពីវៀតណាមមកខ្មែរ ៕ ដោយ៖បញ្ញាស័ក្តិ

website_news/2017291102.txt · Last modified: 2017/11/29 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki