website_news:2017291104

បារាំងស្នើឲ្យក្រុមប្រឹក្សាសន្តិសុខប្រជុំដោះស្រាយបញ្ហាជួញដូរមនុស្សជាទាសករនៅលីប៊ី

https://www.thmeythmey.com/ 28, Nov 2017 , 8:39 pm ដោយ: សៅ ផលនិស្ស័យ

បារាំងស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជួបប្រជុំពិភាក្សាគ្នាពីបញ្ហាជួញដូរពលកនៅលីប៊ី និងបង្ខំឲ្យពួកគេធ្វើជាទាសករផងនោះ ។ បារាំងស្នើទៅក្រុមប្រឹក្សានេះបន្ទាប់ពីមានព័ត៌មាន ពាក់ព័ន្ធការជួញដូរជនអន្តោប្រវេសន៍ដូចសត្វធាតុនៅក្នុងប្រទេសលីប៊ី។ ក្រោយមានការបញ្ចេញរបាយការណ៍ស្តីការជួញដូរមនុស្សនៅលីប៊ី បណ្តាប្រទេសនានាជាពិសេសប្រទេសមហាអំណាច បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំដើម្បីដាក់ចេញចំណាត់ការមួយ។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃចន្ទបារាំង បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាពីបញ្ហាជួញដូរមនុស្ស និងទាសភាពនៅលីប៊ីនេះនៅថ្ងៃពុធទី ២៩ ខែវិច្ឆិកានេះ។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិ Francois Delattre ដែលជាអ្នកស្នើឲ្យមានកិច្ចប្រជុំនេះបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទកន្លងទៅថា គោលដៅចម្បងនៃកិច្ចប្រជុំនេះគឺបង្ហាញឲ្យគ្រប់គ្នាដឹងពីសោនាដកម្មដែលកើតឡើង និងដើម្បីបង្ហាញជំហររួមរបស់ក្រុមប្រឹក្សាក្នុងការប្រឆាំងរាល់ការជួញដូរមនុស្សធ្វើជាទាសករនៅសម័យកាលបច្ចុប្បន្ននេះ។ «យើងត្រូវស្វែងរកជំហររឹងមាំមួយដោយនិយាយថា ទេ ចំពោះរាល់ស្ថានភាពមិនអាចទទួលយកបាន។ ប៉ុន្តែយើងត្រូវស្វែងរកដំណោះស្រាយរយៈពេលខ្លី និងរយៈពេលវែងដើម្បីបញ្ចប់បញ្ហានេះ»។ នេះជាការលើកឡើងរបស់តំណាងបារាំងប្រចាំអង្គការសហប្រជាជាតិ។ បើតាមបេសកជនរូបនេះ បារាំងក៏នឹងបន្តសហការជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខដើម្បីធានាថា ដំណោះស្រាយចំពោះបញ្ហានេះនឹងមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ពាក់ព័ន្ធការរៀបចំកិច្ចប្រជុំនេះ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Sebastiano Cardi បានលើកឡើងថា កិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំសំខាន់មួយដើម្បីដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន។

ក្រៅពីមានការពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ហាជួញដូរមនុស្ស និងទាសភាពនេះនឹងត្រូវយកទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបអាហ្វ្រិកដែលរៀបចំឡើងនៅថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ នៅទីក្រុង Abidjan ប្រទេសកូឌីវ័រ។ កាលពីសប្តាហ៍មុនអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចេញមុខប្រតិកម្ម និងបង្ហាញក្តីបារម្ភចំពោះការជួញដូរមនុស្សឲ្យធ្វើជាទាសករនៅក្នុងប្រទេសលីប៊ីផងដែរ។ លោកក៏បានស្នើឲ្យបណ្តាភាគីពាក់ព័ន្ធដាក់ចំណាត់ការដោះស្រាយបញ្ហាប្រឈមនេះផងដែរ។

សូមបញ្ជាក់ថា ប្រជាជនលើពិភពលោកតក់ស្លុត និងខឹងសម្បារខ្លាំង ក្រោយបានឃើញរបាយការណ៍ពាក់ព័ន្ធការជួញដូរជនទេសន្តប្រវេសន៍នៅក្នុងប្រទេសលីប៊ីរបស់អង្គការអន្តរជាតិទេសន្តប្រវេសន៍។ ក្រៅពីរបាយការណ៍នេះ គេក៏ឃើញមានការចុះផ្សាយនិងខ្សែអាត់វីដេអូស្តីពីការដេញថ្លៃទាសករនៅលីប៊ី ក្នុងសារព័ត៌មាន CNN ផងដែរកន្លងមក៕

website_news/2017291104.txt · Last modified: 2017/11/29 15:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki