website_news:2017291105

ប្រមុខ UN ព្រួយបារម្ភខ្លាំង ក្រោយទទួលរបាយការណ៍ពីការជួញដូរពលករអាហ្វ្រិកដូចទាសករ

https://www.thmeythmey.com/ 26, Nov 2017 , 9:19 pm ដោយ: ឌី ណារី

ប្រមុខអង្គការសហប្រជាជាតិ លោក António Guterres បានសម្តែងការតក់ស្លុតខ្លាំង ក្រោយទទួលបានរបាយការណ៍ និងវីដេអូស្តីពីការជួញដូរពលករអាហ្វ្រិកដូចទាសករនៅក្នុងប្រទេសលីប៊ី។ ប្រមុខស្ថាប័នអន្តរជាតិរូបនេះ ក៏បានទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានបន្ទាន់ដើម្បីស៊ើបអង្កេតពីស្ថានភាពជាក់ស្តែង និងនាំជនល្មើសមកកាត់ទោស ។ «ទាសភាព មិនត្រូវឲ្យមានទៀតឡើយនៅក្នុងពិភពលោករបស់យើង ហើយអំពើទាំងនេះ គឺជាការបំពានសិទ្ធិមនុស្សមួយដ៏ធ្ងន់ធ្ងរបំផុត និងថែមទាំងអាចចាត់ទុកជាបទល្មើសប្រឆាំងមនុស្សជាតិទៀតផង»។ នេះគឺជាសេចក្តីថ្លែងការណ៍របស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres ប្រតិកម្មទៅនឹងរបាយការណ៍ជួញដូរពលករនៅលីប៊ី ក្នុងសន្និសីទសារព័ត៌មាននៅដើមសប្តាហ៍នេះ ។

លោកអគ្គលេខាធិការ ដែលធ្លាប់បម្រើការក្នុងវិស័យសិទ្ធិមនុស្សជាច្រើនឆ្នាំហើយនោះ បានបន្តទៀតថា លោក បានស្នើឲ្យតួអង្គពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិបន្តការងារជាបន្ទាន់ និងសកម្មបំផុតលើបញ្ហានេះ ។ ជាមួយគ្នានេះ ប្រមុខអង្គការសហប្រជាជាតិរូបនេះ ក៏បានទទូចឲ្យប្រទេសទាំងអស់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទល្មើសឆ្លងប្រទេសដោយមានការរៀបចំ និងពិធីសារបន្ថែមស្តីពីការជួញដូរមនុស្ស ។ លោកថែមទាំងបានទទូចសហគមន៍អន្តរជាតិរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងអំពើឃោរឃៅនេះផងដែរ ។

យោងតាមវីដេអូ ដែលចុះផ្សាយដោយសារព័ត៌មាន CNN វាមានការដេញថ្លៃលើបុរសជាច្រើននាក់ពីនៅលីប៊ី ដើម្បីយកពួកគេទៅធ្វើការជាកម្មករនៅកសិដ្ឋានក្នុងតម្លៃ៤០០ ដុល្លារ ហើយវីដេអូនេះក៏បានធ្វើឲ្យសាធារណជន និងសហគមន៍អន្តរជាតិផ្ទុះកំហឹង និងថ្កោលទោសខ្លាំងដែរ ។ យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ រដ្ឋាភិបាលលីប៊ី ក៏បានអះអាងដែរថា លីប៊ីកំពុងតែបើកការស៊ើបអង្កេត និងរង់ចាំលទ្ធផលដើម្បីនាំយកជនល្មើសមកកាន់ទោសតាមផ្លូវច្បាប់ ៕

website_news/2017291105.txt · Last modified: 2017/11/29 15:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki