website_news:2017300302

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តច័ន្ទបុរី ប្រទេសថៃ បើកវគ្គបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន

http://ann.com.kh/blog/detail ដោយ: សុខ ហៃថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧

ខេត្តប៉ៃលិន៖ នៅក្នុងកិច្ចប្រជុំពិភាគ្សាការងារ រវាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តច័ន្ទបុរី ប្រទេសថៃ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ក្រោមការសម្របសម្រួលពី ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ សមភាគីខេត្តច័ន្ទបុរី បានសម្រេចជួយបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស ជំហ៊ានដំបូង នៅឆ្នាំ២០១៧នេះ ដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងកំឡុងខែឧសភា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងខេត្តប៉ៃលិន និងខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ ឱ្យកាន់តែល្អប្រសើឡើងថែមទៀត។

លោក វីរ៉ាត់ យែមឆូត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តច័ន្ទបុរីបានឱ្យដឹងថា៖ ដើម្បីបង្កើនកិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តច័ន្ទបុរី និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ឱ្យបានល្អប្រសើឡើងមួយកម្រឹតថែមទៀត ដូច្នេះលោកក៍បានដឹកក្រុមការងារមកប្រជុំពិភាគ្សានៅខេត្តប៉ៃលិននាថ្ងៃនេះ។ លោកបានបន្តថា៖ នេះជាលើកទី១ហើយ ដែលមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តច័ន្ទបុរី និងខេត្តប៉ៃលិន បានសហការគ្នាបើកវគ្គបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដោយជំហ៊ានដំបូងនេះ លោកនឹងបញ្ជូនគ្រូជំនាញ និងសម្ភារៈបច្ចេកទេស មកបើកបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ហើយនៅឆ្នាំបន្ទាប់ៗទៀត លោកនឹងបន្តសហការបើកវគ្គបណ្តុះបណ្តាល់ជំនាញដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនជាងនេះ ដោយមានជំនាញចំនួន ៨ ដូចជា ជាងភ្លើង ជួសជុលអគ្គិសនីក្នុងផ្ទះ ជួសជុលម៉ាស៊ីនត្រជាក់ ជួសជុលទូរទឹកកក ជួសជុលរថយន្ត ជួសជុលគ្រឿងចក្រកសិកម្ម ធ្វើបង់អង្គុយពីស៊ីម៉ង់ និងជំនាញកុំព្យូទ័រ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តច័ន្ទបុរី ដែលបានជួយបើកវគ្គបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ឱ្យពួកគាត់មានជំនាញច្បាស់លាស់ ដើម្បីយកទៅប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងស្រុក ជាសវាងការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដែលមានហានិភ័យខ្ពស់។

ឯកឧត្តម ផាន់ ចាន់ធុល ក៍បានជំរុញដល់មន្ទីរជំនាញនៃខេត្តទាំង២ ត្រូវបន្តសហការគ្នាឱ្យបានល្អ ដើម្បីជាប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំង២ ជាពិសេសត្រូវខិតខំបើកវគ្គបណ្តុះបណ្តាលជំនាញច្បាស់លាស់ដល់ប្រជាពលរដ្ឋខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើងថែមទៀត។ ឯកឧត្តមក៍បានសំនូមពរដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តច័ន្ទបុរី ធ្វើយ៉ាងណានៅថ្ងៃខាងមុខ ជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសនានា ដល់គ្រូនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តឱ្យបានច្រើន ដើម្បីឱ្យពួកគាត់យកចំណេះជំនាញទាំងនេះ មកបណ្តុះបណ្តាលបន្តដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។

តាមការបញ្ជាក់របស់លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្នុងកិច្ចប្រជុំនេះ ភាគីទាំង២ បានសម្រេចសហការគ្នាបើកវគ្គបណ្តុះបណ្តាលជំហ៊ានដំបូង សិក្ខាកាមចំនួន ២០នាក់ ពីជំនាញបច្ចេកទេស ជួសជុលម៉ាស៊ីនត្រជាក់ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ដោយភាគីថៃ ជាអ្នកឧបត្ថម្ភ ដល់ដំណើរការវគ្គទាំងស្រុង ហើយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ជាអ្នកទទួលខុសត្រូវ កន្លែងទីតាំងសម្រាប់បង្រៀន គឺស្ថិតនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តប៉ៃលិនតែម្តង៕

website_news/2017300302.txt · Last modified: 2017/08/24 15:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki