website_news:2017300307

លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អំពាវនាវដល់ស្ត្រីជាម្តាយ កុំលក់ទឹកដោះ ព្រោះតែលុយ ហើយឲ្យកូនខ្លួនឯង បៅទឹកដោះគោ

http://www.cen.com.kh/local (ថ្ងៃទី 30 មីនា 2017, ម៉ោង 12:18:PM) | ដោយ: កូឡាប

ភ្នំពេញ: លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអំពាវនាវដល់ស្ត្រី ជាម្តាយគ្រប់រូប មិនត្រូវលក់ទឹកដោះ ដ៏មានតម្លៃ ទៅឲ្យក្រុមហ៊ុនមួយ របស់អាមេរិក ជាដាច់ខាត ដើម្បីយកលុយបន្តិបន្តួច ហើយឲ្យកូនខ្លួនឯង បៅទឹកដោះគោនោះទេ ពីព្រោះថាទឹកដោះម្តាយ មានសារសំខាន់ខ្លាំងណាស់ ក្នុងការបណ្តុះបញ្ហាស្មារតី កូនៗរបស់យើង។

ក្នុងឱកាសបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកផែនការ សកម្មភាពការងារ ឆ្នាំ២០១៧ របស់ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារភ្នំពេញ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាកទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា “ការដែលមានក្រុមហ៊ុនមួយ នាំចេញនូវទឹកដោះម្តាយនោះ គឺរាជរដ្ឋាភិបាល បានដាក់ចេញនូវ វិធានការទប់ស្កាត់ ជាបន្ទាន់ ចំពោះការប្រមូលទិញទឹកដោះម្តាយ ចេញពីប្រទេសកម្ពុជាយើង គឺយើងមិនដែលមានទេ “។ លោកស្រី បានថ្លែងបញ្ជាក់ថា ក្រសួងសុខាភិបាល មានគោលការណ៍ណែនាំ គឺស្ត្រីត្រូវបំបៅដោះកូន ដោយទឹកដោះម្តាយ ដើម្បីឲ្យកូនមានការអភិវឌ្ឍ មានបញ្ហា ចៀសវាងម្តាយ បំបៅទឹកដោះគោ ដូច្នេះយើងមានការអប់រំ និងណែនាំ ប៉ុន្តែផ្ទុយទៅវិញ យើងបែរជានាំទឹកដោះម្តាយ ចេញពីកម្ពុជា ហើយបង្អត់មិនឲ្យកូន ខ្លួនឯងបៅដោះ ទឹកដោះម្តាយសុទ្ធ។

លោកស្រី បានលើកឡើងបន្តថា នេះជាកង្វល់ធំណាស់ ដែលរាជរដ្ឋាភិបាល បានមើលឃើញ និងបានចេញវិធានការ ទប់ស្កាត់ជាបន្ទាន់នេះ ជាពិសេសក្នុងនាមស្ត្រី ដែលមានលោកស្រី ជាអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សា ប្រធានក្រុមប្រឹក្សា ប្រធានកិច្ចការនារីខេត្ត ត្រឡប់ទៅវិញ ត្រូវអប់រំណែនាំដល់ស្ត្រី ដែលជាម្តាយ មិនត្រូវឃើញលុយជាធំ ហើយផ្តាច់ទឹកដោះកូន ខ្លួនឯងនោះទេ ធ្វើឲ្យកូនខ្លួនឯង វិវឌ្ឍន៍ខាងបញ្ហាមិនគ្រប់គ្រាន់ ពីព្រោះថា រឿងនេះ បានកើតឡើង នៅទីជនបទ មិនសូវកើតនៅទីប្រជុំ រាជធានី ក្រុង ខណ្ឌ នោះទេ គឺច្រើនកើតនៅតំបន់ឆ្ងាយ ដាច់ស្រយាល គឺត្រូវតែចាត់តាំងមនុស្ស ចុះទៅដល់ទីកន្លែង ធ្វើការអប់រំនិងទប់ស្តាត់។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចចេញលិខិត ប្រកាសហាមឃាត់ និងទប់ស្កាត់ ការប្រមូលទិញ ទឹកដោះម្តាយ នាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន គុណមាតា ដែលមានឈ្មោះក្នុង បញ្ជីពាណិជ្ជកម្ម ហៅថា Ambrosia Labs Co., Ltd។ ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់នៅក្នុងលិខិតថា ការនាំចេញទឹកដោះម្តាយ ពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន គុណមាតា រាជរដ្ឋាភិបាលបានសម្រេច៖ ទី១៖ ត្រូវចាត់ការទប់ស្កាត់បន្ទាន់ ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា ទី២៖ បើទោះជាកម្ពុជា ក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិត លក់ទឹកដោះម្តាយដែរ៕N/S

{{tag> ម៉ែន_សំអន Ambrosia_Labs_Co.,Ltd

website_news/2017300307.txt · Last modified: 2017/03/30 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki