website_news:2017300308

ក្រសួងការងារ ស្នើឲ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ទាំងស្រុងលើកម្លាំងពលកម្មកុមារ

http://bayontv.com.kh 30/03/2017

ភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឲ្យប្រជាពលរដ្ឋចូលរួម សហការក្នុងការលុបបំបាត់ទាំងស្រុងទៅលើពលកម្មកុមារ ខណៈដែលតាមការអង្កេតរបស់គម្រោងរោងចក្រកាន់តែ ប្រសើរនៅកម្ពុជាបានឲ្យដឹងថា មានរោងចក្រសហគ្រាសមួយចំនួនតូចនៅតែមានប្រើប្រាស់ កម្លាំងពលកម្មកុមារ។

ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំយ៉ាងដូច្នេះ ក្រោយ កិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការអនុវត្តលក្ខខណ្ឌការងារ នៃឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង កាលពី ថ្ងៃទី២៩ មីនា ឆ្នាំ២០១៧កន្លងទៅ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម បញ្ជាក់ទៀតថា ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សមាគមរោងចក្រកាត់ដេរ ជីម៉ាក ក៏បានសន្យាថា គឺធ្វើយ៉ាងណា ដាច់ខាត មិនឲ្យមានពលកម្មកុមារ នៅតាមបណ្តារោងចក្រទៀតឡើយ។ ស្របគ្នានេះដែរ ឯកឧត្តម ម៉ម វណ្ណៈ បានអំពាវនាវ បន្ថែមដល់អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋ ទាំងអស់ មេត្តាធ្វើយ៉ាងណាឲ្យកុមារដែលមានអាយុក្រោម ១៥ឆ្នាំ បានទៅរៀនសូត្របន្តសិន បន្ទាប់ ពីកុមារមានអាយុលើសពី ១៥ឆ្នាំឡើងទៅ គាត់អាចមានសិទ្ធិជួយធ្វើការ ប៉ុន្តែស្រាលៗ ក្នុងការជួយរំលែក ជីវភាពទី ទាល់របស់អាណាព្យាបាល។

ឯកឧត្តម បានបញ្ជាក់ថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នេះ គឺបានផ្តោតខ្លាំងទៅលើពលកម្ម កុមារ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រចាំបាន ចាត់មន្ត្រីក្រុមអធិការកិច្ចចុះទៅ តាមបណ្តា គ្រឹះស្ថានសហគ្រាសទាំងអស់នៅទូទាំងប្រទេស ចុះពិនិត្យ សំខាន់ គឺពាក់ព័ន្ធពលកម្មកុមារ៕

website_news/2017300308.txt · Last modified: 2017/03/30 15:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki