website_news:20173006003

មកចូលរួមបុណ្យមរណៈភាពឪពុក ដូចមកជាប់ខ្នោះ

https://kohsantepheapdaily.com.kh ឃឹម ប៊ុនណាក់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង ១៦:៣៣

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ និងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទ «ឆបោកប្រាក់ជ្រើសរើសពលករទៅប្រទេសអូស្ត្រាលី» ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ Vorn yen viliam ភេទប្រុស អាយុ៤៧ឆ្នាំ ជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ។ ជនសង្ស័យត្រូវចាប់ខ្លួននៅក្នុងហាងកាហ្វេ Park Coffee ក្បែរផ្សារសុវណ្ណា កាលពីថ្ងៃទី២៦ ខែមិថុនា ដោយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខណៈជនសង្ស័យទើបនឹងជិះយន្តហោះពីសហរដ្ឋអាមេរិកគោលបំណងមកចូលរួមធ្វើពិធីមរណៈភាពឪពុក ។

ដើមចមនៃការឃាត់បុរសខាងលើនេះត្រូវបានប្រភព័ត៌មានបង្ហើបឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១៦ ជនសង្ស័យធ្វើជាមេខ្យល់បានជ្រើសរើសពលករថា នាំទៅធ្វើការនៅប្រទេលអូស្ត្រាលី ពេលនោះមានមនុស្សជាច្រើននាក់បានទៅចុះឈ្មោះ ប៉ុន្តែមិនទាន់បានបង់ប្រាក់ទេមានតែមនុស្សប្រមាណ២០នាក់បានយកប្រាក់ទៅបង់ឲ្យជនសង្ស័យក្នុងម្នាក់ៗ ៣.០០០ ទៅ ៦.០០០ដុល្លារអាមេរិក ។

ប្រភពបន្តថា ក្រោយពីទទួលយកប្រាក់ពីអតិថិជនដែលបង់ហើយស្រាប់តែជនសង្ស័យបានរត់ គេចខ្លួនមិនដឹងទៅរស់នៅទីណា ។ លុះពេលឪពុកស្លាប់ប៉ុន្មានថ្ងៃមុននេះបានឃើញមុខជនសង្ស័យមកចូលរួមពិធីបុណ្យមរណៈភាពឪពុកនោះពេលនោះដើមបណ្តឹងបានជូនដំណឹងទៅសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួន និងនាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

website_news/20173006003.txt · Last modified: 2017/06/30 09:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki