website_news:20173006005

ពលករខ្មែរមិនស្របច្បាប់ត្រូវបញ្ជូនមកវិញ ក្រោយថៃអនុវត្តវិធានថ្មី លើការជ្រើសរើសពលករ

http://www.r-f-i-news.html ដោយ សឿង ភារៈ 29/06/2017

អាជ្ញាធរថៃ ចាប់បញ្ជូនពលករខ្មែររាប់រយនាក់មកកម្ពុជាវិញ តាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ច្រើនជាងធម្មតា ក្រោយពេល ដែលប្រទេសថៃអនុវត្តច្បាប់អន្តោប្រវេសន៍ថ្មី៨ចំណុច។ ចំណុចទាំង៨នេះ បានដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ ទាំងការផាកពិន័យ និងដាក់ពន្ធនាគារ ដល់ជនជាតិថៃណា ដែលទទួលពលករបរទេសខុសច្បាប់ទៅធ្វើការ។

លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៩ ខែមិថុនាថា ចំនួនពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកវិញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានចំនួនច្រើនជាងសព្វដង។ លោកបញ្ជាក់ថា ជាធម្មតាគឺមានពលករខ្មែរជាមធ្យមប្រមាណ១៥០នាក់ ទៅ២៥០នាក់ ត្រូវបានបញ្ជូនមកក្នុងប្រទេសកម្ពុជាវិញ ប៉ុន្តែកាលពីថ្ងៃទី២៨ ខែមិថុនាមានពលករខ្មែរប្រមាណពី៣០០នាក់ ទៅ៤០០នាក់ត្រូវបានបញ្ជូនមកក្នុងប្រទេសកម្ពុជាវិញ។

កាសែតបាងកកប៉ុស្តិ៍របស់ថៃចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនាថា ការកំណត់លក្ខខណ្ឌជ្រើសរើសពលករបរទេសថ្មី មកធ្វើការនៅប្រទេសថៃ គឺដើម្បីពង្រឹងស្តង់ដារនៃការជ្រើសរើសពលករ និងគ្រប់គ្រងកម្លាំងពលកម្ម រួមទាំងជៀសវាងការចោទប្រកាន់ពីការរំលោភបំពាន ឬការជួញដូរមនុស្ស ពីសហគមន៍អន្តរជាតិ។ បាងកកប៉ុស្តិ៍ឲ្យដឹងទៀតថាច្បាប់ ឬវិធានថ្មី ដែលបានអនុវត្តចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាមក នឹងផ្តន្ទាទោស ចំពោះអ្នកប្រព្រឹត្តិល្មើស ដែលមានការផាកពិន័យជាប្រាក់ចាប់ពី ៤សែនបាត ទៅ៨សែនបាត ឬប្រហែលពី១ម៉ឺនដុល្លារ ទៅជាង២ម៉ឺនដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២៨ ខែមិថុនា មានករណី ចាប់បានពលករខ្មែរ១៨៣នាក់ ពុំមានឯកសារបញ្ជាក់ត្រឹមត្រូវ ក្នុងចំណោមពលករខ្មែរ២២៥នាក់។ ពលករខ្មែរដែលពុំមានឯកសារ ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍ ដើម្បីបញ្ជូនមកប្រទេសកម្ពុជា ចំណែកពលករ ដែលមានប័ណ្ណការងារពណ៌ស៊ីជម្ពូរ តែធ្វើការខុសកន្លែង និងមានប័ណ្ណអនុញ្ញាតការងារក្លែងក្លាយ នឹងត្រូវបញ្ជូនឡើងតុលាការ។

លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់សង់ត្រាល់មិនអាចទាក់ទងបានទេនៅថ្ងៃទី២៩ ខែមិថុនានេះ។ ប៉ុន្តែជុំវិញបញ្ហាខាងលើនេះលោកធ្លាប់បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា មូលហេតុ ដែលពលករខ្មែរ ធ្វើការនៅប្រទេសថៃខុសច្បាប់ច្រើន ដោយសារតែនីតិវិធីក្នុងការជ្រើសរើស និងការបញ្ជូនពលករនៅមានភាពស្មុកស្មាញនៅឡើយ៕

website_news/20173006005.txt · Last modified: 2017/06/30 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki