website_news:20173006006

វិចារណកថាៈ រឿងសមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរ ត្រឡប់មកស្រុកវិញ

http://www.daem-ampil-news.html សុក្រ, ៣០ មិថុនា ២០១៧ 12:18 ដោយ: វាសនាដារ៉ាវិជ័យ ID:012

រឿងសមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរ ត្រគលប់មកស្រុកវិញ គឺជារឿងដែលកំពុង ធ្វើឲ្យមជ្ឈដ្ឋាននានា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះពលករខ្មែរដែលត្រូវសមត្ថិច្ច ថៃចាប់បញ្ជូនមកវិញ កំពុងប្រឈមនឹង ការលំបាកសព្វបែបយ៉ាង។ មូលហេតុដែលធ្វើឲ្យពល ករខ្មែរឆ្លងដែនខុសច្បាប់ គឺដោយសារ នៅក្នុងស្រុកខ្មែរ គ្មានការងារធ្វើដែលអាចរកចំណូល បានសមរម្យ ទើបពួកគាត់ចាញ់បោកមេខ្យល់ នាំឆ្លងដែនខុសច្បាប់ ចូលទៅរកការងារធ្វើលើ ទឹកដីថៃដើម្បីបានប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ជាអកុសលនៅពេលដែល ប្រទេសថៃត្រូវអនុវត្តន៍នូវវិធានការថ្មី ដើម្បីពង្រឹងសន្តិសុខសង្គម ទើបពលករខ្មែរសរុបរាប់ពាន់ រាប់ម៉ឺននាក់ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូន ត្រឡប់មកស្រុកវិញ ជាបន្តបន្ទាប់ ។

មួយរយៈកន្លងទៅនេះសមត្ថកិច្ចថៃ បានចាប់បញ្ចូនពលករខ្មែរ ដែលឆ្លងដែនខុស ច្បាប់ចូលទៅរកការងារ ធ្វើនៅប្រទេសថៃ បញ្ជូនត្រឡប់មកស្រុកខ្មែរវិញយ៉ាងគំហុក ហើយអ្នកខ្លះ ត្រូវសមត្ថកិច្ចថៃ តាមចាប់ខ្លួនដល់ កន្លែង ស្នាក់នៅទៀតផង។ សកម្មភាព ដែលតម្រួតថៃដេញចាប់ពលករខ្មែរ ដូចសត្វធាតុគឺជាបញ្ហាមួយគួរ ឲ្យកត់សម្គាល់និងជាមេ រៀនដ៏សំខាន់ផងដែរដើម្បីកុំឲ្យពលករខ្មែរចាញ់បោកក្រុមមេខ្យល់ ហើយឆ្លងដែន ខុសច្បាប់ ចូលក្នុងទឹកដីថៃតទៅទៀត។ ជាពិសេសមន្ត្រីអាជ្ញាធរនៃបណ្តាខេត្តជាប់ព្រំដែន ក៏ដូចជា ក្រសួង និងស្ថាប័នពាក់ព័ន្ធចាត់វិធានការ ទប់ស្កាត់ឲ្យខាងតែបាន ចំពោះករណីពលករខ្មែរឆ្លង ដែនខុសច្បាប់ ។ លើសនេះទៅទៀតសមត្ថកិច្ចខិលខូច ដែលបើកច្រកព្រំដែន ឬច្រករបៀងឲ្យ ពលករខ្មែរឆ្លងដែនខុសច្បាប់ ត្រូវតែប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់។

កាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៧ សមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរក្មេងចាស់ ប្រុសស្រី ត្រឡប់មក ស្រុកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួនជាង៦០០នាក់ ស្រប ពេលដែលសមត្ថកិច្ចថៃ កំពុងអនុវត្តន៍ វិធានការថ្មីក្នុងប្រទេសរបស់ខ្លួន។ មន្ត្រីច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានឲ្យដឹងថាជារៀងរាល់ថ្ងៃ សមត្ថកិច្ចថៃ តែងចាប់បញ្ចូនពលករខ្មែរត្រឡប់មក ស្រុកវិញចន្លោះពី១០០ទៅ១៥០នាក់ សម្រាប់ពលករខ្មែរ ដែលឆ្លងដែន ខុសច្បាប់។ ចំណែក ពលករខ្មែរដែលឆ្លងដែន ស្របច្បាប់មានក្រុមហ៊ុនធានា ការពារត្រឹមត្រូវគឺសមត្ថកិច្ចថៃ មិនចាប់បញ្ជូនត្រឡប់មកវិញទេ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ ព័ន្ធចាត់ វិធានការ ទៅលើសមត្ថកិច្ចតាមច្រករបៀងនិងច្រកព្រំដែនដែលឃុបឃិតបើកច្រកឲ្យ ពលករឆ្លងដែនខុសច្បាប់ ហើយទីបំផុតពលករខ្មែររាប់ពាន់រាប់ម៉ឺននាក់ក្លាយជាជនរងគ្រោះ ត្រូវប្រឈមនឹងគ្រោះថ្នាក់សព្វបែបយ៉ាង។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ច្រករបៀង ដែលគ្រប់គ្រង ដោយនគរបាលវរការពារព្រំដែនលេខ៨៩១ លេខ ៩១១និងលេខ៨១៥ នៅតែមានសមត្ថកិច្ច ពុករលួយឃុបឃិតបើកឲ្យពលករខ្មែរឆ្លងដែនខុស ច្បាប់ចូលទឹកដីថៃយ៉ាងអនាធិបតេយ្យ។ សូម្បីតែនៅច្រក អូរបីជាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ដែលគ្រប់គ្រងដោយយោធាយោធភូមិភាគ៥ ក៏មានបើកឲ្យពលករខ្មែរ ឆ្លងដែនខុស ច្បាប់យ៉ាងពេញបន្ទុកដែរ ហើយមិនទាន់ឃើញមេបញ្ជាការយោធាយោធភូមិភាគ៥ ចាត់វិធាន ការទប់ស្កាត់នៅឡើយទេ ។ ប្រការនេះហើយដែលធ្វើឲ្យ ករណីពលករខ្មែរឆ្លងដែនខុសច្បាប់ ចូលទៅរកការងារ ធ្វើលើទឹកដីថៃនៅតែបន្តកើតឡើងឥតឈប់ឈរ ហើយត្រូវសមត្ថកិច្ច ថៃចាប់បញ្ជូនត្រឡប់មកស្រុកវិញ ជាបន្ត បន្ទាប់ ជាពិសេសតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនមួយចំនួនក្នុងខេត្តបាត់ដំបង។

ជុំវិញបញ្ហាខាងលើនេះមជ្ឈដ្ឋាននានា បានលើកឡើងថាបើសមត្ថកិច្ចតាមច្រកព្រំដែន និងច្រករបៀង ក្នុងខេត្ត បាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀតមិន ឃុបឃិតជាមួយជាមួយមេខ្យល់ បើកច្រក ឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ទេនោះ គឺពលករ ខ្មែរមិនអាចឆ្លងដែនខុសច្បាប់បានឡើយ។ សមត្ថកិច្ចតាម ច្រកព្រំដែននិងច្រករបៀងក្នុងក្រុង ប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ ត្រូវគេដឹងថា ជាអ្នកឃុបឃិតឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ យ៉ាងពេញបន្ទុកនាពេលកន្លងមក ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ។ ប្រការនេះជារឿងដែលអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តបន្ទាយ មិនអាចបិទបាំង បានទេ ព្រោះបណ្តាញព័ត៌មាននានាបានផ្សព្វផ្សាយ ជាសារធារណៈរួចទៅ ហើយដើម្បីឲ្យក្រសួង និងស្ថាប័ន ពាក់ព័ន្ធចាត់វិធានការ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ៕

website_news/20173006006.txt · Last modified: 2017/08/24 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki