website_news:20173006008

ពលករខ្មែរជិត ១ ពាន់នាក់ត្រូវថៃបញ្ជូនមកស្រុក

http://www.phnompenh-post-news.html Fri, 30 June 2017

ភ្នំពេញៈ យ៉ាងហោចណាស់មានពលករខ្មែរមិនស្របច្បាប់ជិតមួយពាន់នាក់ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនឲ្យត្រឡប់មកកម្ពុជាវិញក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ខណៈមួយចំនួនកំពុងប្រឈមមុខនឹងតុលាការ។ នេះបើតាមមន្ត្រីសម្របសម្រួល និងទទួលពលករកាលពីម្សិលមិញ។

លោកស្រី ជាម៉ានិត ប្រធានមជ្ឈមណ្ឌលសម្របសម្រួល និងទទួលពលករបានថ្លែងថាពលករសរុប ៦៤៧ នាក់ត្រូវបាននិរទេសតាមរថយន្ត ១៣ គ្រឿងពីម្សិលមិញ ខណៈ ៤២ នាក់ត្រូវបានបញ្ជូនទៅតុលាការថៃតាងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ លោកស្រីបានបន្តថា៖ «ពលករចំណាកស្រុកបានប្រាប់ថាពួកគេជាទូទៅធ្វើការក្នុងផ្នែកសំណង់ និងកសិកម្ម»។ «អាជ្ញាធរថៃបាននិរទេសពួកគេ…ដោយសារពួកគេមិនមានឯកសារស្របច្បាប់»។

លោក ស៊ិន ណាំយៀង មន្ត្រីនគរបាលនៅប៉ោយប៉ែតបានថ្លែងថាមានរថយន្ត ៥ គ្រឿងបន្ថែមទៀតដែលដឹកពលករពី ៥០ ទៅ ៦០ នាក់ក្នុងមួយឡានៗត្រូវបាននិរទេសពីម្សិលមិញ ហើយបើសរុបទៅមានពី ២៥០ ទៅ ៣៥០ នាក់។ លោកថា៖ «ពួកគេភាគច្រើនមកពីខេត្ត ឈុនប៊ូរី និង សារ៉ាប៊ូរី ហើយកំពុងធ្វើការផ្នែកសំណង់ និងរោងចក្រអាហារ»។

អ្នកស្រី ជុនទីចា តាំង មន្ត្រីកម្មវិធីនៅមូលនិធិសិទ្ធិមនុស្ស និងអភិវឌ្ឍថៃបានថ្លែងតាមអ៊ីមែលថានេះជាការបង្កើន «ការបង្ក្រាបរីករាលដាល» មួយ។ អ្នកស្រីបានថ្លែងថា បញ្ហានេះមួយផ្នែកមកពីសម្ពាធអន្តរជាតិខ្លាំងឡើង។អ្នកស្រីថា៖ «ខ្ញុំគិតថាអ្នកអាចនិយាយថាសម្ពាធអន្តរជាតិ ទាំងរបាយការណ៍ [ជួញដូរមនុស្ស] និងរបាយការណ៍ពិនិត្យរបស់សហភាពអឺរ៉ុបជាកត្តាជំរុញឲ្យខិតខំប្រឹងប្រែងខ្លាំងឡើងក្នុងការជួលពលករចំណាកស្រុក»។

សហភាពអឺរ៉ុបបានចេញកាតលឿងដល់ផ្នែកនេសាទនៅថៃនាឆ្នាំ ២០១៥ ដោយដាក់ឲ្យស្ថិតក្នុងការគ្រប់គ្រងតឹងរ៉ឹងជាងមុន។ កាតក្រហមមានន័យថាហាមប្រាមទាំងស្រុងមិនឲ្យមានការនាំចេញត្រីទៅសហភាពអឺរ៉ុប។ ការនិរទេសនេះបានធ្វើឡើងពីរបីថ្ងៃបន្ទាប់ពីមានការអនុម័តព្រះរាជក្រឹត្យថ្មីមួយរបស់ថៃដែលដាក់ទោសធ្ងន់ជាងមុនទៅលើពលករចំណាកស្រុកគ្មានឯកសារ មេខ្យល់ និងនិយោជក។ ពលករចំណាកស្រុកអាចជាប់ពន្ធនាគារដល់ ៥ ឆ្នាំ និងការពិន័យជិត ៣០០០ ដុល្លារ។

លោក Steve Trent នាយកមូលនិធិយុត្តិធម៌បរិស្ថានបានថ្លែងតាមអ៊ីមែលពីថ្ងៃអង្គារថាព្រះរាជក្រឹត្យនោះ «បង្កើតផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងខ្លាំងជាងមុនរបស់ថៃ…»។ លោកបានថ្លែងថាដើម្បីការពារពលករឲ្យមានប្រសិទ្ធភាពជាពិសេសផ្នែកនេសាទរដ្ឋាភិបាលថៃត្រូវចុះអនុសញ្ញាអង្គការពលកម្មអន្តរជាតិ (ILO) ដែលពាក់ព័ន្ធនឹងសេរីភាពនៃសមាគម និងសិទ្ធិចរចារួម (អនុសញ្ញា C៨៧ និង C៩៨)។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានថ្លែងថាជាមួយនឹងការនិរទេសនេះ «រដ្ឋាភិបាលថៃកំពុងអនុវត្តច្បាប់ពួកគេបង្ក្រាបពលករចំណាកស្រុកខុសច្បាប់»។ លោកថានេះ «គ្មានអ្វីថ្មី» ទេហើយថាស្ថានទូតកម្ពុជានៅថៃផ្តល់សេវាច្បាប់គាំទ្រពួកគេ។ លោកបន្តថា៖ «តំណាងរបស់ស្ថានទូតគ្រោងរួចហើយក្នុងការផ្តល់មេធាវីការពារដើម្បីជួយពលករខុសច្បាប់៕ PS យុន ស៊ីនាថ និង Leonie Kijewski

website_news/20173006008.txt · Last modified: 2017/06/30 15:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki