website_news:2017301001

សម្តេចក្រឡាហោម ជំរុញឲ្យមន្ត្រីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពង្រឹងការងារនិងទប់ស្កាត់ ពលករឆ្លងដែនខុសច្បាប់

http://www.rasmeinews.com/ October 30, 2017

(បន្ទាយមានជ័យ) ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញឲ្យសមត្ថកិច្ចជំនាញទាំងអស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបិទច្រករបៀងទាំងអស់ និងទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ លើសពីនោះគឺទប់ស្កាត់ពលករលួចចូលកាប់ឈើក្រញូងក្នុងទឹកដីថៃ ព្រោះកន្លងមកនេះ មានពលករស្លាប់និងរបួសដោយសារតែកម្លាំងយោធាថៃបាញ់ក្នុង១ថ្ងៃមិនក្រោមពី១ទៅ២នាក់នោះទេ ដែលថ្ងៃខ្លះដល់រហូតដល់៥នាក់ក៏មានដែរ។ សម្តេចក្រឡាហោម ស ខេង អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ។ សម្តេចក្រឡាហោម ស ខេង ជំរុញបែបនេះ ក្នុងឱកាសសម្តេចជាអធិបតីភាព ក្នុងពិធី បញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ។

ក្រៅពីលើកឡើងពីភាពរីកចម្រើននិងសុខសន្តិភាព ពេញលេញទូទាំងប្រទេស នោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ច្រកអន្តរជាតិប៉ោយប៉ែត គឺជាច្រកសេដ្ឋកិច្ចមួយដ៏សំខាន់នៅទិសពាយ័ព្យនៃប្រទេសកម្ពុជាដែលជាប់ព្រំដែនកម្ពុជា-ថៃហើយច្រកនេះសម្រាប់ដោះដូរទំនិញរវាងកម្ពុជា-ថៃ និងជាច្រកភ្ញៀវអន្តរជាតិឆ្លងកាត់ដែលចូលមកកម្ពុជាដ៏សំខាន់។ សម្តេចបានបញ្ជាក់ថា មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបង្កើនការយកចិត្តទុកដាក់ការទំនាក់ទំនងជាមួយប្រទេសជិតខាងធ្វើយ៉ាងណា ឲ្យមានសហប្រតិបត្តិការគ្នាល្អដើម្បីបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងអភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើន។ សម្តេចក្រឡាហោម ក៏បានជំរុញដាស់តឿនឲ្យមន្ត្រីនគរបាលអន្តោរប្រវេសន៍ ត្រូវគោរពនូវតួនាទីរបស់ខ្លូន ឲ្យបានខ្ជាប់ខ្ជួន ត្រូវបំពេញលិខិតស្នាមជូន ប្រជាពលរដ្ឋឲ្យលឿនឆាប់រហ័យ និងអ្វីពិសេសនោះ ត្រូវពង្រឹងកិច្ចសហការល្អជាមួយប្រទេសជិតខាង មិនថាច្រកទ្វារប៉ោយប៉ែតឡើយ ពង្រឹងនូវកិច្ចការការងារបង្ក្រាបទប់ស្កាត់ រាល់បទល្មើសទាំងអស់នៅគ្រប់ច្រកទាំងអស់៕ដោយៈវិបុល/sn

website_news/2017301001.txt · Last modified: 2017/10/30 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki