website_news:2017301003

រដ្ឋមន្ត្រីក្រសួងការងារ ចុះសម្រួលផ្ដល់ភាពស្របច្បាប់ ដល់ពលករខ្មែរ នៅថៃ

http://ann.com.kh/site/news/ ថ្ងៃចន្ទ, 30 ខែតុលា 2017 9:49 ព្រឹក

រាជធានីភ្នំពេញ៖ ក្រុមមន្ត្រី ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ នឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីចុងសប្ដាហ៍កន្លងទៅ បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីត្រួតពិនិត្យ និងកែសម្រួលនីតិវិធីមួយចំនួន ដើម្បីផ្ដល់ភាពស្របច្បាប់ ជូនពលករខ្មែរ នៅទីនោះ។ យោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងការងារបានឲ្យដឹងថា ឯកឧត្តម អ៊ិត សំហេង ដែលក៍ជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា បានអញ្ចើញពិនិត្យមើលដំណើរការផលិតលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេសជូនពលករកម្ពុជា នៅការិយាល័យផ្តល់ភាពស្របច្បាប់នៅផ្សារ Big C Ladphrao ទីក្រុងបាងកកនៃប្រទេសថៃ។

នៅទីនោះឯកឧត្តម ក៏បានសាកសួរពលករដែលមកទទួលសេវា និងបានក្តាប់នូវសំនូមពរជាក់ស្តែង របស់បងប្អូនពលករ ដើម្បីលើកសំនូមពរនេះ ទៅភាគីថៃ និង កែសម្រួលនីតិវិធី ក៏ដូចជាយន្តការផ្តល់សេវា ជូនបងប្អូនឲ្យកាន់តែប្រសើរថែមទៀត។ ជារួមបងប្អូនពលករបានសម្តែងនូវក្តីរីករាយចំពោះរាជរដ្ឋាភិបាល ដែលបានសហការជាមួយភាគីថៃ ធ្វើយុទ្ធនាការផ្តល់ភាពស្របច្បាប់ និងបញ្ជូនក្រុមការងារចល័តមកផលិតឯកសារដល់បងប្អូនពលករដោយផ្ទាល់នៅប្រទេសថៃ ដែលបានផ្តល់នូវភាពងាយស្រួល និងចំណេញពេលវេលា និងថវិកាយ៉ាងច្រើនដល់ពលករ។ បើតាមឯកឧត្តមរដ្ឋមន្ត្រីថា នេះគឺជាជំហាន និងជាជោគជ័យថ្មីមួយទៀត សម្រាប់ការជួយផ្តល់ភាពស្របច្បាប់ដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា៕

website_news/2017301003.txt · Last modified: 2017/10/30 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki