website_news:2017301004

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញក្រុមការងារ ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជានៅថៃ

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, ៣០ តុលា ២០១៧ 12:08 ដោយ: សុទីម៉ា ID:014

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានជំរុញឲ្យក្រុមការងារ របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ត្រូវខិតខំបង្កើនផលិតភាពការងារ ជូនពលករខ្មែរបន្ថែមទៀត ដើម្បីពួកគាត់ឆាប់ទទួលបាន ផ្តល់ភាពស្របច្បាប់។

ក្នុងឱកាសជួបប្រជុំ និងត្រួតពិនិត្យការងារ របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាកំពុងស្នាក់នៅ និងធ្វើការនៅថៃ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក លោក អ៊ិត សំហេង បានថ្លែងថា ត្រូវបង្កើនផ្តល់សេវាជូនពលករ ដែលបានមកបើកផ្តល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ (TD) និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេស (OCWC) និងពលករដែលមកស្នើសុំ បញ្ជាក់អត្តសញ្ញាណ ពីក្រុមការងារអន្តរក្រសួងចល័តទាំង៣ ការិយាល័យ នៅទីក្រុងបាងកក ខេត្តរ៉ាក់យ៉ង និងខេត្តសុងក្លា ឲ្យបានកាន់តែល្អប្រសើរថែមទៀត។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត ដល់មន្ត្រីមក ពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារ ជាពិសេសក្នុងយុទ្ធនាការ បញ្ជាក់អត្តសញ្ញាណដល់ពលករកម្ពុជា ដែលទើបនឹងចាប់ផ្តើម នាពេលថ្មីៗ ប្រកបដោយស្មារតីទទួលខុសត្រូវ។ លោកថា នេះគឺជាជំហាន និងជាជោគជ័យថ្មីមួយទៀត សម្រាប់ការជួយផ្តល់ភាពស្របច្បាប់ ដល់ពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅថៃ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ បានបង្កើតក្រុមការងារអន្តរក្រសួងចល័ត ដែលមាន៣ការិយាល័យ នៅទីក្រុងបាងកក ខេត្តរ៉ាក់យ៉ង និងខេត្តសុងក្លា៕

website_news/2017301004.txt · Last modified: 2017/10/30 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki