website_news:2017301005

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញពិនិត្យមើល ដំណើរការ ផលិតលិខិតធ្វើដំណើរ និងប័ណ្ណពលករ ជូនពលករកម្ពុជា នៅប្រទេសថៃ

https://www.dap-news.com/kh/ សៅរ៍, ២៨ តុលា ២០១៧ 17:06 ដោយ: ដើមអម្ពិល ID:013

ភ្នំពេញ៖ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការ ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា កំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញពិនិត្យមើលដំណើរការ ផលិតលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេស ជូនពលករកម្ពុជា នៅការិយាល័យផ្តល់ភាពស្របច្បាប់ នៅផ្សារ Big C Ladphrao ទីក្រុងបាងកកនៃប្រទេសថៃ។ ក្នុងដំណើរចុះពិនិត្យនេះលោករដ្ឋមន្រ្តីបានសាកសួរពលករ ដែលមកទទួលសេវា និងបានក្តាប់នូវសំណូមពរជាក់ស្តែង របស់បងប្អូនពលករ ដើម្បីលើកសំនូមពរនេះ ទៅភាគីថៃ និង កែសម្រួលនីតិវិធី ក៏ដូចជាយន្តការផ្តល់សេវា ជូនបងប្អូន ឲ្យកាន់តែប្រសើរថែមទៀត។ ជារួម បងប្អូនពលករ បានសម្តែងនូវក្តីរីករាយ ចំពោះរាជរដ្ឋាភិបាល ដែលបានសហការជាមួយភាគីថៃ ធ្វើយុទ្ធនាការផ្តល់ភាពស្របច្បាប់ និងបញ្ជូនក្រុមការងារចល័ត មកផលិតឯកសារដល់បងប្អូនពលករ ដោយផ្ទាល់ នៅប្រទេសថៃ ដែលបានផ្តល់នូវភាពងាយស្រួល និងចំណេញពេលវេលា និងថវិកាយ៉ាងច្រើនដល់ពលករ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានផ្តល់ការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់មន្ត្រីមកពីគ្រប់ស្ថាប័នទាំងអស់ ដែលបានខិតខំបំពេញការងារ យុទ្ធនាការនេះ កបដោយស្មារតីទទួលខុសត្រូវ៕

website_news/2017301005.txt · Last modified: 2017/10/30 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki