website_news:2017301104

ពលករខ្មែរជាង៨០នាក់ ត្រូវតម្រួតថៃចាប់ឃាត់ខ្លួន ខណៈកំពុងកាប់ឈើគ្រញូង

http://www.arey-news.com/archives/ (ថ្ងៃទី 30 November 2017 ម៉ោង 8:30 am)

ថៃៈ យោងតាមការផ្សាយរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៨ថៃ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានការស្ទាក់ចាប់ពលករខ្មែរ ដែលបានលបលួចចូលទៅកាប់ឈើគ្រញូងក្នុងតំបន់ឧទ្យានជាតិ ថាប់ឡាន ស្ថិតនៅចំណុចណងបូស ក្នុងភូមិ២០ ឃុំគូសក្រាក់ឆាយ ស្រុកខនបុរី ខេត្តនគររាជសីមា ប្រទេសថៃ។

ពលករខ្មែរជាច្រើននាក់ ត្រូវបានក្រុមតម្រួតថៃ សហការជាមួយនឹងកម្លាំងជំនាញធ្វើការឡោមព័ទ្ធចាប់ខ្លួនបានជាបន្តបន្ទាប់ ខណៈពួកគេប្រមាណជាង១០០នាក់ ត្រូវបានមេក្លោងខ្មែរ ថៃ ដឹកនាំឆ្លងដែរ និងលបលួចចូលទៅកាន់ឈើគ្រញូងក្នុងតំបន់ហាមឃាត់។ សមត្ថកិច្ចថៃបានធ្វើការ ឃាត់ខ្លួនជនជាតិខ្មែរបានចំនួន៣៩នាក់ ព្រមទាំងបានដកហូតឈើគ្រញូងជាច្រើនដុំផងដែរ ដោយវត្ថុតាងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អង្គភាពជំនាញ នៃខេត្តស្រះកែវ ប្រទេសថៃ ហើយកម្លាំងចម្រុះថៃ ដែលមានតម្រួត រដ្ឋបាលព្រៃឈើ នឹងក្រុមអភិរក្សព្រៃឈើក្នុងតំបន់ឧទ្យានជាតិ។ លុះនៅយប់ថ្ងៃទី២៨ ខែឆ្នាំដដែល កម្លាំងចម្រុះថៃ បានធ្វើការរុករក និងឈានដល់ការចាប់ខ្លួនជនជាតិខ្មែរ និងថៃ បន្ថែមទៀត ដែលកិច្ចប្រតិបត្តិការលើកទី២នេះ កម្លាំងបានឃាត់ខ្លួនបាន៤៥នាក់ ដោយបាននាំខ្លួនទៅកាន់អង្គភាពជំនាញក្នុងខេត្តស្រះកែវ ដើម្បីសាកសួរ។

ជនសង្ស័យបានសារភាពថា ពួកគេសរុបប្រមាណជាង១០០នាក់ ត្រូវបានមេក្លោងខ្មែរ និងថៃ បាននាំលួចឆ្លងដែនតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តស្រះកែវ ដោយបានបន្តដំណើរលបចូលទៅកាន់តំបន់ហាមឃាត់នេះ ក្នុងគោលបំណងឲ្យកាប់ឈើ និងជញ្ជូនឈើទាំងនេះចេញមកខាងក្រៅ ដោយទទួលបានកម្រៃក្នុងឈើមួយគីឡូក្រាមចំនួនពី១៥០បាត ទៅ២០០ បាត។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមេក្លោង ដែលនៅពីក្រោយខ្នង ដើម្បីនាំខ្លួនយកមកសាកសួរតាមនីតិវិធីច្បាប់៕

website_news/2017301104.txt · Last modified: 2017/11/30 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki